យោងតាមតម្រាចារអំពីចរិតលក្ខណៈពិតពីកំណើតរបស់មនុស្សបានឱ្យដឹងថា មនុស្សយើងសុទ្ធតែមានចរិតលក្ខណៈខុសៗគ្នាទៅតាមថ្ងៃកំណើតទាំង៧គឺពីថ្ងៃចន្ទរហូតដល់ថ្ងៃអាទិត្យ ។ ខាងក្រោមនេះជាក្បួនតម្រាចារអំពីអត្តចរិតដែលមានលក្ខណៈខុសៗគ្នាទៅតាមថ្ងៃកើតទាំង ៧ដូចតទៅ៖
អ្នកកើតថ្ងៃចន្ទ ជាអ្នកមានទំនោរធ្វើតាមអារម្មណ៍បន្តិចដោយពេលខ្លះឆាប់អន់ចិត្ត ពេលខ្លះឆាប់សប្បាយចិត្ត តែជាមនុស្សស្គាល់ពីរបៀបគ្រប់គ្រងអារម្មណ៍របស់ខ្លួនបានល្អ និងជាអ្នកមានមនោសញ្ចេតនាជ្រៅទៅលើម នុស្សជាទីស្រលាញ់របស់ខ្លួន និងស្គាល់ពីតម្រូវការរបស់គេចាំបាច់ ។ ជាអ្នកចូលចិត្តជួយគេឲ្យអស់ពីសមត្ថភាព ព្រោះចង់ឲ្យមនុស្សជុំវិញខ្លួនបានល្អរស់នៅដោយសុភមង្គល និងសុខភាពល្អ ។
អ្នកកើតថ្ងៃអង្គារ ជាមនុស្សរឹងរូសបន្តិច ប៉ុន្តែមិនមែនជាមនុស្សដាច់ខាតទេ ។ ជាអ្នកឈរលើគោលការណ៍ខ្លួនឯងជាធំដោយមិនខ្លាចខុសឬត្រូវឡើយ ព្រោះតែមានគំនិតមួយថាត្រូវតែជម្នះឲ្យបាន ។ អ្នកមិនមែនជាមនុស្សដេករង់ចាំឱកាសនោះទេ តែជាអ្នកចាប់ឧកាស ឬបង្កើតឱកាស ដើម្បីដំណើរជីវិតខ្លួនឯង ។ ដោយសារជាអ្នកមានភាពម្ចាស់ការនិងឆ្លាតវ័យបែបនេះហើយទើបធ្វើឲ្យអ្នកមិនដែលបរាជ័យក្នុងការងារផងទាំងពួង ។
អ្នកកើតថ្ងៃពុធ ជាអ្នកពូកែឆ្ងល់ចូលចិត្តជជីកសួរព្រោះចង់ដឹងហេតុផល។ ដរាបណាមិនទាន់បានចម្លើយពិត ដរាបនោះអ្នកនឹងមិនឈប់ឆ្ងល់ឡើយ និងជាអ្នកពូកែបត់បែនតាមកាលៈទេសៈ និងចូលជំនុំចំណោមគេចុះគ្រប់ជំពូកមនុស្ស ។
អ្នកកើតថ្ងៃព្រហស្បតិ៍ ជាមនុស្សដែលចេះគិតគូរ ជាពិសេសគិតពីអ្នកដទៃច្រើនជាងខ្លួនឯង ។ អ្នកជាមនុស្សដែលមានចិត្តល្អ ស្រលាញ់និងខ្វល់ខ្វាយពីអ្នកដទៃ ហើយតែងតែធ្វើល្អជាមួយនឹងអ្នកផងទាំងពួងដោយប្រកាន់ខ្ជាប់នូវគំនិតសុទិដ្ឋិនិយមជានិច្ច ។
អ្នកកើតថ្ងៃសុក្រ ជាមនុស្សដែលមានគំនិតច្នៃប្រឌិតខ្ពស់ ជាអ្នកចូលចិត្តភាពស៊ីវិល័យ ដោយការស្លៀកពាក់ស្អាតៗ និងតែងខ្លួនប្លែកៗ ។ អ្នកចាយលុយមិនសូវចេះស្ដាយឡើយ ដើម្បីទិញរបស់ដែលអ្នកស្រលាញ់ ព្រោះវាជាសេចក្ដីសុខរបស់អ្នកគឺបែបហ្នឹង ។
អ្នកកើតថ្ងៃសៅរ៍ ភាគច្រើនជាមនុស្សមានអត្តចរិតទទួលខុសត្រូវនិងប្រយ័ត្នខ្ពស់បំផុត និងជាមនុស្សមិនសូវមានមិត្តភក្តិទេ និងមិនមែនជាអ្នកឆ្មើងឆ្មៃនោះទេ តែវាជារបត់នៃការយល់ឃើញរបស់អ្នកតាំងពីកំណើត ។
អ្នកកើតថ្ងៃអាទិត្យ ជាមនុស្សមិនសូវចេះមាត់កច្រើនទេ រាងអៀនបន្តិច មិនចូលចិត្តភាពលេចធ្លោ និងជាមនុស្សមានសន្តានចិត្តល្អចូលចិត្តជួយអ្នកដទៃដើម្បីសម្រាលការលំបាកផ្សេងៗ ។ អ្នកជាមនុស្សសាមញ្ញម្នាក់ រាល់ការសម្រេចចិត្តគឺជាជ្រើសរើសដោយខ្លួនអ្នកផ្ទាល់ និងពេលមានបញ្ហា អ្នកមានភាពឆ្លាតវៃរកដំណោះស្រាយបានងាយ ៕ ដោយសាន សារិន
ចែករំលែកព័តមាននេះ