រាជធានីភ្នំពេញ ៖ តួសម្តែងក្នុងបទ «ព្រៃវែងអាក្រក់ត្រង់ណា» នាង ហេង ស្រីពេជ្រ បានបង្ហាញសោកស្តាយយ៉ាងខ្លាំង ក្នុងពេលដែលនាងបានសម្តែងតាមអ្នកដឹកនាំ ដោយបានប្រើប្រាស់ពាក្យសម្តីមើលងាយអ្នកខេត្តព្រៃវែង ខណៈពេលដែលនាងមិននឹកស្មានដល់ចំពោះកំហុសខុសឆ្គងដ៏ធំនេះឡើយ។
នៅកាយវិកាបទចម្រៀងខាងលើ ហេង ស្រីពេជ្រ ដែលបានដើរជាតួអង្គម្តាយ ហើយបានប្រើប្រាស់ពាក្យតិះដៀលអ្នកព្រៃវែងសុទ្ធតែមនុស្សមិនល្អ ក្នុងពេលដែលតួអង្គប្រុសមកដណ្តឹងកូនស្រីរបស់ខ្លួន និងបានបញ្ជាក់ថា ខ្លួនជាអ្នករស់នៅខេត្តព្រៃវែង។

បើទោះបីជាបទចម្រៀងនោះមានខ្លឹមចង់លើតម្កើនអ្នកខេត្តព្រៃវែង ទាញចេញពីការយល់ច្រឡំពីមនុស្សមួយចំនួនតូចក៏ដោយ ប៉ុន្តែសម្រាប់ពាក្យពេចន៍ដែលអ្នកដឹកនាំតម្រូវឲ្យ ហេង ស្រីពេជ្រ និយាយនោះ គឺហាក់មិនសមរម្យ ជាមួយការតិះដៀលអ្នកខេត្តព្រៃវែងយ៉ាងចាស់ដៃ។
យ៉ាងណាក៏ដោយ ក្នុងពេលដែលមានការប្រតិកម្មខ្លាំងពីថ្នាក់ដឹកនាំខេត្តព្រៃវែង ក្រសួងពាក់ព័ន្ធ ជាពិសេសមហាជនដែលជាអ្នករស់នៅខេត្តព្រៃវែងនោះ ហេង ស្រីពេជ្រ បានសម្តែងការពិបាកចិត្ត និងសោកស្តាយយ៉ាងណាខ្លាំង ត្បិតនាងបានសាងកំហុសដោយអចេតនា ដោយសារធ្វើតាមអ្នកដឹកនាំ។

ហេង ស្រីពេជ្រ បានអះអាងប្រាប់កោះសន្តិភាពតាមសារអេឡិចត្រូនិចថា រហូតមកទល់ពេលនេះ នាងពិតជាមានការពិបាកចិត្តយ៉ាងខ្លាំង ក្រោយឈុតដែលនាងសម្តែងនោះបានទទួលប្រតិកម្ម និងរិះគន់ខ្លាំងពីមហាជន ហើយនាងមិនមានពាក្យអ្វីក្រៅពីការសុំទោសនោះដែរ។
នាងបញ្ជាក់ថា «ពេលសម្តែងខ្ញុំគិតដែរ ហើយសួរអ្នកដឹកនាំថា អូនសម្តែងចឹងតិចប៉ះពាល់អារម្មណ៍បងប្អូនទៅ តែអ្នកដឹកនាំថា បងឯងអ្នកសម្តែង ចឹងបងសម្តែងអោយដល់សាច់រឿងខ្ញុំ ហើយបងសម្តែងនេះគឺតាមអ្នកដឹកនាំទេ មិនមែនបងចង់និយាយខ្លួនឯងនោះឡើយ។

បើតាម ហេង ស្រីពេជ្រ ក្នុងនាមនាងជាតួសម្តែងម្នាក់ គឺធ្វើយ៉ាងណាសម្តែងទៅឲ្យសមទៅតាមសាច់រឿង ប៉ុន្តែនៅពេលដែលមានការប៉ះពាល់នាពេលនេះ នាងពិតជាពិបាកចិត្ត និងសុំការលើកលែងអភ័យទោសពីបងប្អូនអ្នកខេត្តព្រៃវែង ត្បិតនាងគ្មានចេតនាណាមួយមើលងាយ និងរើសអើងអ្នកព្រៃវែងនោះឡើយ។
ហេង ស្រីពេជ្រ បានឲ្យដឹងបន្ថែមថា បន្ទាប់ពីឆ្លងកាត់នូវរឿងរ៉ាវមួយនេះ នាងសន្យានឹងមិនសម្តែងអ្វីដែលធ្វើឲ្យប៉ះពាល់ខ្លាំងដូចពេលនេះឡើយ បើទោះបីជាក្នុងនាមជាតារាសម្តែងម្នាក់ត្រូវចេញបទបែន និងអាចសម្តែងតួបានគ្រប់ទម្រង់ទាំងកាច ទាំងស្លូតក៏ដោយ។

ជាការកត់សម្គាល់ បន្ទាប់ពីមានប្រតិកម្មខ្លាំងពីថ្នាក់ដឹកនាំខេត្តព្រៃវែង និងមហាជនជាច្រើននោះ ក្រសួងវប្បធម៌បានធ្វើការកោះហៅអ្នកគ្រប់គ្រងផលិតកម្ម មរតក មេឌៀ មកធ្វើការអប់រំភ្លាមៗ ជាមួយនឹងវិធានការឱ្យផលិតកម្មនេះលុបឆាណែលយូធូបរបស់ខ្លួនចោលទៀតផង។
ចំណាត់ការនេះបានធ្វើឡើង បន្ទាប់ពីរដ្ឋបាលខេត្តព្រៃវែង បានធ្វើលិខិតទៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឲ្យចាត់ការចំពោះបទ «តើអ្នកព្រៃវែងអាក្រក់ត្រង់ណា?» ខណៈពេលរដ្ឋបាលខេត្តព្រៃវែង យល់ឃើញថា បទនេះមានន័យជាការប្រមាថយ៉ាងធ្ងន់មកលើកិត្តិយស សេចក្តីថ្លៃថ្នូរ និងសតិអារម្មណ៍ប្រជាពលរដ្ឋខេត្តព្រៃវែង ។ ចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់ និងអយុត្តិធម៌ មកលើប្រជាពលរដ្ឋខេត្តព្រៃវែង ។ បង្កើតនូវការរើសអើងយ៉ាងធ្ងន់ ចំពោះប្រជាពលរដ្ឋខេត្តព្រៃវែង និងជាសកម្មភាពវិទ្ធង្សនាវប្បធម៌ធ្ងន់ ចំពោះប្រជាជាតិកម្ពុជាផងដែរ៕





ចែករំលែកព័តមាននេះ