រាជធានីភ្នំពេញ ៖ «មាននិស្ស័យខាងម៉ូឌែល ប៉ុន្តែម៉ែបង្ខំឲ្យបួសមែនតេជគុណ?🙏😁» នេះជាសម្តីរបស់មហាជនមួយដែលបានចែកចាយរូបភាពរបស់ព្រះសង្ឃមួយព្រះអង្គមានព្រះនាម Thaichan Ley ខណៈមានអ្នកលេងហ្វេសប៊ុកខ្លះទៀតបានរិះគន់ថា «កិលេសពេញខ្លួន មកពួននៅក្រោមស្បង់» ហើយអ្នកខ្លះក៏សរសេរប្រៀបធៀបភាពល្បីលើបណ្តាញសង្គមរវាងព្រះអង្គនិងនាង សុខា អ្នកលេង Tik Tok មួយរូបថា «ប៉ុន្មានថ្ងៃនេះ លោកបងថៃ សុំវ៉ៃលុកហើយ សុខាអែបកៀន។
ព្រះសង្ឃមួយព្រះអង្គមានគណនីហ្វេសប៊ុក Thaichan Ley កាលពីថ្ងៃទី២ ខែមិថុនាកន្លងទៅបានបង្ហោះរូបភាពព្រះអង្គជាច្រើនសន្លឹកឈរនៅមាត់ស្រះឈូក បញ្ចេញសាច់ដុំធំៗ ជាមួយកាយវិការនៃការថតជាច្រើនស្ទីល មើលទៅតារាម៉ូដែលសមខ្មាស់នោះបានទទួលការចាប់អារម្មណ៍ពីអ្នកលេងបណ្តាញសង្គមជាសាមញ្ញជនធម្មតារហូតអ្នកសិល្បៈ រហូតមានការចែកចាយ (ស៊ែរ) រូបថតព្រះអង្គច្រើនជាង ៤៥០០ ដង និងខមមិនរាប់សិបពាន់គិតត្រឹមរសៀលថ្ងៃទី ០៤ ខែមិថុនា ។

អ្វីដែលកាន់តែធ្វើឲ្យមហាជនចាប់អារម្មណ៍ទ្វេរដងនោះ គឺព្រះអង្គថែមទាំងសរសេរសារ (Caption) លើរូបថតនោះ ដោយភ្ជាប់ជាមួយនឹងតួអង្គក្នុងរឿងអក្សរសិល្ប៍ខ្មែរ «ណេនទុំ» ថែមទៀតផង ដោយព្រះអង្គ ឡី ថៃចាន់ បានសរសេរថា «មិនមែនណេនទុំទេ គឺ ណេនថៃ ។ សូមកុំច្រឡំ មិនមែនអ្នករកត្រីទេ មកជួយមើលស្រូវ និងឈូកញោម» ។
ការបង្ហោះសាររបស់ព្រះអង្គ «ណេនថៃ» ក៏ទទួលបានការចាប់អារម្មណ៍ពីស្រីស្អាត ពេជ្រ សេរីរ័ត្ន ពិធីការិនីសាច់សខ្ចីសម្តីមុតៗផងដែរ ។ អ្នកនាងបានបង្ហោះរូបថតព្រះអង្គកាលពីថ្ងៃសៅរ៍ ដោយក្លែមសម្តីថា «មិនបន្ទោសទាវទេ ដែលជ្រើសរើសទុំ 😊 ចុះទាវ2020 ហ្នឹងជានរណាហ្ន៎????😅 » ។

ប្រាកដណាស់ចាប់តាំងពីរាត្រីថ្ងៃទី២ មិថុនាដែលព្រះអង្គបានបង្ហោះលើហ្វេសប៊ុក ទទួលបានការចែកចាយភ្លូកទឹកភ្លូកដី និងបញ្ចេញមតិយោបល់ផ្សេងៗគ្នា អំពីព្រះសង្ឃ «ណេនថៃ» ។ តែយ៉ាងណាមិញ ព្រះអង្គបានសម្រេចលុបចោលនូវរូបភាពទាំងអស់នោះវិញ ។
ក៏ប៉ុន្តែមុនពេលព្រះអង្គលុបចោលនៅរូបភាពដែលបង្កនូវការជជែកដេញដោលលើបណ្តាញសង្គមនោះ ក៏មានស្រីស្រស់មួយរូបដែលបានរួមដំណើរជាមួយព្រះអង្គ ឡើងភ្នំ ទៅខ្នងផ្សារ ក្នុងខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៣០-៣១ ខែឧសភា ឆ្នាំ២០២០ បានចេញមុខសម្តែងមតិ គាំទ្រព្រះអង្គ «ណេនថៃ» ដោយនាងបានសរសេរសារពោលសរសើរព្រះអង្គយ៉ាងដូច្នេះថា «…លោក គឺជាព្រះសង្ឃមួយអង្ដ ដែលមានចិត្តបុណ្យប្រកបដោយចិត្តធម៌មេត្តា លោកបានលះបង់ទាំងកម្លាំងកាយកម្លាំងចិត្ត ដើម្បីឲ្យសមាជិក និងមិត្តរួមដំណើរប្រកបដោយសុវត្ថិភាព និងទៅដល់គោលដៅ បានសម្រេចគ្រប់ៗគ្នា។ លោកព្យាយាមផ្សព្វផ្សាយនូវសម្បត្តិធម្មជាតិខ្មែរ ដែលមានឲ្យក្មេងជំនាន់ក្រោយ បានស្គាល់ និងយល់ពីគុណតម្លៃនៃធម្មជាតិ។ ក្នុងនាមនាងខ្ញុំជាសាមញ្ញជន នាងខ្ញុំមានភ័ព្វសំណាង និងកិត្តិយសខ្លាំងណាស់ ដែលបានស្គាល់ព្រះអង្គចិត្តបុណ្យដូចព្រះអង្គ។ ព្រះអង្គ គ្មានចេតនាបំផ្លាញសាសនានោះឡើយ» ។
យ៉ាងណាមិញ យើងមិនដឹងច្បាស់លាស់នោះទេថា តើការបង្ហោះរូបភាពបញ្ចេញសាច់ដុំរបស់ព្រះអង្គ «ណេនថៃ» ខុសវិន័យសង្ឃ ឬយ៉ាងណានោះទេ ?
ក៏ប៉ុន្តែ បើយោងតាមការសម្តែងធម៌របស់ ព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ ជុំវិញសំណួរដែលចោទសួរថា «ហេតុអ្វីបានជាព្រះសម្មាសម្ពុទ្ធទ្រង់ឱ្យពួកភិក្ខុសង្ឃឃ្លុំចីវរបិទបាំងរាយកាយឲ្យជិតពេលចេញក្រៅវត្ត?» នោះព្រះអង្គបានមានថេរដីកាថា «ក៏ព្រោះកាយនេះ វាស្មោគគ្រោក មានញើស វាមានអីចេញមក វាស្មោគគ្រោក ត្រូវតែដណ្តប់វាឲ្យជិត កាយហ្នឹងត្រូវដណ្តប់ឲ្យជិត កុំឲ្យគេឯងឃើញមកវាឆ្អើម គេខ្ពើមឆ្អើមដល់យើងហ្នឹង ។ អ៊ឹចឹងវាជាអនាម័យបិទបាំងរាងកាយដែលវាគគ្រិកហ្នឹង» ។
សូមទស្សនាវីដេអូ ការសម្តែងធម៌របស់ព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ ដែលបង្ហោះដោយព្រះតេជគុណ «YAN YA» ប្រហែល៣ខែកន្លងទៅ ៖
https://www.facebook.com/107784170772342/videos/1441291399372765/?t=1


ចែករំលែកព័តមាននេះ