រាជធានីភ្នំពេញ ៖ «ភ្លេងគងស្គរ» ជាឈ្មោះមួយសម្រាប់ហៅក្នុងចំណោមឈ្មោះជាច្រើន ដែលប្រើសម្រាប់ហៅវង់ភ្លេងនេះ ដែលគេអាចហៅបានថា កន្ទាំមីង ធម្មមីង ទ្រើមីង ទុមម៉ូង និងត្រៃលក្ខណ៍ ជាដើម ។ ឈ្មោះទាំងអស់នេះត្រូវបានហៅទៅតាមតំបន់ ប៉ុន្តែភាគច្រើនតាមការស្រាវជ្រាវរបស់ក្រុមការងារអង្គការសិល្បៈខ្មែរអមតៈ «គម្រោងចងក្រងតន្ត្រីបុរាណខ្មែរ» គឺគេហៅថា គងស្គរ ។
ភ្លេងគងស្គរ គឺជាទម្រង់សិល្បៈមួយកម្រឮណាស់នៅស្រុកខ្មែរសព្វថ្ងៃ គឺនៅមានប្រគំតែក្នុងភូមិមួយចំនួនប៉ុណ្ណោះនៅភូមិភាគពាយ័ព្យ ។ វង់ភ្លេងគងស្គរអាចប្រើឧបករណ៍ ផ្សេងៗតាមតំបន់បាន ក៏ប៉ុន្តែគ្រប់វង់ភ្លេងសុទ្ធតែមានស្គរធំមួយ និងគងធំមួយ ឬពីរផ្លែ ។
ឧទាហរណ៍នៅខេត្តកំពត ក្រុមគងស្គរច្រើនតែបន្ថែមឧបករណ៍ពីវង់ «ភ្លេងខ្មែរ» ចំណែកនៅខេត្តសៀមរាប គេប្រើគងមួយឈុតមានផ្លែពី៦ ទៅ៩ផ្លែ និងឧបករណ៍ស្រឡៃតូចមួយ ។ ទោះបីជាឧបករណ៍របស់វង់ភ្លេងគងស្គរនានាមិនដូចគ្នាទាំងស្រុងទៅនឹងវង់ភ្លេងខ្មែរខ្សែដេញរបស់ «ភ្លេងខ្មែរ» ក៏ដោយ ប៉ុន្តែបទភ្លេងដែលប្រគំក្នុងវង់ភ្លេងគងស្គរ ច្រើនតែជាបទរបស់ភ្លេងការ និងភ្លេងអារក្ស ។
ក្រុមការងារស្រាវជ្រាវរបស់សិល្បៈខ្មែរអមតៈ បានចងក្រងជាសុីឌីកម្រងបទចម្រៀងចំនួន១៣បទ រួមមាន ៖ ហោមរោង, ស្រងែ, កាច់ផ្កា, ត្រពាំងពាយ, ភ្នំស្រួច, បំពេ និងអុំទូក (សម្តែងដោយក្រុមព្រឹទ្ធាចារ្យ លីង ស្រី ខេត្តសៀមរាប) ត្រពាំងពាយ, ភ្នំស្រួច, បំពេ និងអុំទូក (សម្តែងដោយក្រុមព្រឹទ្ធាចារ្យ ស្រៃ ស្រិប ខេត្តសៀមរាប) ភ្លៀងរលឹម និងបទសំពៅថយ។
អ្នកខ្លះលើកឡើងថា ភ្លេងគងស្គរជាភ្លេងរបស់ព្រះពុទ្ធសាសនាសម្រាប់ប្រគំក្នុងពិធីបុណ្យសព ដែលសមស្របទៅនឹងការពិចារណាអំពីភាពមិនទៀងទាត់នៃជីវិតសត្វលោក ។ ចំណែកអ្នកខ្លះទៀតអះអាងថា ភ្លេងគងស្គរប្រៀបដូចជាបទបំពេចុងក្រោយនៃជីវិត គឺភ្លេងដែលជូនវិញ្ញាណក្ខន្ធរបស់អ្នកដែលបានស្លាប់ទៅ «ស្រុក» វិញ ដើម្បីឱ្យបដិសន្ធិនៅសុគតិភព ៕
ចែករំលែកព័តមាននេះ