រាជធានីភ្នំពេញ ៖ ក្នុងការផ្សព្វផ្សាយខ្សែភាពយន្តកំប្លែងរឿង «ព្រះតេជគុណជេស4G» របស់ថៃ មានការចូលរួមពីតួសម្តែងក្នុងរឿង ព្រមទាំងការអបអរសាទរពីយុវវ័យជាច្រើន។ ពិធីផ្សព្វផ្សាយនេះរៀបចំនៅរោងភាពយន្តលេជេន ផ្សារស្ទឹងមានជ័យ រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២០ ឧសភា ឆ្នាំ២០១៦ ។
តារាសម្តែងថៃដែលរោងភាពយន្តអញ្ជើញមកនោះ គឺនិក គុណណាធីប, ជេស, ប៉ាដុង កូស, អាកការ៉ាត់ ។ តារាទាំង៤ដួងបានសម្តែងក្តីរីករាយ ខណៈឃើញមានអ្នកគាំទ្រកម្ពុជាច្រើន ។ នាឱកាសនោះយុវវ័យជាច្រើនបានចូលរួមអបអរសាទរតារាសម្តែងថៃ ។
វត្តមាននៅកម្ពុជានេះ ក្រុមតារាសម្តែងថៃបានថ្លែងអំណរគុណរោងភាពយន្តលេជេន និងក្រុមការងារដែលអញ្ជើញពួកគេមកផ្សព្វផ្សាយខ្សែភាពយន្តរឿង «ព្រះតេជគុណជេស4G» ហើយអនុញ្ញាតឱ្យអ្នកគាំទ្របានជួបស្វាគមន៍រាក់ទាក់ជាមួយពួកគេ ។
រឿង «ព្រះតេជគុណជេស4G» នឹងចាក់បញ្ចាំងនាថ្ងៃទី២៦ ឧសភា ឆ្នាំ២០១៦នៅគ្រប់រោងភាពយន្តក្នុងរាជធានីភ្នំពេញ ។ សូមទស្សនិកជនត្រៀមខ្លួនសើចឲ្យហើយព្រោះនេះជារឿងបែបកំប្លែងរីករាយស្ទើរតែគ្រប់ឈុតឆាកស្របពេលដែលតារាសម្តែងសុទ្ធតែត្រូវចិត្តយុវវ័យ ។
នាឱកាសជួបផ្ទាល់ជាមួយក្រុមអ្នកគាំទ្រ តារាសម្តែងថៃទាំងនោះបានរាំបើកឆាកជាមួយបទចម្រៀងក្នុងសាច់រឿងជូនអ្នកគាំទ្រទស្សនា ។មិនតែប៉ុណ្ណោះអ្នកគាំទ្រមួយចំនួនត្រូវអ្នករៀបចំកម្មវិធីអនុញ្ញាតឱ្យថតរូបជាមួយតួថៃក្នុងភាពស្និទ្ធស្នាលដើម្បីបង្ហាញក្តីស្រឡាញ់រាប់អានគ្នា ។
រោងភាពយន្តលេជេនជារោងភាពយន្តទំនើបមួយនៅកម្ពុជាដែលមានការពេញនិយមតាំងពីយូរមកហើយ សម្រាប់ទស្សនិកជននិយមទស្សនាខ្សែភាពយន្តនានា មិនថាតែភាពយន្តហូលីវូដ ឬខ្សែភាពយន្តខ្មែរឡើយ ។ រោងភាពយន្តលេជេនមិនត្រឹមតែគាំទ្រដល់ភាពយន្តបរទេសមកចាក់បញ្ចាំងនោះទេ ថែមទាំងពេញចិត្តគាំទ្រលើវិស័យភាពយន្តខ្មែរផងដែរ ។ រោងភាពយន្តលេជេនតែងតែផ្តល់ឱកាសដល់ផលិតករបានចាក់បញ្ចាំងរឿងខ្មែរក្នុងន័យសម្រួលលើកទឹកចិត្តដល់ភាពយន្តខ្មែរ ដែលកំពុងបោះជំហានទៅមុខ។ ក្រៅពីលើកស្ទួយដល់វិស័យភាពយន្ត លេជេនក៏តែងតែជួយដល់សកម្មភាពមនុស្សធម៌ ព្រមទាំងលើកកម្ពស់វិស័យកីឡាផងដែរ ៕
ចែករំលែកព័តមាននេះ