ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

សហព័ន្ធសភាពាណិជ្ជកម្ម និងឧស្សាហកម្មខេត្តក្យង់គី នៃសាធារណរដ្ឋកូរ៉េ ស្វែងយល់ពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

3 ថ្ងៃ មុន

រាជធានីភ្នំពេញ​ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ទទួល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ ដែល​ដឹកនាំ​ដោយ​លោក…

រាជធានីភ្នំពេញ​ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ទទួល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ ដែល​ដឹកនាំ​ដោយ​លោក បេ ហេ​ដុ​ង (Bae Hae-dong) ប្រធាន​សហព័ន្ធ​សភាពាណិជ្ជកម្ម និង​ឧស្សាហកម្ម​ខេត្ត​ក្យ​ង់​គី នៃ​សាធារណរដ្ឋ​កូរ៉េ​ ។​ 

តាម​រយៈ​ជំនួប​ដែល​ធ្វើ​ឡើង​នៅ​ទីស្តីការក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ កាលពីថ្ងៃទី ​១១ ខែធ្នូ ឆ្នាំ​ ២០២៤ មក​នេះ គណៈប្រតិភូ​នៃ​សហព័ន្ធ​សភាពាណិជ្ជកម្ម និង​ឧស្សាហកម្ម​ខេត្ត​ក្យ​ង់​គី នៃ​សាធារណរដ្ឋ​កូរ៉េ បាន​ជម្រាប​ជូន​ឯកឧត្តម​រដ្ឋមន្ត្រី អំពី​គោលបំណង​ក្នុង​ការ​ស្វែង​យល់​អំពី​ស្ថានភាព សក្តានុពល និង​ឱកាស​វិនិយោគ​នៅ​កម្ពុជា ជា​ពិសេស​ការ​ស្វែង​យល់​ពី​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្នុង​វិស័យ​ការងារ​ ។

ឯកឧត្តម ហេង សួរ បាន​ស្វាគមន៍ និង​សង្ឃឹមថា តាម​រយៈ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​នៅ​កម្ពុ​ជានា​ពេល​នេះ នឹង​នាំ​មក​នូវ​អ្នក​វិនិយោគ​កូរ៉េ​កាន់តែ​ច្រើន​មក​កម្ពុជា​ ។ ទន្ទឹម​នេះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​បញ្ជាក់​ថា​ កម្ពុជា និង​សាធារណរដ្ឋ​កូរ៉េ បាន​ដំឡើង​កម្រិតទំនាក់​ទំនងជា​ដៃគូ​យុទ្ធសាស្ត្រ ខណៈ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​ក៏​កំពុង​កៀរគរ​អ្នក​វិនិយោគ​បរទេស ដោយ​រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​ជា​ច្រើន​ក្នុង​ការ​ជួយ​សម្របសម្រួល​ដល់​ការ​វិនិយោគ​បរទេស​នៅ​កម្ពុជា ដូច​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​ជាដើម ​។ ក្នុង​ន័យ​នេះ កម្ពុជា​ក៏​ចង់ឱ្យ​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​កូរ៉េ នៅ​កម្ពុជា​ផង​ដែរ​ ។

ជា​ការ​ឆ្លើយ​តប លោក Bae Hae-dong បាន​ការ​គាំទ្រ និង​បញ្ជាក់​ថា តាំងពី​ដើម​មក កម្ពុជា និង​សាធារណរដ្ឋ​កូរ៉េ​ មាន​ទំនាក់ទំនង​យ៉ាង​ស៊ីជម្រៅ​លើ​វិស័យសេដ្ឋកិច្ច និង​វប្បធម៌ រួម​ទាំង​ក្នុង​វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ផង​ដែរ​ ។ លោក​ជឿជាក់​ថា ​សហប្រតិបត្តិការ និង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​នឹង​នៅ​តែ​បន្ត​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​ ។ ទន្ទឹម​នេះ លោក​សង្ឃឹមថា ​កម្ពុជា នឹង​បណ្តុះបណ្តាល​កម្លាំង​ពលកម្ម​ជំនាញ ដែល​ស្រប​តាម​តម្រូវការ​ការងារ​នៅ​ក្នុង​ប្រទេស​កូរ៉េ​ ។ លោក​បង្ហាញ​ថា​ សហព័ន្ធ​សភាពាណិជ្ជកម្ម និង​ឧស្សាហកម្ម​ខេត្ត​ក្យ​ង់​គី នៃ​សាធារណរដ្ឋ​កូរ៉េ រង់ចាំ​រាល់​កិច្ចសហការ​ដើម្បី​ដាក់​ចេញ​ជា​វិធានការ​រួម​គ្នា ​៕ អត្ថបទសហការ