ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រៃ​ឡង់​និង​ព្រៃ​សហគមន៍​នៅ​តែ​រង​ការ​កា.ប់​បំផ្លាញ រឹបអូស​បាន​ឈើ​រាប់រយ​កំណាត់​តែ​រក​ម្ចាស់​មិនឃើញ

7 ឆ្នាំ មុន

ខេត្ដក្រចេះ ៖ បទល្មើស​ព្រៃឈើ​ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​កើតឡើង​យ៉ាង​ពេញ បន្ទុក​នៅ​ស្រុក​ព្រែក​ប្រសព្វ ។ ឈើ​ទាំងនោះ​ក៏​ត្រូវ​បាន​គេ​ដឹង​ថា

ខេត្ដក្រចេះ ៖ បទល្មើស​ព្រៃឈើ​ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​កើតឡើង​យ៉ាង​ពេញ បន្ទុក​នៅ​ស្រុក​ព្រែក​ប្រសព្វ ។ ឈើ​ទាំងនោះ​ក៏​ត្រូវ​បាន​គេ​ដឹង​ថា គឺ​ឈ្មួញ​បាន​កាប់​អារច្រៀក​នាំ​ចេញពី​តំបន់ព្រៃ​ឡង់ និង​ព្រៃ​សហគមន៍​នៅ​ក្នុង​តំបន់​នោះ ។ ការ​កាប់​បំផ្លាញ​ព្រៃឈើ​ជា​ទ្រង់ទ្រាយ​ធំ​សម្រាប់​ខេត្តក្រចេះ​នេះ កំពុង​កើត​មាន​ធ្ងន់ធ្ងរ​នៅ​តំបន់​អភិរក្ស​ព្រៃ​ឡង់ និង​ព្រៃ​សហគមន៍​នានា ព្រោះ​តែព្រៃ​នៅ​តំបន់​នោះ​សម្បូរ​ទៅ​ដោយ​ដើមឈើ​ធំ​ៗ ហើយ​ក៏​រង​ការ​កាប់​បំផ្លាញ​ឥត​ឈប់​ឈរ​ដែរ ។ សកម្មភាព​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នេះ ធ្វើ​ឲ្យ​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​នៅ​តំបន់​នោះ សម្តែង​ការ​ព្រួយបារម្ភ​ពី​ការ​វិនាស​ហិនហោច​ដោយសារ​ការ​កាប់​បំផ្លាញ​ធ្វើ​អាជីវកម្ម​ខុសច្បាប់​របស់​ក្រុម​ឈ្មួញ ហើយ​ការ​ទប់ស្កាត់​គ្មាន​ប្រសិទ្ធភាព ។

ប្រជា​សហគមន៍​មួយ​រូប​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​និង​មន្ដ្រី​ជំនាញ​ចាត់វិធានការ​ទប់ស្កាត់​ឲ្យ​ទាន់​ពេលវេលា​ផង ដើម្បី​ការពារ​ឈើ​ក្នុង​តំបន់​នោះ​ដែល​កំពុង​រង​ការ​កាប់​បំផ្លាញ​រីក​រាលដាល​កាន់តែ​ខ្លាំង​ឡើង ។

ការ​លើក​ឡើង​ដោយ​សម្តែង​នូវ​ក្តី​ព្រួយបារម្ភ​របស់​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ បាន​ធ្វើ​ឡើង​បន្ទាប់​គេ​រក​ឃើញ​ឈើ​អារ​រាប់​សិប​ម៉ែត្រគូប សុទ្ធ​សឹង​ជា​ប្រភេទ​សុក្រ​មានមុខ​កាត់ធំ​ៗ ត្រូវ​គេ​កាប់​និង​អារច្រៀក​ចេញពី​ក្នុង​ព្រៃ ដូច​ជា​ព្រៃ​ឡង់​និង​ព្រៃ​សហគមន៍ និង​បាន​យក​មក​ស្តុក​ទុកជា​គំនរ​នៅ​ចំណុច​ព្រៃ​សហគមន៍​ប្រាសាទព្រៃ​ទឹកខ្មៅ ចំណុច​ត្រពាំង​ថ្វាង ភូមិ​ទន្សោង​ធ្លាក់ ឃុំ​កំពង់ចាម ស្រុក​សំបូរ កាលពី​ថ្ងៃ​ទី​១២ ខែមីនា​កន្លង​មក ។

សេចក្តីរាយការណ៍​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា ជាមួយនឹង​វិនាសកម្ម​ព្រៃឈើ​ក្នុង​ដែន​គម្រប​ព្រៃ​អភិរក្ស​ដែល​កំពុង​កើត​មាន​នេះ ក៏​នៅ​មិន​ទាន់​មាន​អាជ្ញាធរ​ឬ​ស្ថាប័ន​ជំនាញ​ណាមួយ ទទួលខុសត្រូវ​ទៅ​លើ​បទល្មើស​មួយ​នេះ​ទេ គឺ​បាន​ត្រឹមតែ​ចូល​ទៅ​យក​លុយ ហើយ​រុញ​ការ​ទទួលខុសត្រូវ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក ។

ប្រភព​ព័ត៌មាន​បាន​រាយការណ៍​មក​ថា ការកាប់​បំផ្លាញ​ព្រៃឈើ​នៅ​តំបន់​អភិរក្ស ដោយ​សហគមន៍​គ្រប់គ្រង​ដោយ​រដ្ឋបាល​ព្រៃឈើ ក៏​ដូច​ជា​នៅ​ព្រៃ​ឡង់ ដែល​គ្រប់គ្រង​ដោយ​មន្ត្រី​បរិស្ថាន គឺ​នៅ​តែ​កើត​មាន ហើយ​មន្ត្រី​ជំនាញ​ទាំង​២​ស្ថាប័ន​មិន​ដែល​មានការ​បង្ក្រាប​ម្តងណា​ទេ ។ ការ​កាប់​បំផ្លាញ​ព្រៃឈើ​ទាំងនោះ​ក៏​ត្រូវ​គេ​ដឹង​ថា​បាន​កើត​មាន​ឡើង​ដោយសារ​ការ​បើកដៃ​ពី​អាជ្ញាធរ ពិសេស​ប្រធាន​សហគមន៍ និង​អតីត​ប្រធាន​សហគមន៍ ជាមួយនឹង​ក្រុម​ឈ្មួញ ។

តប​ទៅ​នឹង​ការ​លើក​ឡើង​ពី​បទល្មើស​ព្រៃឈើ ដែល​កំពុង​កើត​មាននៅ​តាម​ព្រៃ​សហគមន៍ និង​ព្រៃ​ឡង់​នេះ លោក អោ​ក ដា​រុន អនុប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ​ខេត្ត ទទួល​បន្ទុក​បង្ក្រាប​បទល្មើស​ព្រៃឈើ បាន​ប្រាប់​អ្នកកាសែត​ដោយ​បញ្ជាក់​យ៉ាង​ខ្លី​ថា ការងារ​នេះ​រង់ចាំ​មន្ត្រី​ជំនាញ​ធ្វើការ​សិន និង​កំពុង​តែ​ស្ថិត​ក្នុង​ការ​ស្រាវជ្រាវ​នៅឡើយ ។ លោក​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ច្រើន​នោះ​ទេ ។

ដោយឡែក ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត លោក ឆាយ ដួង​សា​វុ​ធ បាន​ឲ្យ​ដឹង​ថា ព័ត៌មាន​នៃ​ការ​ស្តុក​ឈើ​ខុសច្បាប់​ខាងលើ លោក​បានដឹង​យូរ​ដែរ​ហើយ ដោយ​ក្រុម​សហគមន៍​រាយការណ៍​ហើយ​ឥឡូវ​លោក​បាន​ចាត់​កម្លាំង​ត្រៀមចាំ​ស្ទាក់​ចាប់​រួច​ហើយ ។

បើ​តាម​សេចក្តីរាយការណ៍​ចុង​ក្រោយ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៤ ខែមីនា ថា ឈើ​សុ​ក្រំ​ដែល​ឈ្មួញ​កាប់​និង​អារច្រៀក​ខុសច្បាប់ ហើយ​ស្តុក​ជា​គំនរ​នៅ​តំបន់​ព្រៃ​សហគមន៍​ខាងលើ គឺ​ត្រូវ​បាន​ដឹក​ចេញពី​តំបន់​នោះ​អស់​មួយ​ចំនួន​ហើយ​កាលពី​យប់​ថ្ងៃ​ទី​១៣ ខែមីនា ។ ទោះជា​យ៉ាងណា ឈ្មួញ​ឈើ​ជា​នរណា​នោះ មិន​ត្រូវ​បាន​ក្រុម​មន្ដ្រី​ប្រាប់​ឱ្យ​ដឹង​ទេ ៕