ប្រភពដើម
លោកណូយ វ៉ាន់ណេត ដែលជាតារាចម្រៀងមានឈ្មោះល្បីប្រចាំប្រទេសកម្ពុជា មានបងប្អូនបង្កើតចំនួន៦នាក់ ទី១-ឈ្មោះណូយ ផល្លី ទី២-ឈ្មោះណូយ ផល្លីន ទី៣-ឈ្មោះណូយ វណ្ណាត ទី៤-លោកណូយ វ៉ាន់ណេត ទី៥-ឈ្មោះណូយ វណ្ណា និងទី៦-ណូយ វណ្ណៈ សុទ្ធតែប្រុសទាំងអស់ ។ លោកណូយ វ៉ាន់ណេត កើតក្នុងឆ្នាំ១៩៥៨ នៅភូមិកណ្តាលកោះ ឃុំកោះអន្លង់ចិន ស្រុកស្អាង ខេត្តកណ្តាល ។
កាលពីកុមារលោកណូយ វ៉ាន់ណេត សិក្សានៅសាលាបឋមសិក្សា «វត្តកណ្តាលកោះ» ក្នុងស្រុកស្អាង ខេត្តកណ្តាល ។ ជំនាន់នោះជីវភាពក្រុមគ្រួសារឪពុកម្តាយរបស់លោកណូយ វ៉ាន់ណេត សមរម្យ ។ កុមារាណូយ វ៉ាន់ណេត ព្រមទាំងបងប្អូនមិនរស់ក្នុងសភាពតោកយា៉កខ្សត់ខ្សោយទេ គឺឪពុកម្តាយចិញ្ចឹមបីបាច់ឱ្យមានការហូបចុកគ្រាន់បើ ។ ឪពុកលោកណូយ វ៉ាន់ណេត ជាជាងកាត់ដេរសម្លៀកបំពាក់(មេកន្ត្រៃ)និងជាមេចុងភៅប្រចាំភូមិ ។ ក្រៅពីមានជំនាញចេះតពីឪពុក លោកណូយ វ៉ាន់ណេត ក៏មានជំនាញខាងច្រៀងប្រពៃណី និងចេះកាន់ឧបករណ៍ភ្លេងខ្មែរទ្រសោ ។ ចំពោះអ្នកម្តាយរបស់លោកណូយ វ៉ាន់ណេត ជាចុងភៅផង និងជាមេកន្ត្រៃផង ដូច្នេះហើយទើបជីវភាពក្រុមគ្រួសារមានភាពសម្បូរសប្បាយ ។
លោកណូយ វ៉ាន់ណេត បានសិក្សាត្រឹមថ្នាក់ទី៩ប៉ុណ្ណោះ នាសម័យនោះ ។
ជីវិតរងគ្រោះដោយសារសង្គ្រាម
ឆ្នាំ១៩៧០ សម័យលន់ នល់ ក្រុមគ្រួសារលោកណូយ វ៉ាន់ណេត ចាកចេញពីកោះអន្លង់ចិនភៀសខ្លួនទៅនៅជាមួយបងប្អូននៅកោះក្របី។ ថ្ងៃមួយឪពុកលោកណូយ វ៉ាន់ណេត បានវិលទៅស្រុកកំណើតវិញ ហើយឃើញផ្ទះឆេះអស់នៅសល់តែជង្រុកស្រូវ ។ ពេលនោះលោកណូយ វ៉ាន់ណេត រួមជាមួយឪពុក និងបងប្រុសកើបស្រូវយ៉ាងប្រញាប់ប្រញាល់ព្រោះខ្លាចគេមកទាន់ ។
ផ្ទះដែលក្រុមគ្រួសារលោកណូយ វ៉ាន់ណេតធ្លាប់រស់នៅតំបន់កោះអន្លង់ចិននោះមានខ្មែរក្រហមមួយផ្នែក ពួកលន់ នល់មួយផ្នែក។ សំណាងអាក្រក់បងប្រុសរបស់លោកណូយ វ៉ាន់ណេត ត្រូវពួកខ្មែរក្រហមឃើញក៏ចាប់ខ្លួននាឆ្នាំ១៩៧២ ។ ចំណែកបុរសជាឪពុកដើររកកូនក៏ត្រូវខ្មែរក្រហមចាប់ទៀត ហើយបញ្ជូនទៅព្រែកអំបិលនៅស្រុកកោះធំ ។ ដោយបាត់បង់បងប្រុសនិងឪពុក កុមារាវ៉ាន់ណេតត្រឡប់ទៅជួបម្តាយវិញនៅកោះក្របី ។ មួយរយៈក្រោយមកលោកណូយ វ៉ាន់ណេត ភៀសខ្លួនបន្តទៀតទៅនៅវត្តថាន់នៃក្រុងភ្នំពេញទាំងអាណិតម្តាយឈឺ និងព្យាយាមដឹកគោបីបួននឹម ។
លោកណូយ វ៉ាន់ណេត តែងតែទៅឃ្វាលគោនៅម្តុំផ្សារកាប់គោ ។ មានថ្ងៃមួយបុរសជាឪពុក បានផ្ញើសំបុត្រពីព្រែកអំបិលប្រាប់ឱ្យម្តាយលោកវ៉ាន់ណេតលក់គោ និងនាំ កូនៗទៅនៅជាមួយគាត់ ។ ពេលនោះឆ្នាំ១៩៧២ដដែលលោកណូយ វ៉ាន់ណេត និងម្តាយសម្រេចចិត្តទៅនៅតំបន់ព្រែកអំបិល ។
យុគបាត់បង់ឪពុក
ឆ្នាំ១៩៧៥ ក្នុងរបបខ្មែរក្រហម លោកណូយ វ៉ាន់ណេត បានទៅស្រុកកំណើតវិញ ហើយនៅឆ្នាំ១៩៧៦ គេឱ្យចូលក្នុងកងចល័តកុមារនៅទួលក្រសាំង ។
នៅឆ្នាំ១៩៧៨ ពួកប៉ុល ពត បានចាប់ឪពុកលោកណូយ វ៉ាន់ណេត យកទៅសម្លាប់ ឯម្តាយគេយកទៅដាក់ពន្ធនាគារ ។
ជីវិតដុះពន្លកក្នុងពិភពសិល្បៈ
ឆ្នាំ១៩៧៩ ជាឆ្នាំរំដោះពីរបបប៉ុល ពត លោកណូយ វ៉ាន់ណេត បានចេញពីកងកុមារនៅទួលក្រសាំង ហើយរត់ទៅជួបម្តាយ រួចនាំគ្នាទៅនៅកោះអន្លង់ចិនក្នុងសភាពបាតដៃទទេសុទ្ធសាធ ។
លោកណូយ វ៉ាន់ណេត បានចូលរៀននៅសាលាកោះអន្លង់ចិនថ្នាក់ទី៨។ ស្របពេលនោះអាយុខ្ទង់២៣ ឬ២៤ឆ្នាំ លោកវ៉ាន់ណេតចាប់ផ្តើមច្រៀង ដោយឧបករណ៍តន្ត្រីមានតែហ្គីតាសាំធម្មតា ជាមួយលោកផៃ ប៊ុនឈឿន លោកសាត លោកឆុន ។ ជំនាន់ឆ្នាំ១៩៧៩ លោកណូយ វ៉ាន់ណេត រៀនបណ្តើរ លេងភ្លេងបណ្តើរ ច្រៀងបណ្តើរ ហើយជំនាន់នោះគេមិនចាយលុយទេ គឺច្រៀងដូរអង្ករ។
ក្រោយមកបងជីដូនមួយរបស់លោកណូយ វ៉ាន់ណេត គឺលោកផៃ ប៊ុនឈឿន ជាមន្ត្រីនៅខេត្តកណ្តាល បានសុំផ្លាស់ទៅនៅខាងវប្បធម៌ ហើយមើលឃើញទេពកោសល្យរបស់លោកណូយ វ៉ាន់ណេត ក៏ឱ្យលោកចូលរួមប្រឡងចម្រៀងនៅខេត្តកណ្តាលនាឆ្នាំ១៩៨១ ។ ក្រោយពេលប្រឡងជាប់ គេឱ្យលោកណូយ វ៉ាន់ណេតនៅខាងចម្រៀងសម័យ ហើយលោកខំហ្វឹកហាត់យ៉ាងខ្លាំង ។
លោកណូយ វ៉ាន់ណេត បានក្លាយជាសិល្បករអាជីពដោយចេះសម្តែងល្ខោនបាសាក់ទៀតផង ព្រោះបើសិនជាខ្វះតួ គេឱ្យលោកចូលសម្តែងជំនួួសរហូត ។ ដោយសារបែបនោះហើយទើបលោកវ៉ាន់ណេតចេះសម្តែងល្ខោនបាសាក់ ។
ឆ្នាំ១៩៨២ លោកណូយ វ៉ាន់ណេត បានប្រឡងចម្រៀងទូទាំងប្រទេសនៅសាលមហោស្រពទន្លេបាសាក់ ដោយលោកប្រធានតន្ត្រីសម័យនិពន្ធបទចម្រៀងមានចំណងជើងថា «ខំដាំបន្តទៀត» ឬបទ«ដើមត្នោតរេរាខ្ពស់សន្លឹម» ដោយលោកច្រៀងជាមួយលោកសោម សារឿន។ ចូលរួមប្រឡងនាពេលនោះលោកណូយ វ៉ាន់ណេត ទទួលបានចំណាត់ថ្នាក់លេខ៣ មេដាយសំរឹទ្ធិ ចំណែកលោកនូ ស៊ិប បានចំណាត់ថ្នាក់លេខ២ និងចំណាត់លេខ១ បានទៅលើអ្នកស្រីលឹម សុវណ្ណារីនៅខេត្តបាត់ដំបង។
ទាក់ទិននឹងការចូលរួមប្រឡងចម្រៀង លោកណូយ វ៉ាន់ណេត ថាមានផលលំបាកច្រើនទម្រាំបានឡើងនៅលើឆាកកាន់មេដាយ ព្រោះរយៈពេល២ខែហ្វឹកហាត់ខ្លាំងតាំាំងពីហាត់ប្រាណ តាំងពីរបៀបច្រៀង និងកាយវិការ ។ ពេលឡើងប្រឡង លោកណូយ វ៉ាន់ណេតភ័យណាស់ និងពិបាកម្យ៉ាងទៀតព្រោះមានអ្នកប្រឡងច្រើន ដូច្នេះគេឱ្យចាំ លុះដល់ម៉ោងគេឱ្យទៅផ្ទះសិនចាំស្អែកមកទៀត គឺទម្រាំដល់ឈ្មោះលោកនៅចាំពីរទៅបីថ្ងៃ ។ ចំពោះការចូលរួមប្រឡងនោះលោកវ៉ាន់ណេតមិនសូវចំណាយប្រាក់ផ្ទាល់ខ្លួនសម្រាប់ចាយវាយទេ គឺបានខាងខេត្តជួយចេញសោហ៊ុយទាំងស្រុង មានទាំងអាហារ និងសម្លៀកបំពាក់ ។
លោកណូយ វ៉ាន់ណេត នៅឆ្នាំ១៩៨៣ ដោយមិនដឹងថា អាជីពសិល្បៈទៅមុខ ឬក៏ទៅក្រោយក៏សម្រេចចិត្តចាកចេញពីអាជីពចម្រៀងចូលធ្វើកងទ័ពនៅស្វាយស៊ីសុផុន ។ នៅទីនោះលោកវ៉ាន់ណេតបានចងក្រងជាក្រុមចម្រៀងប្រចាំកងពលតាំងពីចុងឆ្នាំ១៩៨៣ដល់ឆ្នាំ១៩៨៥ ។
បន្ទាប់មកលោកណូយ វ៉ាន់ណេត ផ្លាស់ពីស្វាយស៊ីសុផុនទៅនៅជើងភ្នំគូលែន ។ ជីវិតជាកងទ័ពជួបការលំបាកណាស់ ព្រោះនៅតំបន់ជាសមរភូមិក្តៅគគុកជាមួយខ្មែរក្រហម ។ លោកវ៉ាន់ណេត ទោះមានគ្រាប់រំសេវហោះហើរលើក្បាលយ៉ាងម៉េចក្តីចេះតែទ្រាំតស៊ូ ។
នៅឆ្នាំ១៩៨៦ លោកណូយ វ៉ាន់ណេត ចូលប្រឡងចម្រៀងថ្នាក់ខេត្តនៅខេត្តសៀមរាប ទទួលបានចំណាត់ថ្នាក់លេខ១ ។
នៅចុងឆ្នាំ១៩៨៦ លោកណូយ វ៉ាន់ណេត ចូលរួមប្រឡងចម្រៀងទូទាំងប្រទេសម្តងទៀត ហើយទទួលបានចំណាត់ថ្នាក់លេខ១ និងលោកនូ ស៊ិប ចំណាត់ថ្នាក់លេខ២ ។ តាំងពីពេលនោះមកគេឱ្យលោកណូយ វ៉ាន់ណេតទៅសម្តែងនៅតំបន់ណាដែលមានកងទ័ព ដូចជានៅកំពង់ចាម ដោយសម្តែងសិល្បៈសម័យផង ព្រមទាំងសិល្បៈបុរាណមានយីកេ បាសាក់ និងរបាំផង។
លោកណូយ វ៉ាន់ណេត តស៊ូនៅសៀមរាបរហូតអំឡុងឆ្នាំ១៩៨៩ ទើបចាកចេញទៅនៅភ្នំពេញវិញ ។
អំឡុងពេលអាជីពចម្រៀងលូតលាស់
នៅឆ្នាំ១៩៩០ លោកណូយ វ៉ាន់ណេត ចាប់ផ្តើមថតចម្រៀងដាក់កាស្សែតឱ្យផលិតកម្ម លក់លើទីផ្សារ ។ ដោយជនរួមជាតិខ្មែរយើងនៅក្រៅប្រទេសពេញចិត្តសំឡេងរបស់លោកណូយ វ៉ាន់ណេត ផលិតកម្ម «សាយណ្ហតារា» ឱ្យលោកថតដាក់កាស្សែតលក់ដែរ ។ បទចម្រៀងមួយបទដែលមហាជនទទួលស្គាល់ថាពីរោះ និងមានអត្ថន័យនោះ គឺបទ«កោះកែវកុំលាក់» ឬគេនិយមហៅថា«កណ្តាលថ្ងៃត្រង់កំពង់ដងទឹក» ។ ក្រៅពីនេះមានបទ«ព្រែកហ្លួងលាក់ផ្កា», បទ «ក្លិនផ្លាម្លិះ» និងបទ«អាមួយគា» ។
ក្រោយមកលោកណូយ វ៉ាន់ណេត ថតចម្រៀងឱ្យផលិតកម្ម SK,ឆ្លងដែន និងផលិតកម្មហង្សមាស ។ ទោះជាយ៉ាងណាក្តី លោកណូយ វ៉ាន់ណេត មិនដែលចុះកិច្ចសន្យាផ្តាច់មុខជាមួយផលិតកម្មណាមួយឡើយ ។
ខណៈល្បីឈ្មោះបានទៅសម្តែងនៅបរទេស
លោកណូយ វ៉ាន់ណេត បានចេញទៅសម្តែងនៅប្រទេសកាណាដាដំបូងគេនាឆ្នាំ១៩៩៧ រយៈពេល៤ខែ ជាមួយអ្នកនាងឱក បូរី ។ បន្ទាប់មកអ្នកចម្រៀងមនោសញ្ចេតនារូបនេះបានទៅប្រទេសអូស្ត្រាលី និងបារាំង ឆ្នាំ១៩៩៨ និងឆ្នាំ១៩៩៩ ទៅអាមេរិក ។ ក្រៅពីនោះ លោកណូយ វ៉ាន់ណេត បានទៅប្រទេសញូវហ្សេលែន២លើក ស្វ៊ីស២លើក អាឡឺម៉ង់មួយលើក ប្រទេសហូឡង់៣លើក និងចេញទៅប្រទេសជាច្រើនទៀត ឱ្យតែមានជនជាតិខ្មែររស់នៅ ។
ទោះជាមានឱកាសទៅសម្តែងនៅប្រទេសគេក៏ដោយ តែលោកណូយ វ៉ាន់ណេត មិនចង់ផ្លាស់ប្តូរគំនិតចាកចោលស្រុកខ្មែរទៅសាងអនាគតនៅប្រទេសគេឡើយ ដោយសារតែលោកស្រឡាញ់ទឹកដីខ្មែរ និងប្រិយមិត្តអ្នកស្តាប់ដែលពេញនិយមស្តាប់បទចម្រៀងមនោសញ្ចេតនារបស់លោក។ ម្យ៉ាងទៀតលោកវ៉ាន់ណេតមិនចេះភាសាគេ និងមិនអាចទៅចោលកូនចៅរបស់លោកទេ ។ លោកវ៉ាន់ណេតយល់ថា នៅស្រុកគេនឿយហត់ណាស់ទម្រាំតែអាចជ្រោងខ្លួនកសាងជីវភាពរស់នៅស្រួល មិនដូចជាការរស់នៅក្នុងប្រទេសខ្មែរយើងទេ ទោះទៅដល់ណាក៏មិនខ្វះអ្វីហូបដែរ ។
បទចម្រៀងពេញនិយម
ពីឆ្នាំ២០០០ ដល់ឆ្នាំ២០០៣ លោកណូយ វ៉ាន់ណេត ថតបទចម្រៀងច្រើនឱ្យបណ្តាផលិតកម្មក្នុងស្រុកដូចជាផលិតកម្មហង្សមាសជាដើម ដែលមានលោកហ្វៃ សំអាង ជាអ្នកនិពន្ធ ។ លោកហ្វៃ សំអាង បាននិពន្ធបទចម្រៀងច្រើន ឱ្យលោកណូយ វ៉ាន់ណេតច្រៀង ។ ភាគច្រើនលោកវ៉ាន់ណេតទទួលបានការគាំទ្រតាមរយៈបទចម្រៀងបញ្ចូលក្នុងខ្សែភាពយន្តបរទេសដូចជាបទ «បេះដូងពណ៌ស្វាយ» បទ «រលកបោកខ្សាច់» បទ«វណ្ណលីដា» និងបទ «ជីវិតខ្ញុំមួយអ្នកណាកំណត់» ជាដើម ។ ក្រៅពីនេះនៅមានបទ ល្បីៗអំឡុង៤ទៅ៥ឆ្នាំមុនដូចជាបទ «សម្រស់បុប្ផាកំពង់ធំ» និងបទ «កោះឧកញ៉ាតីនាថ្ងៃរៀបលិច» ជាដើម ។ ចំពោះបទដែលមហាជនចេះចាំច្រើនមានបទ «កង់បងធ្វើនៅស្រុកខ្មែរ» ជាបទល្បីល្បាញបំផុតកាលពីអំឡុងទសវត្សទី៩០ ។
ចំពោះដៃគូចម្រៀងរបស់លោកណូយ វ៉ាន់ណេត មានតារាចម្រៀងផ្នែកនារីជាច្រើននាក់ដូចជាអ្នកនាងម៉េង កែវពេជ្ជតា អ្នកស្រីហ៊ឹម ស៊ីវន កញ្ញាទូច ស៊ុននិច អ្នកនាងឱក បូរី និងអ្នកនាងឈួន សុវណ្ណឆៃជាដើម ។
ចំណងស្នេហានិងអាពាហ៍ពិពាហ៍
តារាចម្រៀងណូយ វ៉ាន់ណេត បានចូលរោងការសំពះផ្ទឹមតាមច្បាប់ប្រពៃណីខ្មែរនៅឆ្នាំ១៩៨២ ជាមួយអតីតអ្នកគ្រូបង្រៀននៅសាលាបឋមសិក្សាមួយនៅខេត្តព្រះសីហនុ គឺអ្នកស្រីសោម ធី ដែលបច្ចុប្បន្ន(ឆ្នាំ២០១៥)ជាអ្នកជំនួញលក់ផលិតផលអាហារបំប៉ន ។ ចំណងអាពាហ៍ពិពាហ៍នេះ មិនមានអ្នកណាបង្ខំទេ ពោលគឺស្រឡាញ់គ្នាចិត្តនឹងចិត្ត ហើយបានចូលស្តីដណ្តឹង និងរៀបការ ។
លោកណូយ វ៉ាន់ណេត និងភរិយាមានកូនចំនួន៥នាក់ ក្នុងនោះប្រុស២នាក់ ។ គូស្វាមី-ភរិយានេះខិតខំរកប្រាក់ឱ្យកូនបានរៀនសូត្រ និងរស់នៅសមរម្យក្នុងសង្គម ។
តារាចម្រៀងណូយ វ៉ាន់ណេត នៅតែបន្តអាជីពចម្រៀងរហូតទោះជាលោកជោកជាំឆាកជីវិតជាអ្នកសិល្បៈជិត៣០ឆ្នាំក៏ដោយ ។ លោកវ៉ាន់ណេតនៅតែបន្តរហូតដល់ច្រៀងលែងកើត។ មិនតែប៉ុណ្ណោះ តារាចម្រៀងជើងចាស់រូបនេះ ចង់ចែករំលែកចំណេះជំនាញដល់អ្នកជំនាន់ក្រោយតាមលទ្ធភាពដើម្បីបណ្តែតជីវិតលើវិថីសិល្បៈដោយលោកមិនលាក់គំនិត លាក់ចំណេះដឹងឡើយ ៕
ចែករំលែកព័តមាននេះ