កាលពីសប្ដាហ៍កន្លងមកភាពយន្តដែលរកចំណូលច្រើនបំផុត បានទៅលើរឿង «Dumbo» ឬ«កូនដំរីហោះ» ជាភាពយន្តផ្សងនឹងគ្រោះថ្នាក់ ស្ថិតក្នុងចំណាត់ថ្នាក់ទី១មានប្រាក់ចំណូលប្រហែល៤៥លានដុល្លារ ។ នេះបើតាមការរៀបចំណាត់ថ្នាក់របស់ «CinemaScore» មានទស្សនិកជន៥៣ភាគរយជាស្ត្រី ខណៈពេល៥៤ភាគរយនៃទស្សនិកជនមានអាយុជាង២៥ឆ្នាំ ។
ដោយឡែកក្នុងសប្ដាហ៍កន្លងមកការបញ្ចាំងនៅឯបរទេសអាចរកចំណូលបាន៧១លានដុល្លារ ខណៈពេលចំណូលសរុបនៅលើពិភពលោកបានឡើងខ្ពស់ដល់១១៦លានដុល្លារ ។ ចំណូលពីបរទេសភាគច្រើនបានពីប្រទេសបារាំង អ៊ីតាលី អេស្ប៉ាញ រស្សុី អង់គ្លេស អាហ្សង់ទីន ប្រេសុីល និងមុិកសុិក ។
ចំណាត់ថ្នាក់ទី២បានលើរឿង«Us»ជារឿងរន្ធត់រកចំណូលបាន៣៣,៦លានដុល្លារ ។ ចំណូលសរុបពីការដាក់បញ្ចាំងនៅអាមេរិកក្នុងរយៈពេល២សប្ដាហ៍ដំបូងមានជាង១២៨,២២លានដុល្លារ គិតសរុបនៅបរទេសមានជាង៤៦,៣លានដុល្លារ ។ បច្ចុប្បន្នភាពយន្តនោះរកចំណូលនៅលើពិភពលោកមានប្រហែល១៧៥លានដុល្លារ ។ លំដាប់ទី៣បានទៅលើភាពយន្តរឿង «Captain Marvel» ក្នុងសប្ដាហ៍កន្លងមករកចំណូលបាន២០,៥លានដុល្លារ ៕
ចែករំលែកព័តមាននេះ