មាស សៀវ​ប៉ាយ សម្រេច​ដឹក​ចេញ​ទៅ​វៀតណាម ទាំង​ខ្វះខាត​ថវិកា


រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ គ្រួសារ​តារា​កម្ពុជា បាន​សម្រេច​បញ្ជូន​តារា​សម្ដែង មាស សៀវ​ប៉ាយ ដែល​នៅ​តែ​សន្លប់​ស្ដូកស្ដឹង​មិន​ទាន់​ដឹងខ្លួន ក្រោយ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ផ្នែក​ក្បាល​ធ្ងន់ធ្ងរ ហើយ​ទៅ​ព្យាបាល​នៅ​ក្នុង​ប្រទេស​វៀតណាម នៅ​មន្ទីរពេទ្យ​ជោ​រី ក្នុង​ទីក្រុង​ហូ​ជី​មិ​ញ​។

យ៉ាងណាមិញ លទ្ធភាព​នៃ​ការ​ចេញ​ទៅ គឺ​ស្ថិត​ក្នុង​សភាព​ភ័យ​បារម្ភ​ពី​ការ​ព្យាបាល​នៅឡើយ​ទេ ដោយសារ​តែ​គ្រួសារ​របស់​ជន​រង​គ្រោះ ត្រូវ​ពឹង​ទាំងស្រុង​តែ​លើ​កម្លាំង​បរិច្ចាគ​របស់​សប្បុរសជន​ក្នុង​ពេល​បន្តបន្ទាប់​។

ស្ថាបនិក​គ្រួសារ​តារា​កម្ពុជា និង​សមាជិក ដែល​ជា​អ្នក​បំផុស​ឱ្យ​មាន​ចលនា​ជួយ​ដល់​លោក មាស សៀវ​ប៉ាយ ក្រោយ​គ្រោះថ្នាក់​និយាយ​ថា ទាំង​ឪពុក និង​បងប្អូន​របស់​លោក មាស សៀវ​ប៉ាយ ស្ទាក់ស្ទើរ​មិន​ទទួលយក​ការ​ព្យាបាល​នៅ​ក្នុង​ប្រទេស​វៀតណាម​នោះ​ទេ ដោយសារ​តែ​គ្រួសារ​ទាំង​មូល គឺ​មិន​មាន​លទ្ធភាព ម្យ៉ាង​ឪពុក​របស់​លោក​ក៏​ឈឺ​មិន​មាន​សុខភាព​ផង​។ យ៉ាងណាមិញ ក្រោយ​ការ​ពន្យល់ និង​សម្អាង​លើ​កម្លាំង​សប្បុរសធម៌ ក្រោម​ការ​ជ្រោមជ្រែង​របស់​គ្រួសារ​តារា​កម្ពុជា គ្រួសារ​របស់​លោក​សម្រេចចិត្ត​បញ្ជូន​ចេញ​។

លោក​ថា ការ​សម្របសម្រួល​ត្រូវ​បាន​ចាត់ចែង​រៀបរយ​អស់ហើយ ដោយ​គ្រួសារ​ជន​រង​គ្រោះ​មាន​ជំនួយ​ក្នុង​ដៃ​ពី​សប្បុរសជន​នានា​ប្រមាណ​២​ពាន់​ដុល្លារ ក្នុង​ការ​ចេញ​ទៅ ខណៈ​ដែល​គ្រួសារ​តារា​កម្ពុជា មាន​ជំនួយ​ប្រមាណ​ជាង​១​ពាន់​ដុល្លារ​ផ្សេង​ទៀត ដើម្បី​ជួយ​ពីក្រោយ​។ លោក​ថា គ្រួសារ​តារា​កម្ពុជា នឹង​បន្ត​រ៉ៃ​អង្គាស និង​បំផុស​ជួយ​ដល់​តារា​រូប​នេះ ឱ្យ​អស់​លទ្ធភាព បន្ទាប់​ពី​លោក​នៅ​តែ​មាន​សភាព​មិន​ទាន់​ដឹងខ្លួន ក្រោយ​ចូល​សម្រាក​នៅ​ក្នុង​មន្ទីរពេទ្យ​ក្នុងស្រុក​។

លោក​បន្ត​ថា «​លោក មាស សៀវ​ប៉ាយ ត្រូវ​បាន​បញ្ជូន​ចេញ​ទៅ​វៀតណាម ក្រោយ​រកបាន​ជំនួយ​សរុប​ពី​គ្រប់​ទី​ប្រមាណ​ជាង​៣​ពាន់​ដុល្លារ តែ​យើង​មិន​អាច​ទុក​ឱ្យ​សភាព​ជំងឺ​នេះ នៅ​តែ​ធ្ងន់​បែប​នេះ​បាន​ទេ យ៉ាង​ហោច​ណាស់​ប្រសិនបើ​អស់​លទ្ធភាព​ក្នុង​ការ​អំពាវនាវ និង​បំផុស​ពី​កង្វះខាត​នេះ ក៏​អាច​ឱ្យ​មាស សៀវ​ប៉ាយ ផ្ទាល់​គាត់​អស់ចិត្ត ចំពោះ​ការ​ជួយ​សង្គ្រោះ​ដែរ​»​។

លោក​ថា កម្លាំង​សាមគ្គី​របស់​សប្បុរសជន​នឹង​ជួយ​ឱ្យ​លោក មាស សៀវ​ប៉ាយ ទទួល​បានការ​ជ្រោមជ្រែង​រហូត​ជា ស្របគ្នា​ដែល​ខាង​មន្ទីរពេទ្យ​រុ​ស្ស៊ី ក៏​បាន​បញ្ជាក់​ហើយ​ថា លោក​មិន​មាន​ឈាម​កក​នៅ​ក្នុង​លលាដ៍ ដែល​តម្រូវ​ឱ្យ​វះកាត់​នោះ​។ លោក​ថា គ្រួសារ​តារា​កម្ពុជា ធ្លាប់​ធ្វើ​សកម្ម​ភាព​រ៉ៃ​លុយ និង​បំផុស​ពី​ទុក្ខ​លំបាក​របស់​សិល្បៈ​បែប​នេះ​ច្រើន​នាក់​មក​ហើយ ធ្វើ​ឱ្យ​សប្បុរសជន​គ្រប់​ទិស​ទី​ចុះ​ជួយ​ព្រម​គ្នា ទើប​លោក​ជឿ​ថា កម្លាំង​នៃ​ការ​បំផុស​ជួយ​លោក មាស សៀវ​ប៉ាយ លើក​នេះ គឺ​ពិត​មិន​អត់​សប្បុរសជន​ដែល​មាន​ទឹកចិត្ត​ជួយ រហូត​ដល់​ស្ថានភាព​ជំងឺ​របស់​លោក​មាន​សង្ឃឹម​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

សិល្បៈ​និងវប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ