រាជធានីភ្នំពេញ ៖ បច្ចុប្បន្នគេសង្កេតឃើញនៅតាមពិធីមង្គលការ មានវត្តមានអាចារ្យវ័យក្មេង ខុសពីមុនសុទ្ធតែអាចារ្យវ័យចំណាស់ ។ ភាគច្រើនអាចារ្យវ័យក្មេងទាំងនោះបានឆ្លងកាត់ការសិក្សា និងការបណ្តុះបណ្តាលត្រឹមត្រូវពីក្រសួងធម្មការ និងសាសនា មុនពេលចាប់អាជីព ។
តារាកំប្លែង និងជាអ្នកច្រៀងកាត់សក់ក្នុងមង្គលការអ្នកនាងកាឆយ កាលពីពេល ថ្មីៗកន្លងមកឲ្យដឹងថា បច្ចុប្បន្នអាចារ្យវ័យក្មេងពិតជាមានច្រើននៅក្នុងពិធី ផ្សេងៗ ហើយពួកគាត់ទាំងនោះរៀបពិធីបានល្អ ដោយសារបានរៀនសូត្រចេះដឹង ។ តាមការសង្កេតរបស់នាង នៅតាមពិធីមង្គលការនានា គឺនៅតែមានវត្តមានអាចារ្យចាស់នៅឡើយ ប៉ុន្តែអាចារ្យក្មេងក៏នៅតែហាត់រៀនពីអាចារ្យចាស់ដែរ ។ អាចារ្យ ក្មេងៗអាចនឹងកើតមានច្រើននៅតាមពិធីមង្គលការ ចំណែកនៅតាមវត្តអារាម និងពិធីបុណ្យ ផ្សេងៗនោះគឺអាចារ្យ ចាស់ៗនៅតែមានវត្តមានច្រើនដដែល ។
ក្នុងនាមជាអ្នកសិល្បៈជើងចាស់មួយរូប អ្នកនាងកាឆយបានសំណូមពរដល់យុវជនដែលចង់ក្លាយជាអាចារ្យនោះ គួរសិក្សារៀនសូត្រឲ្យបានច្បាស់លាស់លើផ្នែកនេះជាមុនសិន មុនពេលចូលកាន់កម្មវិធី ផ្សេងៗ ។ ចំណែកតារាកំប្លែងលោកខាត់ ចំរើន បានអះអាងថា បច្ចុប្បន្នអាចារ្យវ័យក្មេងមានការកើនឡើងគួរឲ្យកត់សម្គាល់ ខណៈពេលដែលអាចារ្យទាំងនោះខ្លះបានទទួលការបណ្តុះបណ្តាលត្រឹមត្រូវ និងខ្លះទៀតបានទទួលចំណេះដឹងពីឪពុក តៗមក ។ បើតាមលោកខាត់ ចំរើន បច្ចុប្បន្នដោយសារមង្គលការកើនឡើង ហេតុនេះអាចារ្យដែលភ្ជាប់ជាមួយក្រុមផ្នួង គឺគេមិនសូវជាគិតឡើយ បើទោះបីជាអាចារ្យក្មេងខ្លះនៅខ្វះគុណភាព ហើយមានតម្លៃសមរម្យគឺមិនជាបញ្ហាឡើយ សំខាន់ផ្នួងបានចំណេញ ។
លោកខាត់ ចំរើន បញ្ជាក់ថា សម្រាប់ម្ចាស់ពិធីដែលចង់បានអាចារ្យល្អ ឬគេហៅចាអាចារ្យលំដាប់នោះ គឺត្រូវទាមទារឲ្យមានការកក់ទុកមុន ជាមួយការចរចាតម្លៃផងដែរ ។ ប្រសិនបើតម្លៃមិនត្រូវទេនោះ ច្បាស់ណាស់អាចារ្យធំនោះនឹងឲ្យកូន ឬកូនសិស្សទៅជំនួសជាក់ជាមិនខានឡើយ ។
ជាអាចារ្យវ័យក្មេងមួយរូបប្រចាំស្រុកកៀនស្វាយលោករុន សុភ័ក្រ បានឲ្យដឹងថា បើប្រៀបធៀបកាលពី១០មុន គឺមានភាពខុសគ្នាច្រើន ដោយសារតែភាគច្រើនពាក្យអាចារ្យគឺគេសំដៅតែទៅលើមនុស្សចាស់មានវ័យ៦០ប្លាយទៅទើបអាចធ្វើអាចារ្យបាន។ ប៉ុន្តែសម័យនេះមិនមែនដូច្នេះឡើយ អាចារ្យវ័យក្មេងក៏អាចធ្វើបានដែរ ប្រសិនបើយើងទទួលបានការបណ្តុះបណ្តាលលើផ្នែកនេះបានត្រឹមត្រូវ ហើយម្យ៉ាងការកើនឡើងនៃអាចារ្យវ័យក្មេងនេះទៀតសោតក៏បានស្របទៅនឹងអនុសាសន៍របស់ប្រមុខដឹកនាំដែលលើកឡើងពីវិបត្តិអាចារ្យសម្រាប់រៀបចំពិធីមង្គល ផ្សេងៗ ។ តាមរយៈអនុសាសន៍នោះហើយបានជាក្រសួងធម្មការនិងសាសនាបានបង្កើតឲ្យមានការបណ្តុះបណ្តាលផ្នែកអាចារ្យជាបន្តបន្ទាប់ ដោយបានបែងចែកជាអាចារ្យយូគី(អាចារ្យសព) និងអាចារ្យសម្រាប់ពិធីមង្គល ផ្សេងៗ ដែលកក្តានេះនាំឲ្យមានការកើនឡើងនៃអាចារ្យវ័យក្មេង ។
លោករុន សុភ័ក្រ បន្ថែមថា ភាគច្រើននៃអាចារ្យវ័យក្មេងចេញទៅធ្វើអាចារ្យនោះគឺមានវិញ្ញាបនបត្រ ដោយសារបានទទួលការបណ្តុះបណ្តាលពីព្រឹទ្ធាចារ្យមង្គលនានារបស់ក្រសួង ហើយជាពិសេសអ្នកដែលធ្លាប់បួសជាព្រះសង្ឃ ហើយពេលសឹកទៅគឺទៅធ្វើជាអាចារ្យ ។
លោក សុភ័ក្រ ថ្លែងថា«ការកើនឡើងនៃអាចារ្យ ក្មេងៗនេះគឺដោយសារតែបច្ចុប្បន្នមង្គលការមានការកើនឡើង ហើយម្យ៉ាងដើមឡើយអាចារ្យសពក៏អាចមកធ្វើអាចារ្យការបានដែរ ប៉ុន្តែបន្ទាប់ពីលោកបានទទួលការសិក្សាពីគរុសល្យមក គឺអាចារ្យមានការបែងចែកគ្នាដាច់តែម្តង មិនអាចឡូកឡំគ្នាបានឡើយ ហេតុនេះទើបបណ្តាលឲ្យមានការខ្វះខាតនូវអាចារ្យ បានជាក្រសួងបើកវគ្គបណ្តុះបណ្តាលនេះឡើង ជាហេតុនាំឲ្យអាចារ្យក្មេងមានការកើនឡើង ។ យ៉ាងណាក៏ដោយជឿថា នៅពេលដែលអាចារ្យដែលមានវ័យក្មេងទៅធ្វើពិធីអ្វីមួយនោះគឺចៀសមិនផុតឡើយពីពាក្យរិះគន់ និងការសរសើរ។ប៉ុន្តែបច្ចុប្បន្ននេះអាចារ្យវ័យក្មេងគឺមានការលើកសរសើរច្រើនពីមហាជន ដោយសារតែពួកគាត់មានការយល់ដឹងពេលដែលអាចារ្យទាំងនោះបានរៀបចំពិធីបានល្អ ហើយពួកគាត់ខ្លះដឹងពីការបណ្តុះបណ្តាលយ៉ាងត្រឹមត្រូវរបស់ក្រុមអាចារ្យវ័យក្មេង ។ សម្រាប់រូបខ្ញុំផ្ទាល់ក៏ធ្លាប់ទទួលបាននូវការរិះគន់ និងផ្តល់យោបល់ពីមជ្ឈដ្ឋាននានាផងដែរ ចំពោះការចាប់អាជីពជាអាចារ្យទាំងវ័យក្មេងនាពេលនេះ ។ ពួកគាត់ទាំងបានជំរុញឲ្យខ្ញុំទៅធ្វើការងារផ្សេងខុសពីអាចារ្យ ដោយសារតែខ្ញុំទើបមានវ័យប៉ុននេះ មិនសក្តិសមមកធ្វើជាអាចារ្យនោះឡើយ ។ ប៉ុន្តែបន្ទាប់ពីពួកគាត់ទាំងនោះបានឃើញពីការដឹកនាំរបស់ក្រុមអាចារ្យខ្ញុំជាមួយនឹងការសិក្សារៀនសូត្រ ទើបពួកគាត់ទទួលយកនូវអ្វីដែលពួកខ្ញុំបានធ្វើនាពេលនេះ ហើយពួកគាត់ក៏ចាប់ផ្តើមទទួលស្គាល់ពីកម្រិតអាចារ្យក្មេង និងក្លាយជាទម្លាប់ទូទៅ »។
បើតាមលោកសុភ័ក្រ សម្រាប់ទីផ្សារការងាររបស់លោកគឺប្រព្រឹត្តទៅតាមកាលវេលាជាធម្មតា ដោយសារតែលោកគឺជាអាចារ្យពេលាអាចារ្យបុណ្យ ផ្សេងៗ តែលោកមិនទទួលអាចារ្យសម្រាប់ពិធីបុណ្យសពឡើយ ។
បើយោងតាមរបាយការណ៍របស់ក្រសួងធម្មការ និងសាសនាឲ្យដឹងថា វគ្គបណ្តុះបណ្តាលតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ ដែលបានចាប់អនុវត្តតាំងពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១០ រហូតមកដល់ឆ្នាំ២០១៧ គឺបានចំនួន៣១វគ្គ មានសិក្ខាកាមសរុបចំនួន៩៧៨៥រូប (ព្រះសង្ឃ៥០៩ អង្គ, ស្ត្រី១៣១នាក់)៕
ចែករំលែកព័តមាននេះ