តារាស្រីស្អាត៣ដួង ដែលធ្វើឱ្យ ជ័យ សុវ៉ាត ពិបាកសម្រេចជ្រើសរើស
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ប្រសិនបើធ្លាប់តាមដានជុំវិញពីភាពស្និតស្នាលគ្នារវាងតារាចម្រៀងស្រី៣ដួង ជាមួយតារាប្រុស ជ័យ សុវ៉ាត ឃើញថា ម្នាក់ៗសុទ្ធតែមានភាពសមគ្នាធ្វើដៃគូ។ បើទោះជាម្នាក់ៗនៅទ្រនំផ្សេងៗគ្នា តែសម្ព័ន្ធភាពនៅខាងក្រៅឃើញថា ធ្វើអោយគេចាប់អារម្មណ៍។
តារាស្រីទាំង៣ដួង ដែលធ្លាប់ជាដៃគូសម្តែងរបស់ប្រុសស្អាត ជ័យ សុវ៉ាត គឺ ចែម ស្រីល័ក្ខ,ហ៊ិន លីដា និង សុវត្ថិឌី ធារិកា។ ពួកនាងទាំង៣ដួង ធ្លាប់ធ្វើជាដៃគូសិល្បៈរួមគ្នា ហើយសុទ្ធតែមានសភាពលេចធ្លោម្តងម្នាក់ មិនអន់ជាងគ្នា។

ជ័យ សុវ៉ាត និង ហ៊ិន លីដា ចាប់ដៃគូចម្រៀងតាំងពីប្រឡងចម្រៀងនៅអប្សរា «ផ្កាយរះក្នុងសួន»។ ក្រោយមកដឹកដៃគ្នាសម្តែងតាមឆាកធ្វើឱ្យគេស្គាល់។ ជាមួយចែម ស្រីល័ក្ខ សុវ៉ាត ក៏ក្លាយជាដៃគូចម្រៀងដ៏ពូកែម្នាក់ដែរ ដោយធ្លាប់សម្តែងតាមឆាកផ្សេងៗ និងនិយាយពីការអប់រំនៅតាមរោងចក្រ។ ពួកគេផ្ទុះបទ «ស្រឡាញ់គ្នាដល់កាន់ឈើច្រត់» ។ ឯស្រីស្រស់តូចតន់ សំឡេងផ្អែម ធារិកា ក៏ហក់ចូលមកដឹកដៃ ជ័យ សុវ៉ាត ដោយក្របួចហោះទៅច្រៀងនៅប្រទេសកូរ៉េ ទទួលបានសារគាំទ្រខ្លាំង រហូតក្លាយជាគូចម្រៀងដ៏ល្អម្នាក់ដែរ។
តារាចម្រៀងឈរលើភាពលេចធ្លោនៅសាន់ដេរ ជ័យ សុវ៉ាត លើកឡើងថា ទាំង៣នាក់ នោះ គឺជាមិត្តភក្តិ សុទ្ធតែសាងស្នាដៃឱ្យមហាជ បានស្គាល់។ ម្ល៉ោះហើយលោកមានការពិបាកថា អ្នកណាល្អជាងអ្នកណា។ អាស្រ័យលើអ្នកដឹកនាំ ឬម្ចាស់កម្មវិធីពេញចិត្តយកដៃគូមួយណា លោកនឹងបំពេញតាមសំណូមពរជូន។
នៅពេលសួរថា ក្រមុំទាំង៣ជាដៃគូ មានចិត្តលួចស្រឡាញ់អ្នកណាជាងគេ ។ សុវ៉ាត បានត្រឹមតែសើចហើយថា ចាំមើលទៅមុខទៀត ព្រោះយើងសុទ្ធតែដៃគូសិល្បៈ មិនទាន់លើសពីនេះបានឡើយ ដោយសារនៅក្មេងៗទាំងអស់គ្នា។ (កែសម្រួលដោយ ៖ បុប្ផា)
















ចែករំលែកព័តមាននេះ