ខេត្តព្រៃវែង ៖ ដោយសង្កេតឃើញថា បទចម្រៀងមួយបទដែលមានចំណងជើងថា «អ្នកព្រៃវែងអាក្រក់ត្រង់ណា» កំពុងបង្កនូវការរិះគន់ និងប្រតិកម្មខ្លាំងពីសំណាក់ថ្នាក់ដឹកនាំជួររាជរដ្ឋាភិបាលផង និងប្រជាជនសាមញ្ញផងនោះ ស្រាប់ពេលនេះរដ្ឋបាលខេត្តព្រៃវែងបានសរសេរលិខិតជូនរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឲ្យចាត់វិធានការចំពោះផលិតកម្មមរតក មេឌៀ (Morodok Media) ដែលបានបង្ហោះឃ្លីបវីដេអូបទចម្រៀងខាងលើនេះ ។

យោងតាមលិខិតរបស់សាលាខេត្តព្រៃវែង ចុះហត្ថលេខាដោយឯកឧត្តមអភិបាលខេត្ត ជា សុមេធី ចុះថ្ងៃទី៣ មិថុនា បានបញ្ជាក់ថា ផលិតកម្មខាងលើ កាលពីថ្ងៃទី០២ កក្កដា បានបង្ហោះឃ្លីបវីដេអូបទចម្រៀង «អ្នកព្រៃវែងអាក្រក់ត្រង់ណា» ក្នុងបណ្តាញផ្សព្វផ្សាយសង្គម និងបណ្តាញយូធូប «ដែលខ្លឹមសារ និងរូបភាពនោះបាននិយាយថា «អ្នកព្រៃវែងសុទ្ធអ្នកមិនល្អ ពូជចោរលួច ចោរប្លន់ កាប់ចាក់ សុំទាន និងជាអ្នកក្រ» ។

នៅក្នុងលិខិតបានបញ្ជាក់ថា អត្ថន័យឃ្លីបវីដេអូបទចម្រៀងនេះ រដ្ឋបាលខេត្តព្រៃវែងយល់ឃើញថា ៖ «១- ជាការប្រមាថយ៉ាងធ្ងន់ធ្ងរមកលើកិត្តិយស សេចក្តីថ្លៃថ្នូរ និងសតិអារម្មណ៍ ប្រជាពលរដ្ឋខេត្តព្រៃវែង ។ ២- ជាការចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់ និងអយុត្តិធម៌ មកលើប្រជាពលរដ្ឋខេត្តព្រៃវែង ។ ៣- បង្កើតនូវការរើសអើងយ៉ាងធ្ងន់ធ្ងរ ចំពោះប្រជាពលរដ្ឋខេត្តព្រៃវែង ។ ៤- ជាសកម្មភាពវិទ្ធង្សនាវប្បធម៌ធ្ងន់ធ្ងរ ចំពោះប្រជាជាតិកម្ពុជា ។

លោកអភិបាលខេត្តព្រៃវែងបានបញ្ជាក់បន្ថែមក្នុងលិខិតថា ផ្អែកតាមខ្លឹមសារខាងលើ រដ្ឋបាលខេត្តព្រៃវេង សូមស្នើសុំ ១- ចាត់វិធានការច្បាប់ចំពោះផលិតកម្ម មរតក មេឌៀ ជាពិសេសពាក់ព័ន្ធទៅនឹងបទល្មើសញុះញង់ បង្កឲ្យមានការរើសអើង និងប្រព្រឹត្តបទល្មើស។ ២- ផលិតកម្ម មរតក មេឌៀ ត្រូវលុបឃ្លីបវីដេអូ និងធ្វើការបកស្រាយសុំទោសជាសាធារណៈ» ។

យ៉ាងណាមិញ គិតត្រឹមម៉ោង ៥ និង៣០ នាទីរសៀលថ្ងៃទី៥ កក្កដានេះ នៅមិនទាន់ឃើញមានការបកស្រាយណាមួយពីម្ចាស់ផលិតកម្មឡើយ ៕

ចែករំលែកព័តមាននេះ