ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹទ្ធាចារ្យល្ខោនយីកេ ឃី មុំ ធ្លាក់ខ្លួនឈឺធ្ងន់ក្រុមគ្រួសារដាច់ចិត្តសុំជំនួយព្យាបាលក្នុងដង្ហើមចុងក្រោយ

23 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កូនស្រី​តែ​មួយ​របស់​លោកតា ឃី ដែល​ជា​អ្នក​បង្កើត​ក្រុម​យីកេ មុនគេ​បង្អស់​នៅ​ក្នុង​ខេត្តតាកែវ ព្រឹទ្ធាចារ្យ ឃី មុំ បាន…

រាជធានី​ភ្នំពេញ ៖ កូនស្រី​តែ​មួយ​របស់​លោកតា ឃី ដែល​ជា​អ្នក​បង្កើត​ក្រុម​យីកេ មុនគេ​បង្អស់​នៅ​ក្នុង​ខេត្តតាកែវ ព្រឹទ្ធាចារ្យ ឃី មុំ បាន និង​កំពុង​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ ជាមួយនឹង​ភាព​ជរាពាធ ក្នុង​ពេល​ដែល​ព្រឹទ្ធាចារ្យ​បាន​លះបង់​ស្ទើរ​ពេញ​មួយ​ជីវិត នៅ​ក្នុង​ការ​បណ្តុះបណ្តាល​ជំនាញ​សិល្បៈ​មួយ​នេះ​ដល់​កូន​ខ្មែរ​ជំនាន់​ក្រោយ​អស់​ជា​ច្រើន​ឆ្នាំ ។

ក្នុង​ស្ថានភាព​ដ៏​លំបាក​នេះ ក្រុម​គ្រួសារ​របស់​ព្រឹទ្ធាចារ្យ​បាន​ដាច់​ចិត្ត​ស្នើ​សុំ​ជំនួយ​ពី​បណ្តា​សប្បុរសជន​នានា ដើម្បី​ជួយ​សម្រួល​ក្នុង​ការ​ព្យាបាល​ជំងឺ​របស់​ព្រឹទ្ធាចារ្យ ក្នុង​ដង្ហើម​ចុង​ក្រោយ ត្បិត​ជំងឺ​របស់​ព្រឹទ្ធាចារ្យ ត្រូវការ​ថវិកា​ច្រើន​ក្នុង​ពេល​ដែល​ក្រុម​គ្រួសារ​ទាំងមូល​កំពុង​ជួប​ការ​លំបាក ។

កូនស្រី របស់​លោកយាយ ឃី មុំ គឺ​អ្នកស្រី ឃី សា​ខន បាន​អះអាង​ប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និ​ច​ថា បច្ចុប្បន្ន​ម្តាយ​របស់​អ្នកស្រី បាន​ពើបប្រទះ​នូវ​ជំងឺ​ក្រិន​ថ្លើម និង​ទៀច​ទឹក ហើយ​ជំងឺ​មួយ​នេះ​ទើបតែ​កើតឡើង​ក្នុង​រយៈពេល​ថ្មី​ៗ​នេះ​ប៉ុណ្ណោះ ។

អ្នកស្រី​បញ្ជាក់​ថា កន្លង​មក​គាត់ (​ព្រឹទ្ធាចារ្យ ឃី មុំ​) មាន​ជំងឺ​ទឹកនោមផ្អែម និង​លើសឈាម ប៉ុន្តែ​រយៈពេល​ប្រហែលជា​១​ខែ​នេះ​ប៉ុណ្ណោះ ទើប​ក្រុម​គ្រួសារ​បាន​រក​ឃើញ​ជំងឺ​ក្រិន​ថ្លើម​នេះ​មួយទៀត​បន្ទាប់​ពី​បាន​ទៅ​ពិនិត្យ​នៅ​មន្ទីរពេទ្យ ។ អ្នកស្រី​ថា យើង​ចេះ​តែ​ឃើញ​គាត់​ប្លែក ដោយសារ​គាត់​ហូប​អ្វី​បន្តិច ចេះ​តែ​តឹង​ពោះ ហើយ​ក្រុម​គ្រួសារ​ស្មាន​តែ​គាត់​មាន​បញ្ហា​តម្រង់​នោម ក៏​យក​គាត់​ទៅ​ពិនិត្យ​ដោយ​ឆ្លុះ​អេកូ​ក៏​ឃើញ​ជំងឺ​ក្រិន​ថ្លើម​នេះ​តែ​ម្តង ។

អ្នកស្រី ឃី សា​ខន បាន​បន្ថែម​ថា ដោយសារ​ជំងឺ​ប្រភេទ​នេះ​ក្រុម​គ្រូពេទ្យ​មិន​មាន​ថ្នាំ​ព្យាបាល​ទើប​ក្រុម​គ្រួសារ​សម្រេច​អោយ​គាត់​ព្យាបាល​ដោយ​ថ្នាំខ្មែរ ដោយ​មានការ​ព្រមព្រាង​ជាមួយ​គ្រូខ្មែរ​នៅ​ក្នុង​ការ​ព្យាបាល​រយៈពេល​៣​ខែ​ក្នុង​តម្លៃ​១២៥០​ដុល្លារ ។ អ្នកស្រី​បញ្ជាក់​ថា ក្រោយ​ពី​ការ​ព្យាបាល ដោយ​ប្រើប្រាស់​ថ្នាំខ្មែរ​មួយ​រយៈ​នេះ​មក​ឃើញ​ថា អាកា​រៈ​ជំងឺ​របស់​ម្តាយ​ហាក់​ថមថយ​បន្តិច ដោយ​ឃើញ​គាត់​បាន​បត់ជើងតូច ជើង​ធំ​បាន ហើយ​រៀង​ធូរ​ពោះ ហើយ​អាច​ហូប​បបរ​បាន​តិចតួច​ខ្លះ​ដែរ ។

យ៉ាងណា បើ​តាម​អ្នកស្រី ឃី សា​ខន ស្ថិត​ក្នុង​ស្ថានភាព​ដ៏​លំបាក​នេះ​ក្នុង​នាម​ក្រុម​គ្រួសារ​ព្រឹទ្ធាចារ្យ ឃី មុំ សុំ​អំពាវនាវ​សុំ​ពះ​ដៃ​ដប់​ដល់​សប្បុរសជន​នានា សូម​ជួយ​ដល់​ព្រឹទ្ធ​ចា​រ្យ​ផង​ព្រោះ​ពេល​នេះ​គាត់​កំពុង​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ ហើយ​ក្រុម​គ្រួសារ​ក៏​មានការ​ខ្វះខាត​សម្រាប់​ទិញ​ថ្នាំ​ព្យាបាល ។

គួរ​បញ្ជាក់​ថា អ្នកគ្រូ ឃី មុំ គឺជា​ព្រឹទ្ធាចារ្យ​សិល្បករ​ដ៏​ល្បី​ផ្នែក​ទម្រង់​សិល្បៈ​យីកេ ដែល​លោក​បាន​បណ្តុះបណ្តាល​អ្នក​បន្តវេន​ទម្រង់​សិល្បៈ​យីកេ​ជា​ច្រើន​ជំនាន់ ដោយ​ធានា​បាន​ថា ទម្រង់​សិល្បៈ​មួយ​នេះ​នៅ​តែ​គង់វង្ស​ជាមួយ​ក្មេង​ជំនាន់​ក្រោយ ។

បច្ចុប្បន្ន​នេះ អ្នកគ្រូ​ព្រឹទ្ធាចារ្យ ឃី មុំ លែង​បន្ត​បង្ហាត់បង្រៀន​ទៀត​ហើយដោយ​សារ​លោក​ចាស់ជរា ហើយ​ឥឡូវនេះ​លោក​ក៏​កំពុង​តែ​មាន​ជំងឺ​ជា​ទម្ងន់​ដែល​កំពុង​តែ​សម្រាក​ព្យាបាល ។ ព្រឹទ្ធាចារ្យ ឃី មុំ លោក​ប្រ​សូត្រ​ឡើង នៅ​ក្នុង​ឆ្នាំ​១៩៣៩ នា​ស្រុក​សំរោង ខេត្តតាកែវ ។ ឪពុក​របស់​លោក​ឈ្មោះ តា ឃី ជា​អ្នក​បង្កើត​ក្រុម យីកេ ដំបូង​គេ​បង្អស់​នៅ​ក្នុង​ខេត្តតាកែវ ហើយ​មាន​ភាព​ល្បីល្បាញ​នៅ​ក្នុង​ទសវត្សរ៍​១៩៦០ ដោយ​បាន​សម្តែង​នៅ​គ្រប់​បណ្តា​ខេត្ត​ក្នុង​ប្រទេស​កម្ពុជា ។

បន្ទាប់​ពី​នោះ នៅ​ក្នុង​ឆ្នាំ​១៩៨០ អ្នកគ្រូ ឃី មុំ បាន​ក្លាយជា​ព្រឹទ្ធាចារ្យ​បង្ហាត់បង្រៀន​សិល្បៈ​ទម្រង់​យីកេ​ពេញលេញ ដោយ​បាន​បង្ហាត់​នៅ​ក្នុង​ព្រះ​បរមរាជវាំង ហើយ​បន្ទាប់​មក​នៅ​សាលា​ក្រហម និង​ចុង​ក្រោយ នៅ​សាលា​វិចិត្រសិល្បៈ​រហូត​ដល់​ឆ្នាំ​២០០២ ទើប​ព្រឹទ្ធាចារ្យ ឃី មុំ បាន​ចូល​និវត្តន៍ ។

ព្រឹទ្ធាចារ្យ ឃី មុំ គឺជា​គ្រូសិល្បៈ​យីកេ​ដ៏​ល្បី​នៅ​ខេត្តតាកែវ និង​ចាត់ទុកជា​ជង្រុក​ក្បួនខ្នាត​សិល្បៈ​យីកេ​ដែល​ជា​សិល្បៈ​បុរាណ​ដ៏​មាន​តម្លៃ​មួយ​របស់​ជាតិខ្មែរ ។ ចំពោះ​បងប្អូន​អាច​បរិច្ចាគ​បាន​ដោយ​ស្គែ​ន​គណនេយ្យ​ធនាគារ​កូន​របស់​លោក​នៅ​ខាងក្រោម ឈ្មោះ​គណនី ៖ Seng Nalin លេខ​គណនី 092 526 618 ឈ្មោះ​ធនាគា​អេ​ស៊ី​លី​ដា ៕

OLYMPUS DIGITAL CAMERA

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ