ខេត្តកំពង់ធំ ៖ មានករណីមនុស្សប្រុសម្នាក់លង់ទឹកស្រះបណ្តាលឲ្យស្លាប់ បានបង្កឲ្យមានការភ្ញាក់ផ្អើល កើតឡើងកាលពីវេលាម៉ោងជាង១១ព្រឹក ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅភូមិក្រចាប់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ លោកវរៈសេនីយ៍ឯក ញ៉ែម ឈុនលី អធិការនគរបាលក្រុងស្ទឹងសែន ប្រាប់ថា ករណីមនុស្សលង់ទឹកស្លាប់ខាងលើនេះ ជនរងគ្រោះឈ្មោះ ចេក ជ ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិកើហេតុខាងលើ។
បើយោងតាមការឲ្យដឹងពីឈ្មោះ មុត សុគាំ ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិជាមួយជនរងគ្រោះប្រាប់ថា នៅថ្ងៃកើតហេតុ ពួកគាត់មានគ្នាចំនួន ៧នាក់ទាំងជនរងគ្រោះ បាននាំគ្នាអង្គុយផឹកស្រាស តាំងពីម៉ោងជាង៨ព្រឹក រហូតដល់ម៉ោង១១ថ្ងៃត្រង់ អស់ស្រាសចំនួន៣លីត្រ។ ពេលនោះស្រាប់តែជនរងគ្រោះឈ្មោះ ចេក ជ ក៏បានស្រាតខោអាវវែងចេញ រួចលោតចុះមុជទឹកស្រះនៅខាងក្រោយរោងផឹកស៊ី មួយសន្ទុះមិនឃើញផុស រូបគាត់ក៏ចុះមុជរាវរក តែរកមិនឃើញជនរងគ្រោះ ក៏ងើបពីទឹកស្រែកហៅគ្នីគ្នាឲ្យចុះជួយមុជរក ទើបប្រទះឃើញជនរងគ្រោះ ហើយក៏នាំគ្នាដឹកយកទៅកាន់មន្ទីរពេទ្យឲ្យជួយសង្គ្រោះ។
តែនៅពេលដឹកដល់ពេទ្យត្រូវបានគ្រូពេទ្យ ប្រាប់ថា ជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ក្រោយទទួលបានព័ត៌មាននេះ សមត្ថកិច្ចនគរបានប៉ុស្តិ៍អាចារ្យលាក់របស់លោក ក៏បានចុះទៅដល់កន្លែងកើតហេតុសួរនាំ បានដឹងច្បាស់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារ ស្រវឹងស្រារួចចុះមុជទឹកស្រះបណ្តាលឲ្យលង់ស្លាប់ ប្រាកដមែន ក៏ប្រគល់សាកសពជូនសាច់ញាតិយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕
ចែករំលែកព័តមាននេះ