ធនធាន​សិល្បៈ​បង់ជីវិត​ក្នុង​ឆ្នាំ​២០១៩


រាជធានី​ភ្នំពេញ ៖​ឆ្នាំ​២០១៩​កន្លង​មក កម្ពុជា​បាត់បង់​ធនធាន​សិល្បៈ​ជា​បន្តបន្ទាប់ ដោយ​មរណ​ភាព ខណៈ​ពេល​តារា​ជើង​ចាស់​មួយ​ចំនួន​ទៀត​ធ្លាក់ខ្លួន​ឈឺ មិន​អាច​វិល​រក​ការ​សម្តែង​វិញ​បាន ។ ការ​បាត់បង់​អ្នកសិល្បៈ​ដ៏​ល្អជា​ច្រើន​នាក់ គឺជា​រឿង​គួរ​ឲ្យ​សោកស្ដាយ ។

សម្ដេច​រាជបុត្រី ព្រះ​រៀម​នរោត្តម បុប្ផា​ទេវី បាន​យាង​សោយ​ព្រះ​ពិរាល័យ​ក្នុង​ព្រះ​ជន្ម ៧៧​ព្រះ​វស្សា នា​វេលា​ម៉ោង​១២ និង​៣០​នាទី ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៩ ក្នុង​មន្ទីរពេទ្យ​ប្រទេស​ថៃ ដោយ​រោគាពាធ ។ ដំណឹង​ស្តី​ពី​ការ​យាង​សោយ​ទិវង្គត​របស់​សម្តេច​រាជបុត្រី ព្រះ​រាម​នរោត្តម បុប្ផា​ទេវី បណ្តាល​ឲ្យ​មានការ​សោកស្តាយ និង​រន្ធត់​ចិត្ត នៅ​ក្នុង​ចំណោម​អ្នក​ដែល​ស្គាល់​ស្នាដៃ​របស់​ព្រះ​អង្គ ទាំង​នៅ​ក្នុង​ប្រទេស និង​ក្រៅប្រទេស ។ នៅ​ប្រទេស​បារាំង ជាទី​ដែល​របាំ​ព្រះរាជ​ទ្រព្យ​ត្រូវ​បាន​ថែរក្សា និង​បង្ហាត់បង្រៀន​យ៉ាង​ខ្ជាប់ខ្ជួន​ដោយ​អតីត​សាស្ត្រាចារ្យ​របាំ​បុរាណ​ខ្មែរ ការ​សោកស្តាយ​មាន​ទំហំ​ធំធេង​នៅ​ក្នុង​ចំណោម​នាដកា​ដែល​ធ្លាប់​ធ្វើការ​នៅ​ក្រោម​ព្រះរាជ​ដឹកនាំ​ផ្ទាល់​របស់​សម្តេចព្រះរាម​នរោត្តម បុប្ផា​ទេវី ។

លោក​ស៊ី​ន សេដ្ឋ​កុ​ល ចៅប្រុស​បង្កើត​របស់​អធិរាជ​សំឡេង​មាស​ស៊ី​ន ស៊ី​សា​មុត បាន​ទទួល​មរណ​ភាព​ក្នុង​អាយុ​៣៧​ឆ្នាំ ដោយ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត នា​ម៉ោង​៥ និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​៣០​ខែ ធ្នូ ឆ្នាំ​២០១៩ ។ មរណភាព​របស់​លោក​បាន​កើត​ឡើង​ត្រឹម​រយៈពេល​ប្រមាណ​៥​ឆ្នាំ​ប៉ុណ្ណោះ ក្រោយ​ឪពុក​របស់​លោក គឺ​លោក​ស៊ី​ន ច័ន្ទ​ឆាយា បាន​ទទួលមរណភាព កាលពី​ឆ្នាំ​២០១៥ ក្នុង​អាយុ​៥៩​ឆ្នាំ ដោយសារ​ដាច់​សរសៃឈាម​ដែរ ។

មរណភាព​របស់​លោក​ស៊ី​ន សេដ្ឋ​កុ​ល នា​ពេល​នេះ​ត្រូវ​គេ​សន្និដ្ឋាន​ថា ពូជពង្សវង្សត្រកូល​របស់​អធិរាជ​សំឡេង​មាស​លោក​ស៊ី​ន ស៊ី​សា​មុត ពិបាក​រក​អ្នក​បន្ត ក្នុង​ពេល​ដែល​កូន​៣​នាក់​របស់​លោក​ស៊ី​ន សេដ្ឋ​កុ​ល កំពុង​ស្ថិត​ក្នុង​វ័យ​កុមារភាព​នៅឡើយ ។

តារា​កំប្លែង​នាយ​សាន​ម៉ៅ បាន​ទទួលមរណភាព​កាលពី​ថ្ងៃ​ទី​២ ខែតុលា ឆ្នាំ​២០១៩ ក្នុង​ជន្មាយុ​៦០​ឆ្នាំ ដោយ​មូលហេតុ​ស្ទះ​បំពង់ខ្យល់ បណ្តាល​ឲ្យ​គាំងបេះដូង​ស្លាប់​តែ​ម្តង ។ មុន​មរណភាព​របស់​តារា​កំប្លែង​រូប​នេះ​កាលពីដើម​ឆ្នាំ​២០១៩ នាយ​សាន​ម៉ៅ បាន​ព្យាបាល​ធូរស្រាល​ពី​ជំងឺ​ត្រឹម​តែ​មួយ​រយៈ​ខ្លី ក៏​ស្រាប់តែ​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​ជាង​មុន ដោយ​តម្រូវ​ឱ្យ​ចោះ​បំពង់ក​ព្រោះ​ល​លោក​ពិបាក​ដកដង្ហើម ទើប​សម្រេច​ព្យាបាល​បែប​នេះ​តែ​ម្តង ។ ការ​ចោះ​បែប​នេះ​មិន​អាច​ឱ្យ​លោក​និយាយ​បាន​ងាយស្រួល​ដូច​ដើម​ឡើយ ហើយ​គ្រូពេទ្យ​តម្រូវ​ឱ្យ​ព្យាបាល​ប្រើ​ពេលវេលា​យូរ​ដើម្បី​សះស្បើយ ប៉ុន្តែ​ស្រាប់តែ​មក​ដល់​ថ្ងៃ​ទី​២ ខែតុលា ប្រដាប់​ដែល​ចោះ​បំពង់ក​ស្រូបខ្យល់​នោះ​មាន​បញ្ហា​ធ្វើ​ឱ្យ​លោក​គាំងបេះដូង​ស្លាប់​តែ​ម្តង ។

ដោយឡែក​សម្រាប់​តារា​កំប្លែង​ស្ងួត និង​តែងតែ​បង្ហាញ​វត្តមាន​សម្តែង​ក្នុង​ក្រុម​នាយ ក្រឹម ក្នុង​កម្មវិធី​សំណើច​ចុង​ស​ប្តា​ហ៍​របស់​ស្ថានីយទូរទស្សន៍​បាយ័ន នាយ​ស្មាញ បាន​ទទួលមរណភាព​ដោយសារ​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ត្រូវ​រថយន្ត​ដឹក​ដី​ធុន​ធំ​បុក និង​កិន​ពីក្រោយ ខណៈ​រួម​ដំណើរ​ជាមួយ​ភរិយា​របស់​លោក​ទៅ​ចូលរួម​មង្គល​ការកូន​នាយ​ក្តឹប ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤ និង​៣០​នាទី​រសៀល ថ្ងៃ​ទី ២៨ ខែធ្នូ ឆ្នាំ​២០១៩ នៅ​លើ​ផ្លូវ​៦០​ម៉ែត្រ​កែង​៣០​ម៉ែត្រ ភូមិ​ទួល​រកា សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

មុន​ទទួលមរណភាព​ដោយហេតុ​ការណ៍​ដ៏​អាក្រក់​នេះ តារា​កំប្លែង​ជើង​ចាស់​នាយ ស្មាញ មាន​ជំងឺ និង​បាន​ប្រយុទ្ធ​ជាមួយនឹង​ជំងឺ​ដ៏​កាច​សាហាវ​គេច​ផុត​ពី​ការ​ស្លាប់​អស់​រយៈ​ជា​ច្រើន​ឆ្នាំ ហើយ​បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​កំប្លែង​ឡើង​វិញ ក្រោយ​បាត់​មុខ​មួយ​រយៈ ។ ជំងឺ​របស់​លោក គឺជា​ជំងឺ​នោម​ធ្លាក់ឈាម ដែល​វា​អាច​ប្រែ​ទៅ​ជា​ជំងឺមហារីក តម្រូវ​ឲ្យ​វះកាត់​ជា​បន្ទាន់ ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ការ​ចំណាយ​ទៅ​លើ​ការ​វះកាត់​នោះ ចាប់ពី​៥​ពាន់​ដុល្លារ ទៅ​៦​ពាន់​ដុល្លារ ។

បើ​ទោះបីជា​តារា​កំប្លែង​រូប​នេះ​បាន​ទទួល​ការ​សន្ដោស​ប្រណី​ពី​ថ្នាក់ដឹកនាំ ហើយ​បាន​ទទួល​ការ​ព្យាបាល​ធូរស្រាល​បន្តិច​ក្តី ប៉ុន្តែ​មច្ចុរាជ​ហាក់​នៅ​តែ​គ្មាន​មេត្តា ដោយ​បាន​ឆក់​យក​ជីវិត​រូប​លោក​ដោយសារ​គ្រោះថ្នាក់​ចរាច​ណ៍​ដ៏​រន្ធត់​ទៅ​វិញ ។

លោក​សួន សុខ​ហ៊ី​ម ហៅ​នាយ​ស្មាញ ជា​អ្នកស្រុក​បាទី ខេត្តតាកែវ បាន​ចូល​បម្រើ​វិស័យ​សិល្បៈ​តាំងពី​កុមារភាព ហើយ​រូប​លោក​ធ្លាប់​បម្រើ​ការងារ​នៅ​នាយកដ្ឋាន​សិល្បៈ​ផង​ដែរ ។ ក្នុង​អាជីព​កំប្លែង​នាយ​ស្មាញ​ធ្លាប់​សម្តែង​ជាមួយ​ក្រុម​កំប្លែង​ជា​ច្រើន ដូច​ជា ក្រុម​លោក​ព្រហ្ម​ម៉ា​ញ​, តា​ផ្លុ​ង​មឿ​ក​, នាយ​កុយ និង​ក្រុម​នាយ​ក្រឹម ជាដើម ។ នាយ​ស្មាញ ចូលរួម​សម្តែង​ជាមួយ​ក្រុម​នាយ​ក្រឹម​ញឹកញាប់​ជាងគេ ដូច​ជា សម្តែង​ក្នុង​កម្មវិធី​តន្ត្រី​ស្រុកស្រែ​របស់​ទូរទស្សន៍​បាយ័ន ជាដើម ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

សិល្បៈ​និងវប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០៣:២៤ | ក្នុងស្រុក

ដាប់​ប៊ែ​ល​យូ​ប៊ី ហ្វា​យ​នែ​ន និង អ៊ូ​រី ហ្វា​យ​នែ​ន បាន​គួប​បញ្ចូល​គ្នា​ដោយ​ជោគ​ជ័យ​ទៅ​ជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​​ប្រាក់​បញ្ញើ​មួយ​កាន់តែ​ធំ និង​រឹង​មាំ

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ