រាជធានីភ្នំពេញ ៖ ខណៈដែលតារាចម្រៀងជួរមុខនៅកម្ពុជា ម៉េង កែវពេជ្ជតា កំពុងធ្វើដំណើរកម្សាន្តនៅតំបន់ព្រៃភ្នំជាមួយកូនស្រីនៅស្រុកខ្មែរ ស្រាប់តែកូនប្រុសច្បងរបស់តារាចម្រៀងរូបនេះបានបណ្តើរឱពុកក្រោយដើរលេងនៅតំបន់ទេសចរណ៍មួយចំនួននៅប្រទេសបារាំងផងដែរ ។

តាមរយៈការបង្ហោះនូវរូបភាពជាច្រើនសន្លឹករបស់កូនប្រុសបណ្តូលចិត្តពេជ្ជ រតនៈ ដែលមានវ័យ ប្រមាណអាយុ១៣ឆ្នាំ លើបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី០៨ កក្កដា ឆ្នាំ២០២០ គេអាចមើលឃើញថា កូនប្រុសច្បងរបស់អ្នកនាងម៉េង កែវពេជ្ជតា បានចម្រើនវ័យពេញកម្លោះមានមុខមាត់ស្រស់សង្ហា ហើយកម្ពស់វិញ គឺខ្ពស់ស្រឡះតែម្តង ។

ជាមួយនឹងរូបថតបង្ហាញពីកូនប្រុសស្រស់សង្ហានោះ អ្នកនាងម៉េង កែវពេជ្ជតា ដែលកំពុងតែរុំព័ន្ធដោយពាក្យបណ្តឹងជាច្រើននៅតុលាការក្រុងភ្នំពេញ ក៏បានសរសេរសារអំពីកូនប្រុសរបស់ខ្លួនដែលមានខ្លឹមសារថា «ដល់វេនកូនប្រុសម្តង គេដើរលេងហើយផុសទាំងឈុតតែម្តង️️ មិនអោយចាញ់ខាងណេះទេ ជូនពរសំណាងល្អរីករាយទាំងអស់គ្នាណាកូន » ។

ងាកទៅអ្នកគាំទ្រអ្នកនាងម៉េង កែវពេជ្ជតា វិញបានបង្ហាញការកោតសរសើរដល់តារាចម្រៀងដែលពោរពេញដោយទេពកោសល្យសិល្បៈថា កូនប្រុសពិតជាសង្ហាខ្លាំងណាស់ ហើយមានដុងនិងទេពកោសល្យសិល្បៈលេងឧបករណ៍សិល្បៈបានល្អដូចម្តាយ ជាដើម ។

អ្នកនាង ម៉េង កែវពេជ្ជតា កាលពីថ្ងៃទី ០៥ កក្កដាក៏បានបង្ហោះរូបភាពដែលអ្នកនាងបាននាំកូនស្រី នាង ពេជ្ជតា សង្វាពេជ្រ ធ្វើដំណើរកម្សាន្តនៅខេត្តរតនគិរីផងដែរ ដោយអ្នកនាងពោលពាក្យយ៉ាងអន្លង់អន្លោចអំពីកូនៗទាំងពីរដែលកំពុងរស់នៅឆ្ងាយពីគ្នាថា «កូនស្រីគាត់ត្អូញថា បានមកដល់កន្លែងសប្បាយៗអញ្ចឹងនឹកបងរតនៈណាស់ ️។ បានឮហើយខ្ញុំរំភើបចិត្ត នឹកសរសើរថាកូនៗចេះស្រលាញ់គ្នា ព្រោះរតនៈក៏តែងប្រាប់ខ្ញុំថា កូននឹកប្អូនណាស់ម៉ាក់អឺយពេលបានអ្វីញាំឆ្ងាញ់ ️សូមព្រះថែរក្សាកូនៗមានក្តីសុខសុភមង្គលវិបុលសុខគ្រប់ប្រការណាមាសម្តាយ » ។

សូមរម្លឹកថា អ្នកនាងម៉េង កែវពេជ្ជតា ក្រោយលែងលៈជាមួយអតីតស្វាមីដែលជាមន្ត្រីជាន់ខ្ពស់ក្នុងជួររាជរដ្ឋាភិបាល នោះគឺអ្នកនាងបានចិញ្ចឹមបីបាច់កូនៗចំនួន ២ រូបគឺ ពេជ្ជ រតនៈ អាយុ ១៣ ឆ្នាំ ដែលមានសមត្ថភាពអាចលេងឧបករណ៍ ទ្រសោ និងព្យាណូ ចំណែកកូនស្រី ពេជ្ជតា សង្វាពេជ្រ ក៏មានសមត្ថភាពខ្ពស់អាចលេង វីយូឡុង និង ទ្រសោ ហើយក៏អាចច្រៀងបានដូចអ្នកម្តាយផងដែរ ។

ជាមួយគ្នានោះផងដែរ ក៏មានប្រភពព័ត៌មានមួយបានបង្ហើបឲ្យដឹងថាអ្នកនាង ម៉េង កែវពេជ្ជតាបានភ្ជាប់និស្ស័យស្នេហ៍ថ្មីមួយទៀតជាមួយបុរសខ្មែរនៅប្រទេសបារាំង ទីកន្លែងដែលកូនប្រុសច្បងនាងកំពុងរស់នៅនិងបន្តការសិក្សានៅទីនោះ ។

អ្នកគាំទ្រមួយរូបក៏បានខមមិនសរសើរដល់ក្មេងៗទាំងពីរថា «យាយសូមបន់ស្រន់អោយ ចៅទាំង2មានសុខភាពល្អ រៀនពូកែ ព្រមទាំងធំឡើងអោយមានសមត្ថភាពខ្លាំង ហើយមានកេរ្តិ៍ឈ្មោះល្បីល្បាញដូចម្តាយចៅ ដើម្បីជួយថែរក្សានឹងបន្តលើកស្ទួយសិល្បះសង្គមខ្មែរ នៅជំនាន់ក្រោយទៀត» ៕
ចែករំលែកព័តមាននេះ