រាជធានីភ្នំពេញ ៖ នៅក្នុងសិល្បៈច្បាស់ណាស់ក្នុងការដណ្តើមយកភាពចាប់អារម្មណ៍ ហើយគ្រប់តួទាំងអស់ត្រូវឆ្លងកាត់ឧបសគ្គជាច្រើន។ អ្នកខ្លះរកការមាក់ងាយពីតារាគ្នាឯង និងមនុស្សផ្សេងទៀត។ ជាក់ស្តែង អ្នកនាង ឈុំ ភួយ ក៏ធ្លាប់រងសម្ពាធបែបនេះដែរ ហើយអ្នកនាងសន្យាថា នឹងយកទេពកោសល្យពីធម្មជាតិច្នៃអោយគេដឹងថា មានកម្រិតប៉ុណ្ណា។

ជាសំណាងមួយ ដែលចែ ភួយ ស្រាប់តែផលិតករជ្រើសរើសអោយធ្វើការក្នុងស្ថាប័ន ទូរទស្សន៍ថ្នាក់ជាតិ។ ការសម្រេចនេះ ដោយសារមើលឃើញថា ចែ ឈុំ ភួយ ជាតារាមាន ទេពកោសល្យពេញខ្លួន។ គាត់ចេះកំប្លែងស្ងួត វោហារដូចទឹក បនបែនលឿន និងចេះច្រៀង ហើយក៏ជាតួសម្តែងដែលមានស្នាដៃថតរឿងច្រើន។ ចំណុចទាំងអស់នេះ ហើយទើបសម្រេចជ្រើស ចែ ឈុំ ភួយ មកបំពេញការងារ ព្រោះមិនងាយមនុស្សណាធ្វើអោយគេសើចបានគ្រប់កាលៈទេសៈនោះទេ។

អ្នកនាង ភួយ គ្រាន់តែជាអ្នកចម្រៀងតាមអាហ្វែការ និងថតភាពយន្តអោយផលិតកម្ម បង្ហាញមុខធម្មតាៗ និងជាសមាជិកគ្រួសារតារាកម្ពុជាម្នាក់ បង្ហាញការងារសង្គមជាមួយមិត្តរួមក្រុម។ ចែ ភួយ និយាយថា នាងពិតជារំភើបណាស់ ដែលបានលោក សុខ សំណាង ជាអ្នកដឹកនាំ កម្មវិធីនាទី «កុន ខ្ញុំ» ផ្តល់តួនាទីជាពិធីការិនីដំណើរការជាមួយ ដួង ម៉ានិច្ច និងលោកសំណាង ដែរ។

អត់ចង់ជឿទេថា រឿងមិននឹកស្មានបានមកដល់ បើទោះនោះជាការតេស្តសាកល្បងសមត្ថភាព៣ខែក៏ពេញចិត្ត។ ថ្ងៃថតដំបូង គឺភ័យញ័រជើង ព្រោះខ្លាចនិយាយលេងសើចកំប្លែងទៅចេញជាការលើសលោះ ព្រោះទូរទស្សន៍ជាតិផ្លូវការ។ នាងនឹងតស៊ូចាប់ឱកាសអោយបាន ដើម្បីពង្រីកស្នាដៃសិល្បៈ និងអរគុណដល់លោក សុខ សំណាង ដែលបានមើលឃើញ ទេពកោសល្យនាង។

រឿងចូលសិល្បៈនេះ នាងស្ទើរតែចង់ដកថយ ដោយសារយើងអត់សូវសម្បូររបស់របរពាក់ល្អៗនឹងគេ ពេលខ្លះតូចចិត្តគេថាយើងអន់ៗ សឹងតែមិនមើលមុខ។ ប៉ុន្តែត្រឹមជាស្ត្រីមេម៉ាយ មានកូន៣នាក់ មើលថែរ នាងមិនខ្វល់ទេ គឺសុខចិត្តទ្រាំ ហើយសប្បាយចិត្តដែលបានការងារសិល្បៈធ្វើរកចំណូលចិញ្ចឹមកូន ទោះបានតិចតួចក៏របស់យើង។ សំខាន់ខំធ្វើការ គោរពពេលយូរៗផលិតករអាណិត ចេះតែហៅថត ពីរបីប្លង់នាយអាយ ជាប់មកមិនដែលបានតួល្អគេទេ គឺតួអ្នកស្រែ ព្រោះសាច់ឈាមសមស្រែណាស់។

ទើបតែជាពិធីការិនីទេ បានគ្រងឈុតស្អាតៗ អរចង់ហោះ ដូចយល់សុបិន្ត ហើយឈុតដែលគ្រងធ្វើការ គឺខ្ចីគេ ថតទាំងអស់ ព្រោះលុយមិនសូវមានទិញនោះទេ ព្រោះអត់ដែលគិតសោះថា ដើរដល់ចំណុចនេះ។ នាងនឹងចងចាំរូបភាពនេះ ទោះថ្ងៃក្រោយបែបណាក៏ដោយ។ (កែសម្រួលដោយ ៖ បុប្ផា)



ចែករំលែកព័តមាននេះ