រាជធានីភ្នំពេញ ៖ តារាភាពយន្តសិង្ហបុរីល្បីល្បាញបីដូងបានមកដល់ប្រទេសកម្ពុជាសារជាថ្មីម្តងទៀត ដើម្បីសម្ពោធរឿងថ្មីក្រោមចំណងជើងថា«ជីវិតក្នុងមាតុភូមិថ្មី» ជារឿងភាគ ទើបផលិតឡើងកំពុងមានការពេញនិយមនៅសិង្ហបុរី ។ តារាភាពយន្តទាំង៣ដួង រួមមានអ្នកនាង Jeanette Aw លោក Desmond Tan និងលោក Elvin Ng ។ នាល្ងាចថ្ងៃទី១០ តុលា ២០១៤ តារាល្បីឈ្មោះទាំងនោះ ត្រូវបានអ្នករៀបចំកម្មវិធីធ្វើការជួបជុំក្រុមអ្នកគាំទ្រ ដោយមានការប្រគំតន្ត្រី ផ្ទាល់នៅមជ្ឈមណ្ឌលមហោស្រពចេនឡា រាជធានីភ្នំពេញ ក្រោមអធិបតីភាពលោកជំទាវ ឃួន សុដារី តំណាងរាស្ត្រ មណ្ឌលខេត្តកណ្តាល លោកឧកញ៉ា សុខ ចំរើន អគ្គនាយកទូរទស្សន៍ខ្សែកាបរាជធានីភ្នំពេញ PPCTV លោកជំទាវ យិន ផាន្នី និងយុវវ័យជាច្រើនរូបមកគាំទ្រតារាសិង្ហបុរី ប្រកបដោយបរិយាកាសរីករាយ និងស្និទ្ធស្នាល។
លោក Stephen Sok តំណាងទូរទស្សន៍ខ្សែកាបរាជធានីភ្នំពេញ PPCTV បានបង្ហាញនូវចំណាប់អារម្មណ៍ក្នុងពិធីប្រគំតន្ត្រីថា «ថ្ងៃនេះ ក្រុមគាំទ្រទាំងអស់របស់តារាល្បីឈ្មោះសិង្ហបុរី៣ដួង ។ រាត្រីនេះ ជាការកក់ក្តៅមួយដោយមានការចូលរួមពីលោកជំទាវ ឃួន សុដារី តំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល ។ នេះគឺជាកិត្តិយសក្រៃលែងសម្រាប់ទូរទស្សន៍ PPCTV យើងខ្ញុំ ។ នេះជាលើកទី១ហើយ ដែលក្រុមហ៊ុន PPCTV សហការជាមួយក្រុមហ៊ុន MEDIACORP Singapor តាមរយៈការសម្របសម្រួលអញ្ជើញតារាឆ្នើមសិង្ហបុរី៣រូប មកជួបក្រុមហ្វេនគាំទ្រ មានកញ្ញា Jeanette Aw លោក Elvin Ng និងលោក Desmond Tan ដែលពួកគាត់កំពុងតែទទួលការគាំទ្រជាច្រើនពីសំណាក់ទស្សនិកជន និងជាតារាសម្តែងនៅក្នុងខ្សែភាពយន្តភាគ «ជីវិតនៅក្នុងមាតុភូមិថ្មី» ដែលកំពុងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ខ្សែកាបរាជធានីភ្នំពេញ PPCTV ប៉ុស្តិ៍លេខ៩ ។ យើងទទួលបាននៅថ្ងៃនេះ ជាកិត្តិយស និងជាមោទនភាពរបស់ក្រុមហ៊ុន PPCTV ក៏ដូចជា កម្លាំងចិត្តជំរុញឲ្យក្រុមការងារខិតខំបង្កើតឲ្យមានកម្មវិធីថ្មីៗជាច្រើនបន្តទៀត ។ លើសពីនេះ ជាការរួមចំណែកតាមរយៈសិល្បៈ ពិសេសវិស័យខ្សែភាពយន្ត ដែលជាស្ពានផ្សារភា្ជប់រវាងមនុស្ស និងមនុស្ស និងមនោសញ្ចេតនា យោគយល់ និងសេចក្តីស្រឡាញ់ដែលជាប្រភពនៃសន្តិភាព និងមនុស្សធម៌។ ក្នុងឱកាសដ៏ពិសេសនេះ សូមអរគុណដល់បណ្តាក្រុមហ៊ុនឧបត្ថម្ភដែលបានជួយគាំទ្រធ្វើឲ្យកម្មវិធីដំណើរការយ៉ាងរលូន។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ