ម្ចាស់ផលិតកម្ម មរតក មេឌៀ ដែលផលិតបទចម្រៀង «អ្នកខេត្តព្រៃវែងអាក្រក់ត្រង់ណា» នឹងចូលបំភ្លឺនៅក្រសួងវប្បធម៌និងវិចិត្រសិល្បៈនៅរសៀលថ្ងៃទី៦ ខែកក្កដានេះ។ ក្រសួងនឹងតម្រូវឲ្យម្ចាស់ផលិតកម្មនេះសូមទោសជាសាធារណៈចំពោះអ្វីដែលខ្លួនបានផលិតបទចម្រៀងមួយគ្មានច្បាប់អនុញ្ញាត និងបានបង្កឲ្យមានការរើសអើង ប្រមាថដល់ប្រជាពលរដ្ឋ។

លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានបញ្ជាក់ថាអ្វីដែល ក្រសួងចាត់វិធានការដំបូងដល់ម្ចាស់ផលិតកម្មនោះ គឺឲ្យសូមទោស ជាសាធារណៈចំពោះកំហុសរបស់ខ្លួន និងឲ្យដកការផ្សាព្វផ្សាយទាំងអស់លើបណ្តាញសង្គម។ «ជំហានដំបូងយើងហៅគាត់មកអបរំនឹងឲ្យគាត់ធ្វើលិខិតនិងក្លឹបសុំទោសជាសាធារណៈ ហើយត្រូវដកចេញឲ្យអស់រាល់ការផ្សព្វផ្សាយបទចម្រៀងនេះ តាមបណ្តាញសង្គម កន្លងមក»។

អ្នកនាំពាក្យបានបញ្ជាក់បន្ថែមថា ផលិតកម្ម មរតកមេឌៀ ជាផលិតកម្មមួយ ដែលគ្មានច្បាប់អនុញ្ញាតឡើយ។ ដូច្នេះក្រុមហ៊ុននេះត្រូវធ្វើលិខិតស្មាមដើម្បីសុំច្បាប់បើកផលិតកម្មផងដែរ។ ចម្រៀង«អ្នកខេត្តព្រៃវែងអាក្រក់ត្រង់ណា» បានធ្វើឲ្យមានប្រតិកម្មជាសាធារណៈ ជាពិសេសពលរដ្ឋអ្នកខេត្តព្រៃវែងថាបានម៉ាក់ងាយពួកគាត់។

អភិបាលខេត្តព្រៃវែង លោក ជា សុមធី បានសរសរលិខិតទៅក្រសួងវប្បធម៌និងវិចិត្រសិល្បៈថា បទ«អ្នកខេត្តព្រៃវែងអាក្រក់ត្រង់ណា» បានប្រមាថដល់ប្រជាពលរដ្ឋ ខេត្តព្រៃ និងជាការចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់និងអយុត្តិធម៌មកដល់ប្រជាពលរដ្ឋខេត្តនេះនិងបានបង្កើតនូវការរើសអើងយ៉ាងធ្ងន់ធ្ងរ។

លោក ជា សុមេធី បានស្នើឲ្យមានការចាត់វិធានការតាមផ្លូវច្បាប់ចំពោះផលិតកម្មមរតកមេឌៀ ដែលបានផលិតបទចម្រៀងនេះ ជាពិសេសពាក់ព័ន្ធទៅនឹងបទល្មើសញុះញង់ បង្កឲ្យមានការរើសអើងនិងប្រព្រឹត្តបទល្មើស។

លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ ថាសមត្ថកិច្ចនឹងសិក្សាពីទំហំប៉ះពាល់ បទចម្រៀង«អ្នកខេត្តព្រៃវែងអាក្រក់ត្រង់ណា»នេះទៀត ក្រោយពីឲ្យម្ចាស់ផលិតកម្មសូមទោសជាសាធារណៈហើយនោះ។ លោកបញ្ជាក់ថា ទោសទណ្ឌអ្វីផ្សេងទៀតនោះគឺអាស្រ័យលើការស្រាវជ្រាវរបស់សមត្ថកិច្ចតែពេលនេះក្រសួងចាត់វិធានការបីចំនុចសិនគឺ ឲ្យសូមទោសធារណៈ ដកចេញការផ្សាយកន្លងមក និងសុំច្បាប់បើកផលិតកម្ម ៕

ចែករំលែកព័តមាននេះ