រាជធានីភ្នំពេញ ៖ មហាជន ជាពិសេសបណ្តាអ្នកលេងបណ្តាញសង្គម បានសម្តែងការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីគេបានឃើញរូបភាពមួយសន្លឹកដែលត្រូវបានបង្ហោះដោយតារាចម្រៀងជើងចាស់ អ្នកនាង សួន ចន្ថា បង្ហាញពីស្ថានភាពរបស់ស្វាមីធ្លាក់ខ្លួនស្គមស្គាំងខ្លាំងដោយសារញាំញីជំងឺអស់ជាច្រើនឆ្នាំមកនេះ ។
ស្ថិតក្នុងស្ថានភាពដេកនៅតែមួយកន្លែងស្វាមីរបស់អ្នកនាង សួន ចន្ថា បានធ្លាក់ខ្លួនស្គមខ្លាំងក្នុងពេលដែលគេដឹងថា ស្វាមីរបស់អ្នកនាងបានពើបប្រទះនូវជំងឺទឹកនោមផ្អែម និងលើសឈាម រហូតស្លា.ប់មួយចំហៀងខ្លួន ។
យ៉ាងណាក៏ដោយបើទោះបីជាស្វាមីបានធ្លាក់ខ្លួនឈឺដល់ដំណាក់កាលនេះក៏ដោយម្ចាស់បទ «កាមទេពស្នេហ៍» អ្នកនាង សួន ចន្ថា ក៏នៅតែរក្សាជំហរប្រឹងប្រែងរកប្រាក់សម្រាប់ការមើលថែ និងព្យាបាលជំងឺស្វាមីដោយមិនលែងដៃបើទោះបីជាអ្នកនាងមានការលំបាកក៏ដោយ ។
ជាមួយការបង្ហោះរូបភាពស្វាមីដែលកំពុងស្ថិតក្នុងស្ថានភាពជំងឺធ្លាក់ខ្លួនស្គមខ្លាំងលើបណ្តាញសង្គម អ្នកនាង សួន ចន្ថា បានភ្ជាប់ជាមួយសំណេរថា ១២ ឆ្នាំមកហើយ ទោះលំបាកប៉ុណ្ណាក៏ក្នុងនាមអូនជាប្រពន្ធ អូនអំណត់តស៊ូមើលថែបងជានិច្ច ប្តីសម្លាញ់ បើទោះអូនកំពុងបំពេញការងារមែនពិត តែអូននៅតែគិតដល់មនុស្សសំខាន់របស់អូន សូមទេវព្តាតាមបីបាច់ថែរក្សាបង សូមឆាប់ជា ។
យ៉ាងណាក្រោយឃើញការបង្ហោះពីតារាចម្រៀងអ្នកនាង សួន ចន្ថា នាពេលនេះ គេបានឃើញមានមហាជន ជាពិសេសមិត្តភក្តិក្នុងចង្កោមសិល្បៈដូចគ្នាជាច្រើនបានចូលធ្វើការខមិន ដោយម្នាក់ៗសម្តែងការអាណិតអាសូរ និងផ្តល់កម្លាំងចិត្តដល់អ្នកនាង ហើយក៏បានជូនពរឲ្យស្វាមីរបស់អ្នកនាងឆាប់បានជាសះស្បើយពីជំងឺផងដែរ ។
ជាការកត់សម្គាល់ ស្វាមីរបស់អ្នកនាង សួន ចន្ថា ត្រូវបានគេដឹងថា លោកគឺជាមន្ត្រីនគរបាលមួយរូប ដោយបច្ចុប្បន្នចំណងអាពាហ៍ពិពាហ៍របស់អ្នកនាងទទួលកូនម្នាក់ជាចំណងដៃផងដែរ ៕
ចែករំលែកព័តមាននេះ