ផលិតកម្មមរតក មេឌៀ ក្រសួងឱ្យបិទឆាណែល ទោះបីជាបានសុំទោសក្ដី
- ភ្នំពេញ
រាជធានីភ្នំពេញ ៖អ្នកគ្រប់គ្រងផលិតកម្ម មរតក មេឌៀ ត្រូវក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កោះហៅទៅអប់រំ កាលពីរសៀលថ្ងៃទី៦ កក្កដា ឆ្នាំ២០២០ ។ មិនតែប៉ុណ្ណោះតម្រូវឱ្យផលិតកម្មនេះលុបឆាណែលយូធូបរបស់ខ្លួនទៀតផង ។
លោកចំរើន វណ្ណថា ប្រធានលេខាធិការដ្ឋានក្រុមប្រឹក្សាពិន័យ និងលើកសរសើរនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឲ្យដឹងបែបនេះហើយថាក្រៅពីការអប់រំណែនាំពីវិធានមួយចំនួន លើក្រមសីលធម៌តែងនិពន្ធ បានឲ្យធ្វើកិច្ចសន្យាឈប់ប្រព្រឹត្តខុស និងសូមទោសជាសាធារណៈ ។

ឆាណែលរបស់ផលិតកម្មមរតក មេឌៀ ដែលក្រសួងវប្បធម៌ឲ្យលុបនោះ មានអ្នក Subscriber ជិត៤០ម៉ឺននាក់ ។
ចំណាត់ការបែបនេះទោះបីជាលោកឈួន សុខលីម ជាអ្នកគ្រប់គ្រងផេកហ្វេសបុ៊ក ឆាណែលយូធូប និងផលិតកម្មមរតកមេឌៀ បានសុំទោសតាមរយៈលិខិតរបស់ខ្លួនក៏ដោយ ។ វាក៏ជាចំណាត់ការបន្ទាប់ពីប្រតិកម្មរបស់មហាជន និងរដ្ឋបាលខេត្តព្រៃវែង ។

លិខិតដែលធ្វើឡើងកាលពីថ្ងៃទី៦ កក្កដា មុនការចូលខ្លួនទៅក្រសួងវប្បធម៌ លោកឈួន សុខលីម ក្នុងនាមជាអ្នកដឹកនាំផលិត និងជាអ្នកដឹកនាំសម្ដែងបទ «តើអ្នកព្រៃវែងអាក្រក់ត្រង់ណា? បានសរសេរបែបលំទោនលើកម្រាមដៃដប់ «សូមទោសពីចម្ងាយចំពោះអ្នកខេត្តព្រៃវែង ក៏ដូចជាប្រមុខដឹងនាំ មានសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃដែលជាថ្នាក់ដឹកនាំ និងជាកូនអ្នកព្រៃវែង និងជាអនុប្រធានគណបក្ស និងឯកឧត្តមស សុខា ដែលជាថ្នាក់ដឹកនាំចុះជួយខេត្តព្រៃវែង និងប្រមុខ មន្ត្រីតូចធំ អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង និងលោកស្នងការខេត្តព្រៃវែង រួមទាំងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងសមាគមសិល្បករខ្មែរ ដែលមានបងស្រីចន ចន្ទលក្ខិណា និងបងប្រុសហេង ឡុង ជាអ្នកដឹកនាំយើងខ្ញុំ ព្រមទាំងបងប្អូនប្រជាជនទាំងអស់ ទាំងក្នុង និងក្រៅប្រទេស ដែលមានលោកសយ រតនា ជាអ្នកនិពន្ធបទចម្រៀង និងជាអ្នកចម្រៀងច្រៀងបទនេះផ្ទាល់ សូមទោសបងប្អូនជាសាធារណៈនៅថ្ងៃនេះចំពោះបទចម្រៀងមួយបទដែលបានចេញមកមានការវ៉ៃប្រហារ នាំឲ្យមានការរើសអើងជាតិសាសន៍ ដោយចំណេះក្មេងខ្ចី និងការនិពន្ធក្មេងខ្ចី សូមបងប្អូនអត់ទោសដល់ក្រុមការងារយើងខ្ញុំផង ។

យើងខ្ញុំនឹងកែប្រែរាល់កំហុសខុសឆ្គងទាំងប៉ុន្មាន និងមិនបន្តឲ្យមានការរើសអើស មិនសមបែបនេះទៀតទេ សូមថ្នាក់ដឹកនាំទាំងអស់អធ្យាស្រ័យ យើងខ្ញុំដោយអនុគ្រោះផងចុះ» ។
មុនការសុំទោសនេះលោកសយ រតនា ជាអ្នកនិពន្ធផ្ទាល់បានការពារបទរបស់លោកថា ខ្លឹមសារគឺសម្ដៅជួយទប់ស្កាត់កុំឱ្យមានការរើសអើងអ្នកខេត្តព្រៃវែងទៅវិញទេ ។ ខ្លឹមសារពិត គឺនៅចុងបញ្ចប់នៃMV ពេញលេញ ។ លោកថា ចំពោះតួអង្គស្រីដៀលអ្នកព្រៃវែង ដែលទស្សនិកជនបានឃើញនោះ គឺគ្រាន់ជាឈុតពិសេសក្នុង MV មិនពេញលេញសម្រាប់ផ្សព្វផ្សាយប៉ុណ្ណោះ ដោយសាច់រឿងមានហេតុមានផលបញ្ជាក់ក្នុងMV ពេញលេញ ។ ដូច្នេះទស្សនាតែឈុតមួយ មិនដឹងខ្លឹមសារពិតទេ ។

លោកសយ រតនា ក៏ជាអ្នកនិពន្ធបទ«មាន់ស្រែ» «សូមទោសសៀមរាប» «មានប្រពន្ធល្អមិនចេះថែ» «លុយៗ» របស់រ៉ាបុី និងបទជាច្រើនទៀតរបស់លោកប៊ុតសីហា ផងដែរ។ ក្រៅពីជាតារាចម្រៀង និងអ្នកនិពន្ធ លោក ជាវេជ្ជបណ្ឌិតមួយរូប ទើបតែបញ្ចប់ការសិក្សា ហើយក៏ជាអ្នកភូមិតាង៉កស្រែ ស្រុកសុីធរកណ្តាល ខេត្តព្រៃវែង ផងដែរ ។
ចំពោះរដ្ឋបាលខេត្តព្រៃវែងដែលបានធ្វើលិខិតទៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឲ្យចាត់ការចំពោះបទ«តើអ្នកព្រៃវែងអាក្រក់ត្រង់ណា?»នោះ បានសរសេរថា អត្ថន័យឃ្លីបវីដេអូបទចម្រៀងនេះ រដ្ឋបាលខេត្តព្រៃវែងយល់ឃើញថា ៖

«១-ជាការប្រមាថយ៉ាងធ្ងន់មកលើកិត្តិយស សេចក្តីថ្លៃថ្នូរ និងសតិអារម្មណ៍ ប្រជាពលរដ្ឋខេត្តព្រៃវែង ។
២-ជាការចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់ និងអយុត្តិធម៌ មកលើប្រជាពលរដ្ឋខេត្តព្រៃវែង ។
៣- បង្កើតនូវការរើសអើងយ៉ាងធ្ងន់ ចំពោះប្រជាពលរដ្ឋខេត្តព្រៃវែង ។
៤- ជាសកម្មភាពវិទ្ធង្សនាវប្បធម៌ធ្ងន់ចំពោះប្រជាជាតិកម្ពុជា ។
ដូច្នេះហើយយរដ្ឋបាលខេត្តព្រៃវេង ស្នើសុំ ១-ចាត់វិធានការច្បាប់ចំពោះផលិតកម្មមរតក មេឌៀ ជាពិសេសពាក់ព័ន្ធទៅនឹងបទល្មើសញុះញង់បង្កឲ្យមានការរើសអើង និងប្រព្រឹត្តបទល្មើស ។
២- ផលិតកម្មមរតក មេឌៀ ត្រូវលុបឃ្លីបវីដេអូ និងបកស្រាយសុំទោសជាសាធារណៈ» ៕



ចែករំលែកព័តមាននេះ