ដុត​ក្រដាសសែន​ផ្នូរ​ ​ឆេះព្រៃរាលដាល​​ឡើង​​ក្រហម​​ឆ្អៅ


ខេត្តកំពត ៖ អាជ្ញាធរ​ និង​អ្នក​ភូមិ​បាន​លើកគ្នា​ចេញ​អន្តរាគមន៍​ពន្លត់​ភ្លើងព្រៃ ​ដែល​ឆេះ​រាលដាល​មក​ដល់​ភូមិ កាលពី​វេលា​ម៉ោង​១២ថ្ងៃត្រង់​ថ្ងៃ​ទី​៤ មេ​សា ។ ភ្លើងព្រៃ​ទាំងនោះ ​បាន​ឆេះ​រាលដាល​ផ្អើល​អ្នក​ភូមិ​ជ្រោះ​តា​សោម ឃុំ​ប្រាសាទភ្នំ​ខ្យង ស្រុក​កំពង់ត្រាច ខេត្តកំពត ។ ដោយសារ​តែ​ការ​បារម្ភ​ភ្លើង​ឆេះ​ដល់​ផ្ទះ អ្នក​ភូមិ​បាន​ចេញ​ជួយ​ពន្លត់ នៅ​ពេល​ដែល​ភ្លើង​ឆេះ​តាម​វាលស្រែ​ក្បែរ​ផ្ទះ ។

ក្នុង​នោះ​ក៏​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​នគរបាល​ស្រុក​កំពង់ត្រាច​ ជួយ​អន្តរាគមន៍ រួម​ទាំង​កម្លាំង​នគរបាល​ស្រុក និង​នគរបាល​ឃុំ​អង្គ​សុ​ភី ។ លោក ហ៊ុន តេ​ង មេឃុំ​ប្រាសាទភ្នំ​ខ្យង​ដែល​មក​ជួយ​ពន្លត់ភ្លើង​ឆេះ​ព្រៃ​នោះ​ដែរ​ បាន​និយាយ​ប្រាប់​ឱ្យ​ដឹង​ថា​ នៅ​ថ្ងៃ​ទី​៤ មេ​សា​នេះ មាន​ភ្លើង​ឆេះ​ព្រៃ​បាន​រាលដាល​មក​ឆេះ​ក្បែរ​ភូមិ​ចំនួន​២ គឺ​ភូមិ​ព្រៃ​កឹ​ក និង​ភូមិ​ជ្រោះ​តា​សោម ។

លោក ហ៊ុន តេ​ង និយាយ​ទៀត​ថា តាម​ព័ត៌មាន​ថា ការ​បង្ក​ឱ្យ​មាន​ភ្លើង​ឆេះ​ព្រៃ​និង​ឆេះ​រាលដាល​តាម​វាលស្រែ​បែប​នេះ ​ព្រោះ​នៅ​ភូមិ​ព្រៃ​កឹ​ក មាន​គេ​មក​សែន​ផ្នូរ​(​ឆេ​ង​ម៉េ​ង​) ដុត​ធូប​ទៀន​សែន​ ក៏​ឆេះ​រាលដាល​តែ​ម្តង ។ លោក​មេឃុំ​និយាយ​ថា​ ការ​ឆេះ​ក្បែរ​ភូមិដ្ឋាន​ប្រជាពលរដ្ឋ​នេះ ​មិន​មានការ​ប៉ះពាល់​ដល់​ផ្ទះ​ប្រជា​ពលរដ្ឋ​ទេ ។

លោក​វរសេនីយ៍ទោ សេង សុគន្ធ ជា​អធិការ​នគរបាល​ស្រុក​កំពង់ត្រាច បាន​ប្រាប់​ឱ្យ​ដឹង​ថា នគរបាល​ប្រមាណ​២០​នាក់ មក​ជួយ​អន្តរាគមន៍​ពន្លត់ភ្លើង​ឆេះ​ព្រៃ​ចូល​ក្បែរ​ភូមិ​ចំនួន​២​ក្នុងស្រុក​កំពង់ត្រាច​នោះ ។ លោក​វរសេនីយ៍ទោ និយាយ​ប្រាប់​ទៀត​ថា បើ​កុំ​តែ​ពលរដ្ឋ​ក្នុងភូមិ​រួម​សហការ​ជាមួយ​និង​កម្លាំង​នគរបាល​ជួយ​ទប់ស្កាត់​អំណាច​ភ្លើងទាន់ កុំ​អី​ឆេះ​ផ្ទះ​ពលរដ្ឋ​នៅ​ក្នុងភូមិ​ជ្រោះ​តា​សោម ​មិន​ខាន​ឡើយ ។

ព័ត៌មាន​ជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ