រាជធានីភ្នំពេញ ៖ ចូលមកដល់ដើមឆ្នាំ២០២០ នេះ តារាចម្រៀងក្រមិចក្រមើម រ៉ូលីន ស្រាប់តែបង្ហាញស្ទីលសក់ម៉ូដប្លែកខុសពីពេលកន្លងទៅ។ ម៉ូដសក់ដែលកញ្ញាទាញទម្លាក់មកក្រោយវែងដល់ចង្កេះ បានបង្ហាញឃើញថា មានការចាប់អារម្មណ៍ ហើយម្នាក់ៗថា ប្លែក និងពូកែរកនឹក។
តារាចម្រៀងនិយមប្រើសំឡេងពីរ ប្រុស និងស្រី រ៉ូ លីន នៅតែទទួលបានប្រជាប្រិយភាពក្នុងនាមជាតារាលេចធ្លោ។ នាងក៏ក្លាយជាពិធីការិនីក្នុងស្ថានីយទូរទស្សន៍មួយជាមួយដៃគូ កាតុ ។

ក្រៅពីនេះ ក៏ធ្វើជាតារាចម្រៀងពេញមុខ ក្នុងផលិតកម្មធំមួយជាមួយសមាជិកតារាៗល្បីៗរួមទ្រនំ។ មួយចំណែកទៀត រ៉ូ លីន ក៏មានឱកាសជាតារាចម្រៀងលំដាប់ជួរមុខ តាមកម្មវិធីជប់លៀង តាមមង្គលការ ឬពិធីឡើងគេហដ្ឋានធំៗ របស់អ្នកជំនួញធំៗ ឬឧកញ៉ាលោកជំទាវផងដែរ។

យ៉ាងណាក៏ដោយ បើក្រឡេកមើល វិធីតុបតែងខ្លួនបែបនារី ឃើញថា នាងក៏ពូកែជ្រើសរើសម៉ូដសម្លៀកបំពាក់ប្លែកៗ តាមកម្មវិធីពិតជាមិនជាន់គ្នា ហើយទាក់ទាញ។ ជាពិសេសការប្តូរស្ទាយសក់ពីពាក់សក់ខ្លី មកវែង រឹតតែត្រូវចិត្តអ្នកគាំទ្រ។ របថថ្មីនេះ បានជម្រុញឱ្យសម្រស់របស់ រ៉ូលីន កាន់តែនៅវ័យក្មេង ក្រោយពេលប្តូរស្ទីលថ្មីមក។

ជួន ច័ន្ទកក្កដា ហៅរ៉ូលីន បានឱ្យដឹងថា យើងឆ្លងកាត់វិថីសិល្ប ច្រើនឆ្នាំទៅហើយ បើនៅតែមានភាពតែងខ្លួនដដែលៗក៏មិនសូវល្អ។ ម្ល៉ោះហើយការនិយមពាក់សក់ខ្លីកន្លងមក ក៏នឹកមកប្តូរដាក់សក់វែងម្តង ក្នុងន័យឱ្យប្លែកៗ។ ដូចនេះហើយ ក្រោយពេលផ្លាស់ប្តូរមក មានមិត្តសិល្បករមួយចំនួនថា ស្អាតប្លែក។ ដូចនេះ អាចធ្វើឱ្យនាងខិតខំរិះរកចំណុចថ្មីៗបន្ត ដើម្បីទាញការតាមដានចំពោះអ្នកគាំទ្រ។ (កែសម្រួលដោយ ៖ បុប្ផា)








ចែករំលែកព័តមាននេះ