ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្លំ​ជា​ប្ដី​វាយ​សន្លប់​រួច​រំលោ.ភ​នៅ​ដី​ថៃ​ ជន​រង​គ្រោះ​វិល​មក​ស្រុក​ដាក់​ពាក្យបណ្ដឹង​ទាមទារ​យុត្តិធម៌

8 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ ស្ត្រី​ម្នាក់​រង​របួស​ពោរ​មុខ​បាន​អះអាង​ថា នាង​ត្រូវ​បុរស​ម្នាក់​វាយ​សន្លប់ រួច​រំលោ.ភ​លើ​ទឹកដី​ថៃ កាលពី​វេលា​ទៀប​ភ្លឺ​ថ្ងៃ​ទី​៣ ខែកក្កដា ឆ្នាំ​២០១៥ នៅ​ខេត្ត​អាយុ​ធ្យា ខណៈ​ប្ដី​ជាប់រវល់​ធ្វើការ​ពេល​យប់ ។

ខេត្តបន្ទាយមានជ័យ ៖ ស្ត្រី​ម្នាក់​រង​របួស​ពោរ​មុខ​បាន​អះអាង​ថា នាង​ត្រូវ​បុរស​ម្នាក់​វាយ​សន្លប់ រួច​រំលោភ​លើ​ទឹកដី​ថៃ កាលពី​វេលា​ទៀប​ភ្លឺ​ថ្ងៃ​ទី​៣ ខែកក្កដា ឆ្នាំ​២០១៥ នៅ​ខេត្ត​អាយុ​ធ្យា ខណៈ​ប្ដី​ជាប់រវល់​ធ្វើការ​ពេល​យប់ ។ ស្ត្រី​រង​គ្រោះ​ឈ្មោះ​អ​.​ភ អាយុ​៣១​ឆ្នាំ ជា​កម្មករ​នៅ​សិប្បកម្ម​ផលិត​ទឹកកក​មួយ​កន្លែង​ក្នុង​ខេត្ត​អាយុ​ធ្យា ប្រទេស​ថៃ និង​មាន​ទីលំនៅ​សង្កាត់​និមិត្ត ក្រុង​ប៉ោយ​ប៉ែ​ត ។

ស្ត្រី​រង​គ្រោះ​រង​របួស​ផ្ទៃមុខ និង​ដងខ្លួន​មាន​ស្នាម​ជាំ​ជា​ច្រើន​កន្លែង ព្រមទាំង​មាន​ស្នាម​ខាំ​ផង​ដែរ បាន​រៀបរាប់​ថា កាលពី​វេលា​ម៉ោង​២​ទៀប​ភ្លឺ​ថ្ងៃ​ទី​៣ ខែកក្កដា​កន្លង​ទៅ​ថ្មី​ៗ​នេះ ពេល​ប្ដី​រវល់​ធ្វើការ​ពេល​យប់ នាង​ដេក​ក្នុង​បន្ទប់​ជួល​ម្នាក់ឯង ស្រាប់តែ​បុរស​ម្នាក់​ជា​កម្មករ​ដូច​គ្នា និង​ជា​អ្នកស្រុក​ភូមិ​ជាមួយគ្នា​ បាន​លបចូល​​បន្ទប់​​បន្លំធ្វើ​ជា​ប្ដីរបស់​នាង ហើយ​ចាប់រំលោភ​នាង​តែ​ម្តង ។

ស្ត្រី​រង​គ្រោះ​បន្ត​ថា ដោយសារ​នាង​ដឹង​ថា មិនមែន​ជា​ប្ដី​ ក៏​ប្រតាយប្រតប់​ជាមួយ​បុរស​សង្ស័យ តែ​ត្រូវ​បុរស​នោះ​ដាល់​លើ​ផ្ទៃមុខ និង​ពោះ​ជា​ច្រើន​ដៃ​រហូត​សន្លប់ រួច​រំលោភ​បាន​សម្រេច ។ ក្រោយ​ពី​រំលោភ​នាង​រួច គេ​បាន​យក​កម្រាលពូក​រុំ​ក្បាល​នាង​ ទំនងជា​នឹក​ស្មានថា​នាង​ស្លាប់ ប្រុង​អូស​ចេញ​ទៅ​ក្រៅ តែ​ចៃដន្យ​ជួប​ជាមួយ​បុរស​ជនជាតិ​ថៃ​ម្នាក់​ដែល​ធ្វើការ​ជាមួយ​គ្នា ជនសង្ស័យ​ក៏​អូស​នាង​ចូល​ក្នុង​បន្ទប់​កន្លែង​កើតហេតុ​វិញ ។

ស្ត្រី​រង​គ្រោះ​បន្ត​ទៀត​ថា ពេល​ដែល​រឿងរ៉ាវ​ខាងលើ​បែក​ការណ៍ គាប់​ជួន​នាង​បានដឹង​ខ្លួន​វិញ ក៏​រត់​ទៅ​ហៅ​ប្ដី​នាង​ដែល​ធ្វើការ​នៅ​ក្បែរ​កន្លែង​កើតហេតុ​ទាំង​គ្មាន​សំលៀក​បំពាក់ មាន​ត្រឹមតែ​កម្រាលពូក​រុំ​ព័ទ្ធ​ខ្លួន​តែ​ប៉ុណ្ណោះ ។ ភ្លាម​ៗ​នោះ​កម្មករ​រួម​អាជីព​ទាំង​ខ្មែរ ទាំង​ថៃ បាន​ព័ទ្ធ​ចាប់​បុរស​សង្ស័យ​ប្រគល់​ឲ្យ​សមត្ថកិច្ច​ប៉ូលិស​ថៃ ។

ស្ត្រី​រង​គ្រោះ​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ​រ៉ុ​ម សុភា អាយុ​១៨​ឆ្នាំ ជា​កម្មករ​រួម​អាជីព និង​មាន​ទីលំនៅ​ក្នុងភូមិ​ថ្ម​សិន សង្កាត់​និមិត្ត ក្រុង​ប៉ោយ​ប៉ែ​ត ត្រូវ​បាន​សមត្ថកិច្ច​ថៃ​ចាប់​ឃុំ​តែ​មួយ​យប់​ប៉ុណ្ណោះ ក៏​ត្រូវ​ថៅកែ​នាង​ធានា​ចេញពី​ស្ថានីយ​តម្រួត​ថៃ ហើយ​បណ្ដេញ​ចេញពី​កន្លែងធ្វើការ សង្ស័យ​ខ្លាច​មានរឿង​រ៉ាវ​ដល់​ខ្លួន ។ មិនតែប៉ុណ្ណោះ​ថៅកែ​របស់​នាង​បាន​អង្វរ​សុំ​ឲ្យ​នាង​ដក​ពាក្យបណ្ដឹង​ពី​ស្ថានីយ​តម្រួត​ថៃ​ទៀត​ផង ។

ស្ត្រី​រង​គ្រោះ​ក្រោយ​ពី​ជួប​រឿង​អាក្រក់​បាន​នាំ​ប្ដី​ប្រពន្ធ​មក​ស្រុក​កំណើត​វិញ​ដើម្បី​ដាក់​ពាក្យបណ្ដឹង​ឲ្យ​សមត្ថកិច្ច​ជួយ​រក​យុត្តិធម៌ ។​ នាង​បន្ត​ថា ពេល​ដែល​នាង និង​ប្ដី​មក​ដល់​លំនៅ​ដ្ឋា​ន​ភ្លាម ឪពុក​ម្ដាយ​ជនសង្ស័យ​បាន​សុំ​សម្រុះសម្រួល​ដោយ​សងជម្ងឺចិត្ត​នាង​៤.០០០​បាតប្រាក់​ថៃ តែ​នាង និង​គ្រួសារ​មិន​ព្រម បន្ទាប់​មក​ឪពុក​ម្ដាយ​ជនសង្ស័យ​បាន​តម្លើង​ថ្លៃ​ដល់​២០.០០០​បាត​(២​ម៉ឺន​បាត​)​នៅផ្ទះ​មេ​ភូមិ ។ តែ​នាង និង​គ្រួសារ ព្រមទាំង​សាច់ញាតិ មិន​ព្រមយក​សំណង​នេះ​ក៏​នាំ​គ្នា​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​សង្កាត់​និមិត្ត​កាលពី​ថ្ងៃ​ទី​៥ កក្កដា ទាមទារ​សំណង​១០​លាន​រៀល តែ​មក​ដល់​ពេល​នេះ​ពុំ​ទាន់​មាន​ដំណោះស្រាយ​នៅឡើយ​ទេ​។

ជនសង្ស័យ​ឈ្មោះ​រ៉ុ​ម សុភា មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បាន​ទេ ព្រោះ​ជន​នេះ​កំពុង​គេចខ្លួន​នៅ​ឯ​ស្រុក​ថៃ​ មិន​ហ៊ាន​ត្រឡប់​មក​ស្រុកវិញទេ ។

លោក​ម៉ា​រិ​ន មេ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​សង្កាត់​និមិត្ត​បាន​ប្រាប់​«​កោះសន្តិភាព​»​ថា ករណី​ខាងលើ​ពិតជា​កើត​មាន​មែន គឺ​ជន​រង​គ្រោះ​បាន​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​របស់​លោក​ដើម្បី​ឲ្យ​ជួយ​រក​យុ​ត្តិ​ធ​ម៌ ។ ទោះជា​យ៉ាងណា​លោក​មេ​ប៉ុស្តិ៍​ប្រាប់​ថា បញ្ហា​ខាងលើ​សមត្ថកិច្ច​ពិបាក​ធ្វើការ​ណាស់ ព្រោះ​ជនសង្ស័យ​គេចខ្លួន​នៅ​ថៃ​នៅឡើយ ។

គួរ​បញ្ជាក់​ថា នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែកក្កដា ឆ្នាំ​២០១៥​នេះ នៅផ្ទះ​ជន​រង​គ្រោះ​គេ​ឃើញ​មាន​មន្ត្រី នៃ​សមាគម​ការពារ​សិទ្ធ​មនុស្ស​លី​កាដូរ​បាន​ចុះ​សួរនាំ​ជន​រង​គ្រោះ​ផង​ដែរ​ ៕