រាជធានីភ្នំពេញ ៖ នៅទីបំផុតតារាចម្រៀងសម្លេងស្អកលោក ខេម បានសម្រេចដើរចេញពីផលិតថោនហើយ ដើម្បីមកកាន់ទ្រនំថ្មី បន្ទាប់ពីតារាចម្រៀងរូបនេះ បានកសាងកេរ្តិ៍ឈ្មោះនៅទ្រនំចាស់នេះអស់ជាច្រើនឆ្នាំមកហើយ ជាមួយនឹងបទចម្រៀងដែលមានអ្នកគាំទ្រយ៉ាងច្រើន។
ទ្រនំថ្មីដែល ខេម បានជ្រកកោននោះ គឺផលិតកម្ម Galaxy របស់លោក ឡេង ណាវ៉ាត្រា ដែលជាផលិតកម្មថ្មីមួយ ហើយប្រជុំដោយអ្នកចម្រៀងវ័យក្មេង និងកំពុងមានឈ្មោះបោះសម្លេងផងដែរ តាមរយៈបទចម្រៀងដែលបានចេញជាបន្តបន្ទាប់ក្នុងរយៈពេលចុងក្រោយនេះ។

បើទោះបីជា មិនទាន់បានប្រកាសជាផ្លូវការចំពោះបញ្ហាខាងលើនេះក៏ដោយ ប៉ុន្តែទាំងតារាចម្រៀងលោក ខេម និងផលិតកម្ម បានធ្វើការផ្សព្វផ្សាយរួចហើយនូវបទចម្រៀងថ្មីរបស់តារាចម្រៀងរូបនេះ ដែលបាននិងកំពុងចេញជាបន្តបន្ទាប់។
អ្នកចាត់ការទូទៅនៅក្នុងផលិតកម្ម លោក យឹម តាស្រង់ បានអះអាងប្រាប់កោះសន្តិភាពតាមសារអេឡិចត្រូនិចកាលពីពេលថ្មីៗនេះថា ចំពោះរឿងដែលតារាចម្រៀងលោក ខេម បានមកជ្រកកោននៅក្នុងផលិតកម្មរបស់លោកនោះ លោកមិនទាន់ចង់អធិប្បាយអ្វីឲ្យបានវែងឆ្ងាយនៅឡើយទេ ព្រោះអ្វីៗកំពុងស្ថិតនៅក្នុងការដំណាក់ដំបូង។

លោកបញ្ជាក់ថា បច្ចុប្បន្នផលិតកម្មលោក ពិតជាបានចំណាយទុនដ៏ច្រើនមួយសម្រាប់ការផលិតបទចម្រៀងថ្មីរបស់លោក ខេម ដែលមានចំណងជើងថា «ជូនដំណើរអូនឡើងផ្លូវហាយវេ» ដើម្បីស្ទាបស្ទង់ទីផ្សារ ប្រសិនបើបទនោះមានការគាំទ្រច្រើននោះ អ្វីៗនឹងដំណើរការទៅវិញ។
យ៉ាងណា បើតាមលោក យឹម តាស្រង់ បានឱ្យដឹងបន្តថា យើងមានឯកសារនៅក្នុងដៃរួចហើយ ប៉ុន្តែយើងមិនទាន់អាចហ៊ានប្រកាសបាននៅឡើយទេ ជុំវិញតារាចម្រៀងលោក ខេម មកក្រោមផលិតកម្ម Galaxy ខណៈពេលដែលផលិតកម្មរបស់លោកកំពុងធ្វើការនៅក្នុងរឿងនេះ សំដៅទៅលើការគាំទ្រពីទស្សនិកជន។

ជាការកត់សម្គាល់ ការចាកចេញពីផលិតកម្មថោនពីលោក ខេម នាពេលនេះគឺជាតារាចម្រៀងជួរមុខទី២ ហើយ បន្ទាប់ពីតារាចម្រៀងនាង មាស សុខសោភា ដែលបានដើរចេញពីផលិតកម្មចាស់នេះដូចគ្នាកាលពីពេលថ្មីៗនេះ បើទោះបីជារហូតមកទល់ពេលនេះ មាស សុខសោភា នៅមិនទាន់បង្ហាញពីផលិតកម្មថ្មីដូចលោក ខេម ក៏ដោយ។
ទោះជាយ៉ាងណា ការមកជ្រកនៅក្នុងផលិតកម្មផលិតកម្ម Galaxy ពីតារាចម្រៀងលោក ខេម នាពេលនេះត្រូវបានគេមើលឃើញថា តារាចម្រៀងរូបនេះនៅតែអាចរក្សាបាននូវការគាំទ្រដដែល បើទោះបីជាផលិតកម្មនេះ ជាផលិតកម្មទើបបង្កើតថ្មីក៏ដោយ ក្នុងពេលដែលផលិតកម្មមួយនេះក៏មិនសូវមានតារាចម្រៀងច្រើនផងនោះ។

គេគិតថា តាមរយៈផលិតកម្មថ្មីនេះ ខេម អាចនឹងមានឱកាសចេញបទចម្រៀងថ្មីៗបានច្រើន ដោយសារតែក្រៅពីតារាចម្រៀងស្រីជួរមុខក្នុងផលិតកម្ម នាង តន់ ចាន់សីម៉ា នោះគឺមានតែលោកម្នាក់គត់ដែលអាចមានលទ្ធភាពច្រើនសម្រាប់ក្តោបក្តាប់ទីផ្សារនៃបទចម្រៀងច្រើន។
ម្យ៉ាងទៀតតាមរយៈស្នាដៃពីអ្នកនិពន្ធដ៏មានបទពិសោធន៍លោក យឹម តាស្រង់ ដែលធ្លាប់និពន្ធបទចម្រៀងឱ្យលោកទទួលបានការគាំទ្រច្រើនកាលនៅផលិតកម្មចាស់ផងនោះ ខេម អាចនឹងនៅតែរក្សាបានប្រជាប្រិយភាពដូចមុនជាក់ជាមិនខាន៕ (កែសម្រួលដោយ ៖ បុប្ផា)


ចែករំលែកព័តមាននេះ