រាជធានីភ្នំពេញ ៖ ក្រោយពីបានជម្រះមន្ទិលស្នេហ៍រង្គោះរង្គើ បន្ទាប់ពីមានពាក្យចចាមអារ៉ាមគ្មានមូលដ្ឋានច្បាស់លាស់រវាងតារាសម្តែងស្រគត់ស្រគំ សឿ សុធារ៉ា និងលោកសាពូន មីដាដា ពួកគេកាន់តែបង្កើតនៅភាពស្និតស្នាល ផ្អែមល្ហែម ពិសេសការបង្ហោះរូបភាពជុំគ្នាក្នុងគ្រួសារនៅលើទំព័រហ្វេសប៊ុក ក៏នាំមកនូវភាពជឿជាក់ និងសុភមង្គល។ នៅពេលនេះ សឿ សុធារ៉ា និងលោក សាពូន មីដាដា បានទទួលនូវចំណងដៃកូនស្រីម្នាក់ មានអាយុជិត៤ឆ្នាំមកហើយ ក្រោមចាប់ដៃជាគូស្នេហ៍អមតៈ ។ តាមការបង្ហើបពីសាមីខ្លួនអ្នកនាងសុធារ៉ា ប្រាប់ថា នាងចង់បានកូន៥នាក់ តែហោរាឲ្យយកតែ៣រូបទេ នឹងនាំលាភសំណាង ប្តីប្រពន្ធនាងរកស៊ីមានបាន។
អ្នកនាងសឿ សុធារ៉ា ដែលកំពុងតែនៅចាប់យកអាជីពសិល្បៈបានរៀបរាប់ពីជីវិតស្នេហារវាងនាង និងស្វាមី ជាអ្នកសិល្បៈដូចគ្នាក្នុងជំនួបផ្ទាល់មួយ កាលពីពេលថ្មីៗនេះ ថា «នាងលែងចាប់អារម្មណ៍រឿងគេនិយាយអ្វីមិនល្អជុំវិញ ស្នេហារវាងប្តីប្រពន្ធនាងទៀតហើយ ព្រោះនោះជារឿងមិនពិត និងគិតថា នេះជារឿងគេចមិនផុតពីពាក្យលេចឮ ក្នុងនាមជាតារាសិល្បៈមានការចាប់អារម្មណ៍ ។ ធាតុពិតប្តីប្រពន្ធនាងនៅតែល្អដាក់គ្នាទៅវិញទៅមក និងរស់នៅចេះយោគយល់គ្នាប្រកបដោយការពិចារណារាល់មានបញ្ហាដាក់គ្នា ព្រោះក្នុងគ្រួសារមិនអត់រឿងទេ ដូចចានក្នុងរាវ សំខាន់ត្រូវអត់ធ្មត់ និងចេះដោះស្រាយ។ ជាក់ស្តែងស្វាមី ព្រមទាំងរូបនាង ក៏មានទិសដៅធ្វើយ៉ាងណាឲ្យស្ថានភាពរស់នៅមានភាពប្រសើរឡើង ដូចជា ជួយគិតគូររឿងរកស៊ីសន្សំលុយ ដើម្បីទុកដាក់ចិញ្ចឹមកូនឲ្យបានរៀនសូត្រ មានអនាគត នោះហើយជាសេចក្តីសុខរបស់អាណាព្យាបាល ។ ជាក់ស្តែងនាងទទួលបានកូនស្រីមួយ (សាពូន ដារ៉ាពិមាន) អាយុជិត៤ឆ្នាំហើយ នឹងត្រៀមឲ្យចូលរៀនបណ្តើរៗ ដើម្បីបានផ្សាំ និងទម្លាប់រៀនសូត្រនៅពីក្មេងឲ្យហើយ ។ លើសពីនេះ ពួកយើងក៏រៀបចំផែនការយកកូនបន្តបន្ទាប់ទៀតដែរ នៅពេលណាមានលទ្ឋភាពរកលុយទុកដាក់បាន ។ ប្តីប្រពន្ឋយើងទាំង២ចង់បានកូនដល់ទៅ៥នាក់ ដើម្បីឲ្យមានសមាជិកច្រើនពេញផ្ទះ ពេលចាស់ទៅបានកូនៗជួយមើលថែរពេលឈឺស្កាត់ម្តងៗ ឬជុំគ្នាពេលបុណ្យទាន ។ ប៉ុន្តែនាងបានឲ្យហោរាទាយមើល គាត់ផ្តាំថា ឲ្យយកកូនតែ៣នាក់ប៉ុណ្ណោះ ដើម្បីបង្កើនប្រាក់ចំណូល មានភាពល្អរីកចម្រើន លូតលាស់តទៅមុខ មានកូន៣នាក់នោះ នឹងរកស៊ីមានបាន គ្រួសារមានសុភមង្គល ដាក់អ្វីចេះតែដុះឡើង ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ