បុណ្យ៧ថ្ងៃ Mr Queen ថ្ងៃនេះ! តារាមួយចំនួនខ្វល់ចិត្តខ្លាចអត់មនុស្សមកចូលរួម
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ជុំវិញរឿងរ៉ាវតារាភេទទី៣ Mr Queen ដែលបានលាចាកលោក ដោយភាពកម្សត់ និងមិនសូវមានសាច់ញាតិមកចូលរួមក្នុងពិធីបុណ្យសពធ្វើឱ្យគេអាណិត ក្រោយមកក៏ឃើញមានសិល្បករមួយចំនួន បានខ្នះខ្នែងទៅជួយគ្នាតាមលទ្ធភាព និងកម្លាំងដែលមាន ប៉ុន្តែក្តីបារម្ភកើតមានឡើងនៅពេលបុណ្យ៧ថ្ងៃ ដោយខ្លាចមិនមានអ្នកណាមកចូលរួម ហើយបើចឹងមែននោះរឹតតែកម្សត់ថែមទៀត ។

នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០នេះ គឺគម្រប់បុណ្យ៧ថ្ងៃរបស់អតីតតារាសម្តែងភេទទី៣ Mr Queen ដែលបានចែនឋាន ព្រោះតែជំងឺរោគា ។ តារាដែលចែកឋាននេះ មានភាពកម្សត់ណាស់ មិនសូវមានសាច់ញាតិ ហើយពិធីបុណ្យសពសម្រេចដោយជោគជ័យក្រោម ការខ្នះខ្នែងពីមិត្តសិល្បករ ខំសហការគ្នាទាំងប្រកូកក្រកាស។
មានការព្រួយបារម្ភយ៉ាងខ្លាំងថា ពិធីបុណ្យគម្រប់៧ថ្ងៃ របស់ Mr Queen អាចនឹងស្ងាត់ជ្រងំ ប្រសិនបើមិនមានញាតិមិត្តចូលរួមនោះទេ។ ហើយរោងពិធីដែលរៀបចំនៅបរិវេណវត្តអង្គតាមិញ នឹងកម្សត់ម្តងទៀត ហើយដួងវិញ្ញាណក្ខន្ធរបស់លោកឃ្វីន នឹងមិនស្ងប់នោះឡើយ។ ទោះបីជាយ៉ាងណា លោកបញ្ញា សិទ្ឋិ ដែលមានទឹកចិត្តអាណិតមិត្តភក្តិ បានអំពាវនាវឱ្យអ្នកដែលធ្លាប់ស្គាល់តារាអភ័ព្ទរូបនេះ មេត្តាចូលរួមសាងកុសលទាំងអស់គ្នា ទោះតិចក្តីច្រើនក្តី ធ្វើមិចនេះជាវាសនារបស់គាត់។

តារាកំប្លែង កញ្ញា យ៉េយ៉េ មិនត្រឹមតែបង្ហោះអំពាវនាវប៉ុណ្ណោះទេ នាងថែមទាំងចេញមុខប្រកាសតាមគ្រុប ដើម្បីអោយមានការចាប់អារម្មណ៍ចំពោះពិធីបុណ្យសព៧ថ្ងៃនេះផង។ មិនខុសគ្នាដែល លោក អ៊ឹម ជីវ៉ា ដែលជួយខ្នះខ្នែងមួយរូប ក៏បារម្ភពីភាពស្ងាត់ជ្រងំដែរ។
ឯតារាសម្ដែងលោក គន់ រៀមរតនៈ វិញ ក៏បានបង្ហោះសារដែរថា « រួចរាល់ហើយសំរាប់ជូនដំណើរចុងក្រោយបង Mr.Queen ៧ថ្ងៃ ថ្ងៃស្អែក។ សូមវិញ្ញាណក្ខន្ធបង បានស្ងប់សុខផងចុះ នឹងអោយពរជ័យដល់មហាជន សប្បុរសជន បងប្អូនអ្នកសិល្បៈទាំងអស់ដែរបានជួយបងតាំងពីដើមរហូតដល់ទីបញ្ចប់ អោយបានសុខចំរើនទាំងអស់គ្នាផង។ អរគុណអ៊ី លក់កោដ្ឋនៅផ្សារទូលទំពូង បានលក់បញ្ចុះតំលៃអោយយ៉ាងពិសេសសំរាបរាល់សពដែលក្រខ្សត់ខ្វះខាត»។

ងាកទៅតារាសម្ដែងភេទទី៣ កញ្ញា មុត សុវណ្ណារិទ្ធិ គឺមិនត្រឹមតែអំពាវនាវទេ នាងថែមទាំងចេញមុខទៅធ្វើរោងជូន Mr.Queen ដល់យប់ជ្រៅ ដើម្បីបង្ហាញទឹកចិត្តក្នុងការខ្នះខ្នែងនោះផង។
ទោះបីយ៉ាងណា ក៏នៅមានការចាប់អារម្មណ៍ថា ពិធីបុណ្យមួយនេះ នឹងមានអ្នកសិល្បៈ និងបណ្ដាភ្ញៀវចូលរួម ដោយសារតែអ្នកសិល្បៈខាងលើចេញមុខអំពាវនាវ ហើយក៏ជាសញ្ញាមួយប្រាប់មហាជនថា សិល្បៈមិនចោលគ្នា ទោះកាលៈទេសៈណា។ (កែសម្រួលដោយ ៖ បុប្ផា)














ចែករំលែកព័តមាននេះ