រាជធានីភ្នំពេញ ៖ តារាពហុជំនាញអ្នកនាង ខាត់ សុឃីម បានសម្តែងការហួសចិត្ត ដ្បិតនាងមើលឃើញពីអ្នកសិល្បខ្មែរ ហាក់មានការបែងចែកផែនគ្នា ដូចទឹកនឹងប្រេង ខណៈពេលនាងគិតថា ទង្វើនេះមិនបានធ្វើឱ្យសិល្បៈមានការរីកចម្រើននោះឡើយ ។
អ្នកនាង ខាត់ សុឃីម បានលើកឡើងតាមរយៈសំណេរដែលបង្ហោះលើបណ្តាញសង្គមថា ខ្ញុំគិតថា សិល្បៈខ្មែរ គឺចែកផែនគ្នានៅដូចទឹកនិងប្រេង គ្មានរីកចម្រើនអីទេ បើយ៉ាងហ្នឹង ។ តាមយៈការលើកឡើងរបស់អ្នកនាង ខាត់ សុឃីម នាពេលនេះ គេឃើញមានបណ្តាអ្នកសិល្បៈមួយចំនួនបានចូលទៅធ្វើការខមមិន ដោយម្នាក់ៗសម្តែងការគាំទ្រ ក្នុងពេលដែលមួយចំនួនទៀតក៏បានទម្លាយរឿងរ៉ាវខ្លះៗដែលខ្លួនបានជួបនៅក្នុងវិស័យសិល្បៈនេះដែរ ។
យ៉ាងណា បន្ថែមពីលើអ្វីដែលបានសរសេរបង្ហោះលើបណ្តាញសង្គមនេះ អ្នកនាង ខាត់ សុឃីម ក៏បានអះអាងប្រាប់កោះសន្តិភាពតាមសារអេឡិចត្រូនិចថា អ្វីដែលអ្នកនាងបានបង្ហោះនេះ គឺដោយសារអ្នកនាងហាក់ហួសចិត្ត ព្រោះនាងបានជួបអ្នកសិល្បៈ ទាំងចាស់ ទាំងថ្មី និងគ្រប់វិស័យ មើលទៅដូចជាមិនមែនសិល្បៈរួមប្រទេសតែមួយ ពោលគឺមានការបែកចែកជាក្រុមជាបក្ស ។
អ្នកនាងថា ជាឧទាហរណ៍ដូចអ្នកសិល្បៈបែបមរតកដើម គឺនៅតែក្រុមនឹងទៅ ហើយអ្នកសិល្បៈថ្មីដែលល្បីៗ គឺគេនៅតែគ្នាគេ ខណៈពេលអ្នកដើរម៉ូដ បវរកញ្ញា និងតារាសម្តែង គឺគេនៅតែក្រុមគ្នាគេចឹងដែរទៅ មើលទៅដូចជាបែកចែកគ្នាដូចទឹកនឹងប្រេង ហើយធ្វើចឹងធ្វើអី វារីកចម្រើនទៅណា ។
អ្នកនាងបញ្ជាក់ថា នាងរស់នៅជាមួយសិល្បៈនេះយូរឆ្នាំហើយ ពោលតាំងពីក្មេង ហើយពីដើមមកនាងមើលឃើញអ្នកសិល្បៈចេះស្រឡាញ់គ្នាណាស់ ទោះស្គាល់ឬមិនស្គាល់គ្នាក៏ដោយ ប៉ុន្តែពួកគាត់ព្យាយាមរាប់អានគ្នាណាស់ ព្រោះវាស្ថិតក្នុងចង្កោមសិល្បៈដូចគ្នា ។ អ្នកនាងបន្តថា ចំឡែកតែអ្នកសិល្បៈជំនាន់នេះមួយចំនួនតូច គឺខុសប្លែក ពេលជួបរៀមច្បងសិល្បៈចាស់ៗមិនសូវរាក់ទាក់ ទោះបីមិនបានជម្រាបសួរ សូម្បីញញឹមដាក់បន្តិចក៏គ្មាន ។
នាងថា គេខ្លាចខាតបង់អី គ្រាន់តែធ្វើការរាក់ទាក់រៀមច្បងបន្តិចនោះ តែយ៉ាងណា សម្រាប់នាងគឺមិនជាអ្វីធំដុំទេរឿងនេះ ព្រោះគិតថា នេះអាចជាអត្តចរិតរបស់បុគ្គល ឬក៏សម្ភារនិយម និងភាពល្បីល្បាញរបស់គេ ។
យ៉ាងណា បើតាមអ្នកនាង ខាត់ សុឃីម ចំពោះរឿងនេះ អ្នកនាងក៏មិនដឹងនិយាយយ៉ាងមេចដែរ ប៉ុន្តែជាការសំណូមពរ សូមអោយប្អូនៗអ្នកសិល្បៈជំនាន់ក្រោយត្រូវចេះស្រឡាញ់គ្នា និងរាប់អានគ្នា និងផ្តល់ស្នាមញញឹម និងការរាក់ទាក់ចំពោះអ្នកសិល្បៈរៀមច្បងផង ព្រោះគ្រាន់តែកាយវិការ និងទឹកចិត្តប៉ុណ្នឹងគឺវាមិនអស់ថវិកាឡើយ ៕
ចែករំលែកព័តមាននេះ