រាជធានីភ្នំពេញ ៖ រយៈពេល៤ថ្ងៃមកហើយ ដែលមានការផ្សព្វផ្សាយព័ត៌មានពីតារាសម្ដែងស្រស់ស្អាតម្នាក់បានប៉ុនប៉ងលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វាទាំងព្រឹកថ្ងៃទី១២ សីហា ។ ប៉ុន្ដែការប៉ុនប៉ងនោះមិនបានសម្រេចទេ ដោយសារត្រូវបានអ្នកធ្វើដំណើរលើស្ពាន និងប៉ូលិសបានចាប់ឃាត់ទាន់ពេល ។
ពិតណាស់ ការគិតខ្លីមួយគ្រាអ្នកដែលមានវិបត្ដិអ្វីមួយនោះ ច្បាស់ជាសម្រេចចិត្ដលាចាកលោកនេះភ្លាមៗ ដោយមិនបានគិតវែងឆ្ងាយនោះឡើយ ។ ពីដំបូងអត្ដសញ្ញាណរបស់នាងមិនមានអ្នកណាម្នាក់ស្គាល់ទេ ទោះបីនាងជាតារាសម្ដែងក្ដី តែក្រោយ១ថ្ងៃបន្ទាប់ពីហេតុការណ៍បានកើតឡើង នារីរូបស្រស់មានវិបត្ដិយ៉ាងក្រពុលមុខនោះ ទើបមានអ្នកស្គាល់គឺជាតារាសម្ដែងម្នាក់ឈ្មោះ អ៊ុំ វ៉ាន់ថាកាន ហៅអាម៉ុច ។ គេហទំព័រ(Sabay) បានចុះផ្សាយពីការសម្ភាសន៍នាងតាមទូរស័ព្ទ ដែលតាមគេហទំព័រនោះបានបង្ហាញថា មានរឿងរ៉ាវស្មុគស្មាញ៣ដែលជំរុញចិត្ដនាងឱ្យចង់តែស្លាប់និងលែងចង់រស់ ។
រឿងទី១-នាងតូចចិត្តនឹងខ្លួនឯង ដែលកើតមកជាក្មេងកំព្រាឪពុកតាំងពីវ័យ១៣ឆ្នាំ ហើយម្តាយរបស់នាងមានស្វាមីថ្មី ចេញទៅរស់នៅអាមេរិកបាត់ មិនដែលនឹកនានាងជាកូនម្តងណាឡើយ ដោយទុកឱ្យនាងរស់នៅតែម្នាក់ឯង ។ រឿងទី២-គឺមានវិបត្តិស្នេហាយ៉ាងធ្ងន់ធ្ងរបំផុត ។ អាម៉ុច ប្រាប់ថា នាងធ្លាប់មានគូដណ្តឹង២លើកមកហើយ បុ៉ន្តែដល់ថ្ងៃរៀបការ គឺគូដណ្តឹងទាំង២នាក់ស្លាប់ទាំងអស់ ។ ស្នេហាទី១ អាម៉ុច មានគូដណ្តឹងជាជនជាតិថៃ ដោយបានភ្ជាប់ពាក្យជាមួយគ្នា នៅសល់តែ១អាទិត្យប៉ុណ្ណោះនាងត្រូវរៀបអាពាហ៍ពិពាហ៍ បុ៉ន្តែគូដណ្តឹងរបស់នាងបានគាំងបេះដូងស្លាប់បាត់ ។ មិនបានប៉ុន្មានផង នាងបានជួបជាមួយបុរសជនជាតិជប៉ុនម្នាក់ទៀត គ្រាដែលនាងរស់នៅសិង្ហបុរី ។
ជាមួយស្នេហាទី២នោះ បានឈានដល់ការភ្ជាប់ពាក្យដូចស្នេហាទី១ដែរ ។ នៅសល់ពេល២សប្តាហ៍ប៉ុណ្ណោះត្រូវរៀបអាពាហ៍ពិពាហ៍ ប៉ុន្តែជាអកុសល បុរសជប៉ុនម្នាក់នោះជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ទៀត ។ បច្ចុប្បន្ន អាម៉ុច មានស្នេហាជាមួយឧត្តមសេនីយ៍ម្នាក់ទៀត ប៉ុន្តែដោយសារតែនាងមិនអាចរស់នៅជាមួយបាន ក៏សុំចែកផ្លូវគ្នាវិញ ។ ចំណុចនេះ អាមុ៉ច បញ្ជាក់ថា ឧត្តមសេនីយ៍ម្នាក់នោះមិនដែលធ្លាប់ធ្វើបាបនាង ដូចសារព័ត៌មានលើកឡើងឡើយ គឺគាត់ស្រឡាញ់នាងខ្លាំងណាស់ ។ រឿងទី៣-អាម៉ុច ប្រាប់ថា ថ្មីៗនេះនាងទើបតែចាញ់បោកមិត្តភក្តិជិតស្និទ្ធម្នាក់អស់ជាង៤.០០០ដុល្លារ ក្នុងគម្រោងបើកហាងអ៊ុតសក់ជាមួយគ្នា ។ មិត្តភក្តិរបស់នាងបានយកប្រាក់ និងគ្រឿងអលង្ការរត់ចោលនាងបាត់ កាលពីបុ៉ន្មានថ្ងៃមុននេះ ។
ដោយអស់សង្ឃឹមក្នុងជីវិតកាន់តែខ្លាំង នាងបានសម្រេចចិត្ដមកលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វាដោយក្នុងដៃមានកាន់កូនកាំបិតចុងស្រួច១ ប៉ុន្ដែត្រូវបានប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ទីនោះឃើញទាន់ក៏បានជួយឃាត់ ទាន់ពេល ។ គួររំលឹកថា នៅព្រឹកថ្ងៃទី១២ សីហា គេឃើញនារីម្នាក់(នាងអាម៉ុច)ធ្វើដំណើរដោយថ្មើរជើងក្នុងទិសដៅពីកើតទៅលិចឡើងលើស្ពានក្នុងទឹកមុខស្រងូតស្រងាត់ និងមានកាន់កូនកាំបិតចិតបន្លែទំនងជាចង់ចាក់សម្លាប់ខ្លួន តែប្រហែលជាមិនហ៊ាន ។ ពេលធ្វើដំណើរជិតដល់ពាក់កណ្តាលស្ពាន ប្រុងតោងបង្កាន់ដៃស្ពានដើម្បីលោតទឹកសម្លាប់ខ្លួនក៏ត្រូវបានអ្នកដំណើររួមទាំងនគរបាលនាំគ្នាចាប់ឃាត់បញ្ជូនទៅកាន់ប៉ុស្ដិ៍នគរបាលជ្រោយចង្វាដើម្បីសាកសួរ ។
នៅព្រឹកនោះក៏ធ្វើឱ្យមានការភ្ញាក់ផ្អើលផងដែរ ខណៈពេលដែលនាងព្យាយាមរើបម្រះចេញពីប៉ុស្ដិ៍ប៉ូលិស ។ នៅពេលនាំទៅសួរ ទោះបីនាងមិនបានប្រាប់ពីមូលហេតុឱ្យបានច្បាស់ និងពីអត្តសញ្ញាណ ហើយគិតតែពីយំ យ៉ាងណាក៏ដោយ ក៏នាងបានបង្ហើបឱ្យនគរបាលដឹងថា នាងជាកូនកំព្រាមានបងប្អូន២នាក់បែកគ្នាតាំងពីតូច ហើយសាច់ញាតិក៏គ្មាន ។ នាងធ្លាប់ទៅធ្វើការនៅប្រទេសថៃរយៈពេល៥ឆ្នាំ រួចត្រឡប់មកវិញចូលរៀននៅសាលាបញ្ញាសាស្ត្រឆ្នាំទី១ ។ ខណៈពេលកំពុងរៀននោះ នាងមានទំនាក់ទំនងស្នេហាជាមួយបុរសម្នាក់ជាគូដណ្តឹងនឹងគ្នានៅសល់តែ១អាទិត្យទៀតរៀបការ បុរសនោះក៏ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ទៅ ហើយទំនាក់ទំនងស្នេហាជាមួយបុរសទី២នៅសល់តែ២អាទិត្យចូលរោងការ បុរសជាគូដណ្តឹងក៏ខ្យល់គរស្លាប់ទៀត ។ ក្រោយមកក៏មានស្នេហាទី៣ ជាឧត្តមសេនីយ៍ ស្រឡាញ់ថ្នាក់ថ្នមនិងផ្គត់ផ្គង់នាងគ្រប់បែបយ៉ាង ដោយចេញថ្លៃផ្ទះជួលឱ្យនៅ តែគាត់មានប្រពន្ធទៅហើយ ។
នាងបានឱ្យដឹងទាំងទឹកភ្នែកទៀតថា នៅថ្ងៃកើតហេតុ នាងត្រូវបានសង្សារជាឧត្តមសេនីយ៍ណែនាំកុំឱ្យដើរលេងជាមួយមិត្តភក្ដិច្រើនពេក តែនាងបានតមាត់ក៏មានទំនាស់ពាក្យសម្ដីឈ្លោះប្រកែកគ្នា ហើយសង្សារនោះបានទះកំផ្លៀងនាង៣ដៃធ្វើឱ្យនាងរត់ចេញពីផ្ទះមកលោតទឹកសម្លាប់ខ្លួនតែម្តង ។
នៅព្រឹកនោះ នគរបាលរដ្ឋបាលប៉ុស្ដិ៍ជ្រោយចង្វា បានទាក់ទងទៅសមាគមនារីសង្កាត់ ខណ្ឌ ហើយបានទាក់ទងហៅអង្គការមិត្តសំលាញ់ រួមទាំងមានអ្នកផ្សេងៗទៀតឱ្យជួយលួងលោម ព្រមទាំងមានការអប់រំណែនាំធ្វើឱ្យនាងស្ងប់អារម្មណ៍ និងនាំយកទៅស្នាក់ការអង្គការ ប៉ុន្ដែនាងពុំព្រម ។ តាមព័ត៌មានចុងក្រោយឱ្យដឹងថា នៅវេលាម៉ោង២និង២០នាទីរសៀលថ្ងៃដដែល នារីរូបនេះបានរករឿងបោករបស់របរក្នុងស្នាក់ការនគរបាលធ្វើឱ្យសមត្ថកិច្ចឈឺក្បាលតាំងពីព្រឹករហូត ព្រោះជាអ្នកមានវិបត្ដិដំបូងហើយ ដែលក្រពុលមុខអុកឡុកបែបនេះ ។
មន្ត្រីនគរបាលបានឱ្យដឹងថា បើសិនជាមិនឃាត់ និងធ្វើឱ្យស្ងប់អារម្មណ៍ទេ នារីរូបនេះអាចចេញទៅលោតទឹកសម្លាប់ខ្លួនរហូតបានសម្រេចជាមិនខាន ។ គួរបញ្ជាក់ថា នាងជាអ្នកមានវិបត្តិទី១៨ដែលធ្វើដំណើរមកលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វា ក្នុងរយៈពេល៨ខែ ដើមឆ្នាំ២០១៤នេះ ៕
ចែករំលែកព័តមាននេះ