រាជធានីភ្នំពេញ៖ ក្រោយរងការរិះគន់យ៉ាងចាស់ដៃពីសំណាក់មហាជន ក៏ដូចជាអ្នកដឹកនាំជាន់ខ្ពស់នៅក្នុងជួររាជរដ្ឋាភិបាលជុំវិញវីដេអូផ្សព្វផ្សាយ (trailer) នូវបទចម្រៀងមួយបទមានចំណងជើងថា «អ្នកព្រៃវែងខុសត្រង់ណា? » ដែលបង្កឲ្យមានការភ័ន្តច្រឡំថា ជាការមាក់ងាយនិងញុះញ៉ង់ឲ្យមានការរើសអើងជាតិសាសន៍ខ្មែរនោះ លោក សយ រតនា ដែលជាអ្នកនិពន្ធទំនុកច្រៀងនិងជាអ្នកបកស្រាយចម្រៀងដ៏ចម្រូងចម្រាស់នេះបានថ្លែងបញ្ជាក់ថា រូបលោក និងក្រុមការងារពុំមានចេតនាទុច្ចរិតណាមួយបង្កឲ្យមានការរើសអើងក្នុងសង្គមឡើយ ជាពិសេសរូបលោកផ្ទាល់ដែលជានិស្សិតពេទ្យ ក៏ជាអ្នកខេត្តព្រៃវែងផងដែរ ។

ថ្លែងនៅក្នុងសន្និសិទ្ធកាសែតនារសៀលថ្ងៃទី ៦ មិថុនា ឆ្នាំ២០២០ ក្រោយជំនួបដោះស្រាយជាមួយនឹងថ្នាក់ដឹកនាំក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោក សយ រតនា បានបកស្រាយថា ចម្រៀង «អ្នកព្រៃវែងអាក្រក់ត្រង់ណា?» គឺលោកមានបំណងតែមួយគត់ធ្វើយ៉ាងណាកុំឲ្យមានការរើសអើងអ្នកព្រៃវែងតែប៉ុណ្ណោះ ។

លោកបានបញ្ជាក់ថា «ការពិតនៅក្នុងបទចម្រៀងមួយនេះ គឺសម្រាប់ខ្ញុំផ្ទាល់អត់មានចេតនាណាមួយសម្រាប់ធ្វើឲ្យមានការរើសអើងរវាងប្រជាជនពីខេត្តមួយទៅខេត្តមួយទេ ។ គោលបំណងខ្ញុំធំបំផុត គឺលុបបំបាត់ បញ្ឈប់រាល់ការរើសអើងនៅក្នុង ។

ប្រជាជនមួយចំនួនតូចគាត់នៅរើសអើង អញ្ចឹងយើងព្យាយាមលុបបំបាត់រាល់ការរើសអើងទាំងអស់ អ៊ីចឹងអ្វីដែលខ្ញុំធ្វើហ្នឹងគឺមានគោលបំណងតែមួយគត់» ។ លោកបានបន្តថា « ព្រោះខ្ញុំក៏ជាអ្នកព្រៃវែងដូចគ្នា អញ្ចឹងអត់មានហេតុផលណាមួយដែលខ្ញុំត្រូវបន្ទោសបង្អាប់ ទេគឺមានតែលើកសរសើរតម្កើងខេត្តខ្លួនឯង » ។

ជាមួយគ្នានោះផងដែរលោក ឈួន សុខលីម តំណាងឲ្យផលិតកម្មមរតក មេឌៀ ក៏បានបង្ហាញនូវការសោកស្តាយចំពោះកំហុសឆ្គង ដោយលោកបានបញ្ជាក់ថា រូបលោកក៏គ្មានហេតុផលធ្វើឲ្យមានការរើសអើងនោះទេ ។ ដូច្នេះលោកក៏បានសុំពុកម៉ែបងប្អុន អព្យាស្រ័យរាល់ការ ។ ការពិតទៅវីដេអូ និង trailer កំហុសបច្ចេកទេស ចេញវីដេអូសម្តីខ្លាំងៗពីតួម្តាយ អ៊ីចឹងខ្ញុំមានការសោកស្តាយចំពោះបញ្ហាហ្នឹង ។

លោក ចំរើន វណ្ណថា ប្រធានលេខាធិការដ្ឋានក្រុមប្រឹក្សាពិន័យបានថ្លែងឲ្យដឹងថាថ្ងៃទី ៦ មិថុនាកន្លងទៅក្រសួងមានជំនួប ជាមួយលោក សយ រតនៈនិងប្អូនឈួន សុខលីម ទាក់ទងនឹងបទចម្រៀងមួយបទ ដែលធ្វើឲ្យប៉ះពាល់ដល់សតិអារម្មណ៍ ជាពិសេសចំពោះបងប្អូនខេត្តព្រៃវែង ។ អ៊ីចឹងបន្ទាប់ពីជំនួបជាង ១ ម៉ោងយើងទទួលបានលទ្ធផលមួយទាំងសងខាងអាចទទួលយកបាន ។

លោកបានបន្តថា បទចម្រៀងចំណងជើងថា «អ្នកព្រៃវែងអាក្រក់ត្រង់ណា?» ដូច្នេះបន្ទាប់ពីស្តាប់ការបកស្រាយរបស់ប្អូននិងស្តាប់អំពីបទចម្រៀងខ្លឹមសារនៃបទចម្រៀងដែលប្អូនបានបង្ហោះនោះ គឺ ចំពោះ trailer ហ្នឹងគឺ និងបទចម្រៀងគឺវាហាក់ឃើញថា បំណងគឺខុសគ្នា ។ ប្អូនគាត់មានប្រសាសន៍ហើយ បទចម្រៀងគឺប្អូនព្យាយាមលើកតម្កើងនិងលុបបំបាត់នូវការរើសអើង ក៏ប៉ុន្តែជាលទ្ធផលរបស់ trailer ហ្នឹងគឺធ្វើឲ្យខុសទៅវិញ បាទវាធ្វើឲ្យប៉ះពាល់ដល់សតិអារម្មណ៍ពលរដ្ឋ» ៕
ចែករំលែកព័តមាននេះ