រាជធានីភ្នំពេញ ៖ ខ្សែភាពយន្តខ្មែរ ល្បីៗអំឡុងទសវត្ស៩០ នឹងបញ្ចាំងជាថ្មីឡើងវិញតាមកញ្ចក់ទូរទស្សន៍ ។
ការប្រមូលខ្សែភាពយន្តខ្មែរអំឡុងពេលនោះចាក់ផ្សាយនៅស្ថានីយទូរទស្សន៍ បន្ទាប់ពីឱសានវាទរបស់ក្រសួងព័ត៌មានដែលហាមមិនឲ្យចាក់ផ្សាយភាពយន្តបរទេសនៅម៉ោងពិសេសនឹងចាប់ផ្តើមដំណើរការនៅដំណាច់ឆ្នាំ២០១៥នេះ ។
ខ្សែភាពយន្តជំនាន់អ្នកនាងអម្ពរទេវី ដែលធ្លាប់មានឈ្មោះបោះសំឡេង និងទទួលបានការគាំទ្រពីទស្សនិកជន ត្រូវស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍យកចាក់ផ្សាយសម្រាប់បម្រើអារម្មណ៍ទស្សនិក ជន នាពេលបច្ចុប្បន្ននេះ ។
តាមរយៈការបញ្ចាំងខ្សែភាពយន្តខ្មែរ ចាស់ៗនេះរំពឹងនឹងអាចទាក់ទាញអ្នកទស្សនាបានច្រើន បើទោះជាពេលបច្ចុប្បន្នលំហូរនៃការបញ្ចាំងភាពយន្ត ថ្មីៗ និងទាន់សម័យរីកដូចផ្សិតក៏ដោយ ។ ក្នុងបទសម្ភាសន៍ជាមួយគេហទំព័រព័ត៌មានក្នុងស្រុកមួយ លោកញាណ សុធី អ្នកទទួលបន្ទុកខាងទីផ្សារ និងជាអ្នករៀបចំកម្មវិធីមួយរូបប្រចាំទូរទស្សន៍អាស៊ីអាគ្នេយ៍អះអាងកាលពីពេល ថ្មីៗកន្លងមកថា ស្ថានីយទូរទស្សន៍របស់លោកបានប្រមូលទិញភាពយន្ត ចាស់ៗដែលសម្ដែងដោយអ្នកនាងអម្ពរ ទេវី និងលោកទេព រិនដារ៉ូ ដើម្បីចាក់ផ្សាយឡើងវិញ ។ មកទល់ពេលនេះ ខ្សែរឿងជំនាន់នោះប្រមូលទិញបានច្រើន ដោយរឿងភាគច្រើនគឺសម្ដែងដោយអ្នកនាងអម្ពរ ទេវី និងលោកទេព រិន្ទដារ៉ូ ។ ខ្សែភាពយន្តទាំងនោះកំពុងរៀបចំកាត់ ជាភាគៗ និងថែមថយពន្លឺ ដោយមានកែលម្អរូបភាពធ្វើឲ្យទាក់ភ្នែកមិនឲ្យចាញ់ភាពយន្តដែលផលិតនៅក្នុងសម័យទំនើបនេះឡើយ ។
បើតាមអ្នករៀបចំកម្មវិធីរូបនេះ ស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍នឹងបើកឆាកចាក់ផ្សាយខ្សែភាពយន្តរឿង «សម្ដីចុងក្រោយ» មុនគេដែលសម្ដែងដោយអ្នកនាងអម្ពរ ទេវី និងលោកទេព រិនដារ៉ូ។ បន្តបន្ទាប់មកខ្សែរឿងដែលប្រមូលទិញបានផ្សេងទៀតនឹងបញ្ចាំងបន្តបន្ទាប់គ្នា ដោយរំពឹងថា នឹងទទួលបានការចាប់អារម្មណ៍ពីទស្សនិកជន ។
តារាភាពយន្តជើងចាស់លោកទេព រិនដារ៉ូ អះអាងថា នៅចុងទសវត្សរ៍៨០ និងទសវត្សរ៍៩០ លោក និងអ្នកនាងអម្ពរ ទេវី បានសម្ដែងរឿងរួមគ្នាមិនតិចជាងពី៥០ទៅ៦០រឿងទេ ដោយរឿង ល្បីៗរួមមាន រឿង «សម្ដីចុងក្រោយ» រឿង «ឆ្អឹងអណ្ដែត» រឿង «ចុងស្រល់» និងរឿង «ជើងមេឃដាច់ស្រយាល» ជាដើម ។
លោកទេព រិនដារ៉ូ ចាត់ទុកថា យុទ្ធសាស្ត្រប្រមូលទិញភាពយន្ត ចាស់ៗដែលលោក និងអ្នកនាងអម្ពរ ទេវី ក៏ដូចជាតួអង្គផ្សេងសម្ដែងកាលពីអំឡុងទសវត្សរ៍៨០និង៩០ គឺជាការគាស់កកាយស្នាដៃជោគជ័យរបស់ភាពយន្តខ្មែរនាជំនាន់នោះឲ្យកូនខ្មែរបានស្គាល់ឡើងវិញ ។
លោកទេព រិនដារ៉ូ និយាយថា «ភាពយន្តជំនាន់នោះ ដ្បិតថាមិនបានប្រើឧបករណ៍ថតទាន់សម័យ ប៉ុន្តែទាំងប្លង់ ទាំងការសម្ដែងគឺរៀបចំពេញលក្ខណៈជាខ្សែភាពយន្តទាំងអស់ ដោយមិនមែនធ្វើឲ្យតែ បានៗដូចរឿងបច្ចុប្បន្នមួយចំនួនឡើយ ។ ការត្រឡប់មកវិញរបស់ខ្សែរឿងទាំងនោះ ខ្ញុំថាពិតជាធ្វើឲ្យមហាជនចាប់អារម្មណ៍ និងធ្វើឲ្យតួអង្គដែលបានលាឈប់ទៅហើយរំភើបចិត្តជាថ្មី» ។
លោកយាយជេត សាអុន វ័យជាង៧០ឆ្នាំដែលរស់នៅក្នុងស្រុកកៀនស្វាយ មានប្រសាសន៍ថា បើទោះបីជាគាត់មានវ័យកាន់តែចាស់ក្តី ប៉ុន្តែខ្សែភាពយន្តខ្មែរអំឡុងទសវត្សរ៍៩០នៅតែដក់ជាប់ក្នុងអារម្មណ៍ដដែល ។ លោកយាយសាអុន គឺជាទស្សនិកមួយរូបដែលចូលចិត្ត និងនិយមទស្សនាខ្សែភាពយន្តខ្មែរនាសម័យនោះ ។
លោកយាយជេត សាអុន យល់ថា ការបញ្ចាំងភាពយន្តខ្មែរ ចាស់ៗនេះរំលឹកដល់អនុស្សាវរីយ៍ចាស់ផងដែរ ដែលកាលនោះគាត់ចូលទស្សនាខ្សែភាពយន្តខ្មែរនៅតាមរោងវីដេអូក្នុងភូមិ ។ លោកយាយសាអុន តែងតែពាំនាំព័ត៌មានអំពីការចាក់បញ្ចាំងខ្សែភាពយន្តខ្មែរប្រាប់ដល់អ្នកជិតខាងឲ្យបានដឹង ហើយភាគច្រើនក្រុមគ្រួសាររបស់គាត់និយមទស្សនាខ្សែភាពយន្តដែលដើរតួដោយលោកទេព រិនដារ៉ូ និងអ្នកនាងអម្ពរ ទេវី ៕
រូបភាព ៖ Kao Seiha’s Page
ចែករំលែកព័តមាននេះ