ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​លក់ដូរ​នៅ​សហ​គម៍​អេកូ​ទេសចរណ៍​ព្រះ​រំកិល​ត្អូញត្អែរ​រឿង​ភ្ញៀវ​ទេសចរ​ធ្លាក់​ចុះ​ខ្លាំង​ប៉ះពាល់​ដល់​ចំណូល​ប្រចាំ​ថ្ងៃ

4 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តស្ទឹងត្រែង​៖ អាជីវករ​នៅ​សហគមន៍​អេកូ​ទេសចរណ៍​ព្រះ​រំកិល ស្ថិត​នៅ​ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ បាន​បង្ហាញ​នូវ​ការ​ព្រួយបារម្ភ​ពាក់ព័ន្ធ​នឹង​ក​ក្តា​ជីវភាព បន្ទាប់​ពី​ប្រាក់​ចំណូល​របស់​បងប្អូន​បាន​ធ្លាក់​ចុះ​យ៉ាងច្រើន ដោយសារ​តែ​ការ​ថមថយ​យ៉ាង​គំហុក​នៃ​ភ្ញៀវ​ទេសចរ​ទៅ​កំសាន្ត​នៅ​តំបន់​ទេសចរណ៍​មួយ​នេះ ។ ​ ​ អ្នកស្រី…

ខេត្តស្ទឹងត្រែង​៖ អាជីវករ​នៅ​សហគមន៍​អេកូ​ទេសចរណ៍​ព្រះ​រំកិល ស្ថិត​នៅ​ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ បាន​បង្ហាញ​នូវ​ការ​ព្រួយបារម្ភ​ពាក់ព័ន្ធ​នឹង​ក​ក្តា​ជីវភាព បន្ទាប់​ពី​ប្រាក់​ចំណូល​របស់​បងប្អូន​បាន​ធ្លាក់​ចុះ​យ៉ាងច្រើន ដោយសារ​តែ​ការ​ថមថយ​យ៉ាង​គំហុក​នៃ​ភ្ញៀវ​ទេសចរ​ទៅ​កំសាន្ត​នៅ​តំបន់​ទេសចរណ៍​មួយ​នេះ ។
​ ​

អ្នកស្រី ធី​ដា អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​អន្លង់​ស្វាយ ឃុំ​ព្រះ​រំកិល ជា​អ្នកលក់​បាយដំណើប​បុកល្ហុង នៅ​សហគមន៍​អេកូ​ទេសចរណ៍​ព្រះ​រំកិល បានឱ្យ​ដឹង​នា​ព្រឹក​ថ្ងៃ​ទី​០៦ ខែ​កុ​ម្ភះ ឆ្នាំ​២០២០​នេះ​ថា ការ​លក់ដូរ​របស់​គាត់​នា​ពេល​នេះ​គឺ​មិន​កាក់កប​ទាល់តែ​សោះ ហើយ​ចំណូល​ក៏​មានការ​ធ្លាក់​ចុះ​ជា​រៀងរាល់ថ្ងៃ ជាប់​ៗ​គ្នា​រយៈពេល ៣ ឆ្នាំ​មក​ហើយ ព្រោះ​មិនសូវ​ឃើញ​ភ្ញៀវ​ទេសចរ​មក​កំសាន្ត​ច្រើន​ដូច​កាលពី ៣ ឬ ៤​ឆ្នាំ​មុន​នោះ​ទេ ។

អ្នកស្រី ធី តា បាន​ពោល​ត្អូញត្អែរ​ថា «​ភ្ញៀវ​ទេសចរ​មក​ទី​នេះ គឺ​ចង់​ទស្សនា​សត្វ​ផ្សោត​ដែល​ពី​មុន​គឺ​មាន​ច​ម្លោះ​ពី ៨​ទៅ​៩​ក្បាល ដោយឡែក​ឥឡូវ​មាន​តែ​៣​ក្បាល​ប៉ុណ្ណោះ​» ។ អ្នកស្រី​បានបន្ត​ថា ការ​ធ្លាក់​ចុះ​នៃ​ផ្សោត​ទន្លេ​នៅ​ទឹកដី​ទេសចរណ៍​មួយ​នេះ​គឺ​អ្នកស្រី​គិត​ថា​ប្រហែលជា​មក​ពី​ការ​សាងសង់​វ៉ា​រី​អគ្គី​ស​នី​ដ​ន​សា​ហុង នៅ​ប្រទេស​ឡាវ ព្រោះ​ទំនប់​វា​រី​អគ្គិសនី​នេះ​អាច​បង្ក​ការ​រំខាន​ដោយ​សំឡេង​បំផ្ទុះ​ថ្ម​និង​គ្រឿងចក្រ នាំ​ឱ្យ​សត្វ​ផ្សោត​ផ្អើល​និង​បន្លាស់​ទី​ទៅ​រស់នៅ​ខ្សែទឹក​ផ្សេង​។ ​អ្នកស្រី បាន​និយាយ​ថា «​ការ​បាត់បង់​សត្វ​ផ្សោត​នេះ ធ្វើ​ឱ្យ​មានការ​ថយ​ទេសចរ ទាំង​បរទេស និង​ខ្មែរ ខណៈ​ទេសចរ​បរទេស​ទស្សនា​សត្វ​ផ្សោត​នៅ​ទឹកដី​ឡាវ​វិញ​» ។

​ប្រាក់​ចំណូល​របស់​ពលរដ្ឋ​នៅ​សហ​មគ​ន៍​ទេសចរ​ព្រះ​រំកិល គឺ​មួយ​ផ្នែក​បាន​មក​ពី​វិស័យ ទេសចរណ៍ ដូច​ជា ការ​លក់​សំបុត្រ​ទស្សនា​ផ្សោត សេវា​ដឹក​ជញ្ជូន​ភ្ញៀវ​ទេសចរ លក់​ម្ហូបអាហារ និង​កន្លែង​ស្នាក់​នៅ​ជាដើម​។ អ្នកស្រី​បាន​បន្ថែម ថា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ កម្ររ​មាន ភ្ញៀវ​ទេសចរ​ទាំង​ជាតិ​និង​អន្តរជាតិ មក​ទស្សនា​ផ្សោត ពី​ប្រទេស​ឡាវ មក​កម្ពុជា​ណាស់ ពោល​គឺ ឃើញ​មាន​តែ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​មក​ពី​ប្រទេស​កម្ពុជា ។

លោកប៉ា ភឿន អាយុ​៥៥​ឆ្នាំ​តំណាង​សហគមន៍​អេកូ​ទេសចរ​ព្រះ​រំកិល ក្នុងស្រុក​បុរី​អូ​សែន​ជ័យ​បាន​មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​សហគមន៍​អាច​លក់​សំបុត្រ​បាន​ចាប់ពី ៦០ ម៉ឺន​រៀល ទៅ ៧០ ម៉ឺន​រៀល​ក្នុង​មួយ​ខែ ហើយ​កាលពី ៣ ឬ ៤​ឆ្នាំ​មុន អាច​រក​ប្រាក់​ចំណូល​បាន​ចាប់ពី ១,៥​លាន រៀល ទៅ ២​លាន​រៀល​ក្នុង​មួយ​ខែ​។ ​តាម​ការ​សង្កេត​របស់​សហគមន៍​ព្រះ​រំកិល​ឱ្យ​ដឹង​ថា មុន​ឆ្នាំ ២០១០ សត្វ ផ្សោត នៅ អន្លង់​ឈើទាល មាន ៨ ក្បាល ក៏​ប៉ុន្តែ​សត្វ​កម្រ​ទាំងនេះ​បាន​បាត់បង់​ជា​បន្តបន្ទាប់ ហើយ​បច្ចុប្បន្ន នៅ​សល់​ផ្សោត​ធំ​ៗ​ប្រមាណ ៣ ក្បាល​បន្ត​រស់នៅ​ក្រោម​ការ​អភិរក្ស​របស់​សហគមន៍​ព្រះ​រំកិល និង​ឆ្មាំ​ទន្លេ​។

លោក​តំណាង​សហគមន៍​បាន​បន្ត​ថា សត្វ​ផ្សោត ៣​ក្បាល​មានការ​បំ​លាស់​ទី​ពី​ដី​ខ្មែរ ទៅ​ទឹកដី​ឡាវ នា​រដូវប្រាំង ហើយ​បំ​លាស់​ទី​មក​ទឹកដី​ខែ្ម​រវិ​ញ​នា​រដូវវស្សា តែ​ទេសចរ​អាច​ធ្វើ​ដំណើរ​តាម​ទូក​ទស្សនា ឬ​ទូក​កៃ​យ៉ាក់ ទស្សនា​សត្វ​ផ្សោត​នៅ​ទឹកដី​ឡាវ​បាន ហើយ​ទេសចរ​ខាង​ឡាវ ក៏​អាច​មក​ទស្សនា​នៅ​ទឹកដី​ខ្មែរ ខណៈ​សត្វ​ផ្សោត​ទាំងនោះ​បំ​លាស់​ទី​ទៅ​វិញ​ទៅ​មក​។

លោក ប៉ា ភឿន កត់​សម្គាល់ថា​មូលហេតុ​ដែល​ផ្សោត​ចំនួន ៣ ក្បាល បន្លាស់​ទី​ទៅ​ខ្សែ ទឹក​ខាងលើ​ដោយសារ​មាន​ការដ្ឋាន​សាងសង់​ទំនប់​វា​រី​អគ្គិសនី ស្ថិត​នៅ​ចម្ងាយ ៥០០ ម៉ែត្រ ពី​ទីតាំង​ជ្រក​របស់​ត្រី​ផ្សោត​អន្លង់​ឈើទាល និង​ការ​ហ៊ុម​ព័ទ្ធ​នេសាទ​នៅ​ក្បែរ​អន្លង់​អភិរក្ស​បង្ក​ភាព ស្មុគស្មាញ​ស្វែងរក​ចំណី ចាប់​ត្រី​ជា​អាហារ​របស់​សត្វ​ផ្សោត​។
​ ​

យ៉ាងណាមិញ សត្វ​ផ្សោត​កំពុង​ប្រឈម​គ្រោះថ្នាក់​ខ្លាំង​ដោយសារ​តំបន់​ឆ្លងកាត់​សំខាន់​ៗ ដែល​ផ្សោត​ធ្វើ​ដំណើរ​សម្បូរ​ទៅ​ដោយ​អ្នកនេសាទ ទាំង​ប្រជាជន​ឡាវ និង​ខ្មែរ បាន​ដាក់ មង និង​ឧបករណ៍​នេសាទ​ផ្សេង​ៗ ត្បិត​ប្រជាជន​ប្រទេស​ទាំង​ពីរ​មាន​ទម្លាប់​នេសាទ​នៅ​ដង​ទន្លេ ខ្សែបន្ទាត់​ខណ្ឌ​ទឹកដី​ប្រទេស​ទាំង​ពីរ​នៅ​តំបន់​នោះ​។​ ​សហគមន៍​អេកូ​ទេសចរណ៍​ព្រះ​រំកិល​បាន​ទទូច​ស្នើ​សុំ​អាជ្ញាធរ និង​ស្ថាប័ន​ពាក់ព័ន្ធ រក មធ្យោបាយ​អភិរក្ស​សត្វ​ផ្សោត​នៅ​អន្លង់​អភិរក្ស​ឈើទាល​ឱ្យ​គង់វង្ស ដើម្បី​ធានា​និរន្តរភាព​វិស័យ ទេសចរណ៍​ក្នុង​តំបន់ និង​កុំឱ្យ​ឈាន​ទៅ​រក​ការ​ផុត​ពូជ​សត្វ​ផ្សោត​នា​ពេល​អនាគត​នៅ​អន្លង់​ឈើទាល នៃ​សហគមន៍​អេកូ​ទេសចរណ៍​ព្រះ​រំកិល​នេះ​។
​ ​

ជុំវិញ​រឿង​នេះ លោក ទុំ នី​រ៉ូ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ស្ទឹង​ត្រែង​បានឱ្យ​ដឹង​ថា សត្វ​ផ្សោត​នៅ​ខេត្ត​មាន​ចំនួន​ប្រមាណ​ជាង​៣០​ក្បាល ដែល​រស់នៅ​ក្នុង​អន្លង់​ចំនួន​៤​កន្លែង គឺ​អន្លង់​ចំនួន​៣ ស្ថិត​ក្នុងស្រុក​សៀម​បូក និង​មួយទៀត​គឺ​អន្លង់​អូរ​ឈើទាល ឋិត​ក្នុង​ឃុំ​ព្រះ​រំកិល ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ​។ សត្វ​ផ្សោត​មាន​សារសំខាន់​ណាស់ ដើម្បី​ទាក់ទាញ​ភ្ញៀវ ទេសចរ​ជាតិ និង​អន្តរជាតិ ប្រសិនបើ នៅ​ក្នុង​អន្លង់ អូរ​ឈើទាល សត្វ​ផ្សោត​វា​កាន់តែ​ជិត​បាត់បង់​អស់​ទៅ​ហើយ​នោះ ហើយ​ភ្ញៀវ​ទេសចរណ៍ ក៏​ថយ​ចុះ​ទៅ​តាម​ហ្នឹង​ដែរ​។

​លោក​បាន​បន្ត​ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​មេត្តា​ជួយ​ថែរក្សា​គ្នា​កុំ​ប្រើ​ឧបករណ៍ ខុសច្បាប់ នៅ​ជិត​តំបន់ហាមឃាត់ នៅ​ក្នុង​តំបន់​ដែល​សត្វ​ផ្សោត វា​កំពុង​រស់នៅ​ឱ្យ​សត្វ​ផ្សោត​គង់វង្ស ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ​ចូល​ទស្សនា​ឱ្យ​បាន​កាន់តែ​ច្រើន​ឡើងវិញ ៕ កែសម្រួលដោយ ៖ សុឃាក់

​   ​   ​   ​   ​   ​   ​   

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ