រាជធានីភ្នំពេញ ៖ ប្រិយមិត្តដែលនិយមចូលចិត្តតាមដាននូវកម្មវិធីមុខម្ហូបថ្មីៗ និងប្លែកៗនៅតាមហាងនានានៅក្នុងរាជធានីភ្នំពេញ ប្រាកដជាបានស្គាល់ពិធីការីនី អង ឆុងអ៊ី ដែលមានរាងតូចច្រឡឹង និងសម្បុរស្រអែមស្រស់ ហើយនាងតែងតែធ្វើឲ្យលោកអ្នកស្រក់ទឹកមាត់ ពេលឃើញមាត់របស់នាងភ្លក់ម្ហូបម្តងៗនោះ ។

នៅពីក្រោយភាពជោគជ័យរបស់នាង គឺនាងបានហែលឆ្លងកាត់នូវឧបសគ្គជាច្រើន រាប់តាំងពីការរិះគន់ខ្លះជាការរិះគន់របៀបបំបាក់ទឹកចិត្តនាងតែម្តង ។

នាង អង ឆុងអ៊ី ពិធីការិនីនៃកម្មវិធីម្ហូបដ៏លេចធ្លោនៅកម្ពុជា FaceTaste កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់មហាជន ជាពិសេសក្នុងចំណោមក្រុមយុវវ័យតែម្តង ដោយសារតែពេលនាងបង្ហាញនូវមុខម្ហូបពេល ណាក៏ធ្វើឲ្យអ្នកទស្សនាមានអារម្មណ៍ថា ឃ្លាន និងចង់ទទួលទានម្ហូបដែលនាងភ្លក់តែម្តង ពីព្រោះមើលទៅការភ្លក់ម្ហូបរបស់នាង គឺឃើញថា មុខម្ហូបសុទ្ធតែឆ្ងាញ់ៗ ។

ពិធីការិនី មាត់ពូកែញាំ មិនចេះធាត់រូបនេះ និងបានភ្លក់ម្ហូបជាង ១០០០ហាង គឺជានិស្សិតទើបតែបញ្ជាប់ការសិក្សផ្នែកទីផ្សារនៅឯសកលវិទ្យាល័យមួយកន្លែងនៅក្រុងភ្នំពេញ បានបង្ហើបប្រាប់សារពត៌មានកោះសន្តិភាពថា ទម្រាំនាងដើរមកដល់ថ្ងៃនេះ គឺរូបនាងជួបឧបសគ្គជាច្រើន ស្ទើតែបោះបង់អាជីពមួយនេះចោលទៅហើយ ដោយសារតែទទួលបានការរិះគន់ពីមហាជនខ្លាំងៗខ្លះបង្អាប់ តែក៏មានខ្លះសរសើរនាងផងដែរ ជាពិសេសពេលទៅជួបម្ទាស់ហាងម្តងៗ គេបែរជាថា អោយទៅវិញ ។

កញ្ញា អង ឆុងអ៊ី បានបន្តថា « ចេញវីដេអូដំបូងខ្ញុំស្ទើរតែបោះចោលអាជីពនេះទៅហើយ ពីព្រោះតែទទួលបានការខមមិន មិនចូលចិត្តពីយើងច្រើនធ្វើអោយអារម្មណ៍របស់ខ្ញុំពិបាកនឹងទទួលយក ពីការរិះគន់របស់ពួកគាត់ » ។

ដោយមានការជួយជ្រោមជ្រែង និងលើកទឹកចិត្តពីក្រុមការងារ ពិធីការិនីភ្លក់ម្ហូបវ័យ ២២ឆ្នាំរូបនេះក៏សម្រេចចិត្តបន្តធ្វើនូវអាជីពមួយនេះនៅក្នុងចំណោមមនុស្សជាច្រើន និងកាត់បន្ថយការអៀនខ្មាស់ ជាពិសេសឈប់អានខមមិនណា ដែលរិះគន់មិនមែនក្នុងន័យស្ថាបនា រហូតនាងទទួលបានប្រជាប្រិយភាព និងមានអ្នកស្គាល់ជាច្រើន មកដល់សព្វថ្ងៃនេះ ។

យ៉ាងណាមិញ មានបទពិសោធន៍នៅក្នុងអាជីពមួយនេះរហូតដល់ទៅ៥ឆ្នាំ កញ្ញាអង ឆុងអ៊ី មានគោលបំណងចង់បង្កើតអាជីវកម្មផ្ទាល់ខ្លួនមួយនាពេលអនាគត ហើយនៅតែបន្តការងារជាពិធីការិនីភ្លក់ម្ហូបមួយនេះរហូតទៅ ប្រសិនជាថ្ងៃមុខនៅតែមានអ្នកចូលចិត្ត និងគាំទ្ររូបនាង ។

ជាចុងក្រោយ ពិធីរនីសម្បុរស្រអែមរូបនេះបានលើកចិត្តទៅដល់យុវវ័យថា «សូមឲ្យយុវវ័យយើង គឺត្រូវតែមានភាពក្លាហាន និងកុំអៀនខ្មាស់ច្រើន ប្រសិនជាស្រលាញ់អាជីពមួយនេះ ជាពិសេសត្រូវទទួលយកនូវការរិះគន់ណាដែលអាចអភិវឌ្ឍន៍នូវអាជីពដែលខ្លួនស្រលាញ់ ។ សម្រាប់ការរិះគន់បែបជាន់ពន្លិចក៏មិនត្រូវយកចិត្តទុកដាក់ដែរ » ៕
ចែករំលែកព័តមាននេះ