រាជធានីភ្នំពេញ ៖ក្រសួងវប្បធម៌ និងក្រសួងសុខាភិបាល បានជួបពិភាក្សាគ្នាយ៉ាងល្អិតល្អន់ជុំវិញវិធានការនានា ដើម្បីជាការពន្លឿនការបើកឡើងវិញនូវរោងកុន និងរោងសម្តែងសិល្បៈនានាតាមការស្នើសុំពីម្ចាស់រោងកុន ក្នុងករណីទទួលបានភ្លើងខៀវពីសំណាក់ប្រមុខរាជរដ្ឋាភិបាល។
លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានដឹកនាំប្រតិភូក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចូលជួបពិភាក្សាការងារជាមួយលោកសាស្ត្រាចារ្យបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណ:កម្មការអន្តរក្រសួងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ ក្នុងគោលបំណងពិនិត្យពិភាក្សាលើស្តង់ដាប្រតិបត្តិ ដើម្បីជាវិធានការការពារក្នុងករណីរាជរដ្ឋាភិបាលអនុញ្ញាតបើកឲ្យដំណើរការឡើងវិញរោងភាពយន្ត ដោយឈរលើគោលការណ៍នៃស្តង់ដាប្រតិបត្តិបង្ការជំងឺឆ្លងកូវីដ១៩ របស់ក្រសួងសុខាភិបាល។

ប្រធាននាយកដ្ឋានភាពយន្តលោក ប៉ុក បូរក្ស បានអះអាងប្រាប់កោះសន្តិភាពតាមសារអេឡិចត្រូនិចជុំវិញលទ្ធផលជំនួបខាងលើនេះថា ក្រសួងទាំងពីរបានឯកភាពគ្នាក្នុងការលើកសំណើរលើការស្នើសុំឲ្យបើករោងភាពយន្តឡើងវិញ ដោយនៅក្នុងនោះក៏មានរោងសម្តែងសិល្បៈនានាផងដែរ។
លោកបញ្ជាក់ថា ភ្ជាប់ជាមួយនឹងការស្នើសុំបើកឡើងវិញនេះដែរ ក្រសួងទាំងពីរក៏បានសិក្សាផងដែរ ទៅលើវិធានការតាមស្តង់ដានានា ដើម្បីទប់ស្កាត់នៃជំងឺកូវីដ១៩នេះ ក្នុងករណីដែលយើងទទួលបានការអនុញ្ញាតពីប្រមុខរាជរដ្ឋាភិបាកកម្ពុជា ឲ្យរោងកុនដំណើរការឡើងវិញនោះ។

លោកបន្ថែមថា ជាមួយគ្នានេះ ក្រសួងក៏បានធ្វើកិច្ចព្រមព្រៀងគ្នាជាមួយវិស័យឯកជនដែលបើកមុខរបររកស៊ីទទួលទានលើរោងភាពយន្ត និងរោងសិល្បៈទាំងអស់ អោយគោរពទៅតាមស្តង់ដាដែលយើងបានរៀបចំពីវិធានការការពារនេះ។ ក្នុងករណីដែលពួកគាត់មិនគោរពតាម គឺយើងមានសិទ្ធិបិទរោងភាពយន្តនោះតែម្តង។
បើតាមលោក ប៉ុក បូរក្ស ជុំវិញវិធានការនេះ គឺយើងបានសិក្សាពីប្រទេសនានាមួយចំនួនមានដូចជា វៀតណាម ថៃ ម៉ាឡេស៊ី និងហ្វីលីពីន ហើយចុងក្រោយនេះយើងក៏បានសិក្សាពីប្រទេសបារាំងផងដែរ ដូច្នេះយើងនឹងធ្វើការទៅលើរឿងនេះជាម្ចាស់រោងកុនបន្ថែមទៀត។

លោកបញ្ជាក់ថា អ្វីដែលយើងបានធ្វើនេះ គឺសុទ្ធតែបានឯកភាពពីម្ចាស់រោងកុន ខណៈពេលដែលគ្រប់រោងកុនទាំងអស់បានរៀបចំទុកជាស្រេចទៅតាមចំណុចដែលយើងបានដាក់ចេញស្ទើរទាំងអស់ ក្នុងករណីដែលរោងកុនត្រូវបានអនុញ្ញាតឲ្យបើកឡើងវិញនោះ។

លោកថា ក្នុងករណីមានការអនុញ្ញាតពីប្រមុខរដ្ឋាភិបាលឲ្យបើករោងកុនឡើងវិញនាពេលណាមួយនោះ ក្រសួងក៏នៅបន្តពិនិត្យ និងតាមដានដោយដាក់មន្ត្រីនៅតាមរោងកុនតាមឃ្លាំងមើលថា តើរោងកុនទាំងអស់នោះបានអនុវត្តតាមគោលការណ៍ដែលបានដាក់ចេញឬយ៉ាងណា? ហើយបើមិនអនុវត្តទេ យើងមិនមានវិធានការបិទតែម្តង។

គួបញ្ជាក់ថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបិទ និងផ្អាកជាបណ្តោះអាសន្នសកម្មភាពការបញ្ចាំងភាពយន្តរាជធានី-ខេត្ត ចាប់តាំងពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ដោយយោងលិខិតលេខ: ៤១សខល របស់ក្រសួងសុខាភិបាល បន្ទាប់ពីមានការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងប្រទេសកម្ពុជា និងបណ្តាលប្រទេសជាច្រើននៅលើសកលលោក៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ