ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូវ យុនហ្វាត នៅតែប្រើ Nokia ស៊េរីចាស់គ្មានអ៊ីនធឺណេត ទោះសម័យបច្ចេកវិទ្យាទំនើបខ្លាំង

1 ខែ មុន

ទីក្រុងហុងកុង ៖ កាលពីពេលថ្មីៗនេះ តារាសម្តែងជើងចាស់ដ៏ល្បីរបស់ហុងកុង លោក ចូវ យុនហ្វាត (Chow Yun-fat) ដែលប្រជាជនកម្ពុជាស្គាល់យ៉ាងច្បាស់ថា…

ទីក្រុងហុងកុង ៖ កាលពីពេលថ្មីៗនេះ តារាសម្តែងជើងចាស់ដ៏ល្បីរបស់ហុងកុង លោក ចូវ យុនហ្វាត (Chow Yun-fat) ដែលប្រជាជនកម្ពុជាស្គាល់យ៉ាងច្បាស់ថា «ស្តេចល្បែងអាចែ» បានចែករំលែកប្រាប់សាធារណជនថា លោកជៀសវាងការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម និងមិនបានតាមដានព័ត៌មានថ្មីៗនោះទេ ដោយសារលោកនៅតែប្រើប្រាស់ទូរស័ព្ទ Nokia ស៊េរីចាស់មិនអាចភ្ជាប់អ៊ីនធឺណិតបានដដែល។

យោងតាមប្រភពពីទស្សនាវដ្តីហុងកុង Eastweek បានរាយការណ៍ថា តារាសម្តែងជើងចាស់វ័យ៦៩ឆ្នាំរូបនេះ បានបង្ហាញខ្លួនយ៉ាងកម្រក្នុងកម្មវិធីដើរម៉ូដមួយក្នុងទីក្រុងហុងកុង កាលពីល្ងាចថ្ងៃអង្គារសប្តាហ៍មុន ដោយមានការចូលរួមពីតារាចម្រៀងខេប៉ុប (K-pop) ដ៏ល្បីរបស់កូរ៉េខាងត្បូង G-Dragon តារាសម្តែងហុងកុង លោកស្រី Carina Lau និងលោក Stephen Fung ផងដែរ។

នៅទីនោះ លោក ចូវ យុនហ្វាត បានថ្លែងថា លោកបានឃើញ G-Dragon ចុងក្រោយនៅក្នុងកម្មវិធី MAMA music Awards 2016 ហើយបាននិយាយបែបកំប្លែងថា «ខ្ញុំនឹងត្រូវថតរូបជាមួយគេនៅយប់នេះ»។ នៅពេលអ្នកសារព័ត៌មានស្នើឱ្យលោកបង្ហោះរូបថតជាមួយ G-Dragon នៅលើប្រព័ន្ធអ៊ីនធឺណិត ស្រាប់តែ លោក ចូវ បានតបថា លោកគ្មានបណ្តាញសង្គម Instagram ឬគណនីបណ្តាញសង្គមណាមួយនោះទេ ដោយសារលោកនៅតែប្រើទូរស័ព្ទ Nokia ស៊េរីចាស់មិនអាចភ្ជាប់អ៊ីនធឺណិតបាន។

លោកបង្ហាញចំណាប់អារម្មណ៍តិចតួចបំផុតលើការផ្លាស់ប្តូរស៊េរីទូរស័ព្ទដៃ ដោយលោកចូលចិត្តប្រើទូរស័ព្ទស៊េរីចាស់បែបនេះ និងនៅឱ្យឆ្ងាយពីព័ត៌មាន និងពាក្យចចាមអារាមឥតឈប់ឈរ។ ទោះយ៉ាងណា លោកមិនបានបញ្ជាក់ថា ទូរស័ព្ទ Nokia ស៊េរីចាស់របស់លោកកំពុងប្រើប្រាស់ ម៉ូដែលណាមួយនោះទេ។

ដោយត្រៀមខ្លួនសម្រាប់ការរត់ម៉ារ៉ាតុងនៅក្នុងខែវិច្ឆិកានេះ លោក ចូវ បានបង្ហើបថា លោករត់ចម្ងាយពី ៨ ទៅ ១០ គីឡូម៉ែត្រជារៀងរាល់ថ្ងៃ និងជ្រើសរើសការរត់នៅតំបន់ស្ងាត់ៗ ដើម្បីចៀសវាងការចាប់អារម្មណ៍ពីអ្នកគាំទ្រ។ លោកបានរៀបរាប់ពីករណីជាច្រើននៅពេលអ្នកគាំទ្រចែករំលែកទីតាំងកំពុងរត់របស់លោក ដោយបានទាក់ទាញហ្វូងមនុស្សយ៉ាងច្រើន ហើយបានសុំឱ្យពួកគេជៀស​វាងពីការបង្ហោះទូតាំងរត់របស់លោក ដោយសារនៅពេលបែកញើស សភាពរបស់លោកគួរឱ្យខ្លាច។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ លោក ចូវ យុនហ្វាត បានដើរថយក្រោយយ៉ាងខ្លាំងពីការសម្ដែង ដោយបង្ហាញខ្លួនជាសាធារណៈម្ដងម្កាលប៉ុណ្ណោះ។ ពេលខ្លះអ្នកគាំទ្រឃើញលោកដើរលេង ឬនៅភោជនីយដ្ឋានក្នុងស្រុក ហើយរបៀបរស់របស់លោកទៀតសោត សាមញ្ញ និងចំណាយតិចតួចបំផុត បើទោះបីលោកក្នុងនាមជាសេដ្ឋីប្រាក់រយលានដុល្លារក៏ពិតមែន។ លោក ចូវ ចូលចិត្តការមុជទឹកទៅក្នុងបាតសមុទ្រ ការម៉ាស្សា ជាពិសេសការម៉ាស្សាបាតជើង ហើយថែមទាំងបានហ្វឹកហាត់ផ្នែកសង្គ្រោះបឋមសម្រាប់សុវត្ថិភាពទៀតផង។ ជារឿយៗគេតែងឃើញលោកស្លៀកពាក់សាមញ្ញ និងឈុតរត់កីឡា ហើយលោកមិនចោលទំលាប់ពាក់មួកពណ៌ខ្មៅ ដែលរក្សាបែបនេះអស់រយៈពេលជាង៧ឆ្នាំមកហើយ។

នៅក្នុងបទសម្ភាសន៍កាលពីឆ្នាំ ២០១៨ លោកស្រី ចាស្មីន តាន់ (Jasmine Tan) ភរិយាលោក ចូវ យុនហ្វាតបានឱ្យដឹងថា ទ្រព្យសម្បត្តិស្វាមីលោកស្រីសរុបចំនួន ៥.៦ពាន់លានដុល្លារហុងកុង ឬស្មើនឹង ៧២០លានដុល្លារអាមេរិក ដោយចំនួននេះមិនត្រូវបានផ្ទៀងផ្ទាត់ដោយភាគីទី៣ ណាមួយឡើយ។

ទោះយ៉ាងណា ស្វាមីលោកស្រីបានបញ្ជាក់ថា លោកនឹងបរិច្ចាគ ៩៩% នៃទ្រព្យសម្បត្តិទៅដល់អង្គការសប្បុរសធម៌។ លោកស្រីក៏បានឱ្យដឹងផងដែរថា ស្វាមីលោកស្រីចាយវាយប្រចាំខែត្រឹមតែ ១០៣ដុល្លារប៉ុណ្ណោះ ហើយទូរស័ព្ទ Nokia ស៊េរីចាស់អាយុកាល១៧ឆ្នាំរបស់ស្វាមីលោកស្រីត្រូវបានប្តូរថ្មី នៅពេលអាចាស់ខូចប៉ុណ្ណោះ។

គួរបញ្ជាក់ថាលោក ចូវ យុនហ្វាត បានចាប់ផ្តើមអាជីពសម្តែងជាមួយទូរទស្សន៍ TVB ក្នុងឆ្នាំ ១៩៧៤ ទទួលបានភាពល្បីល្បាញតាមរយៈរឿងភាគដូចជា The Bund, The Good, The Bad and The Ugly និង The Yang’s Saga ហើយក្រោយមកលោកបានសម្តែងនៅក្នុងខ្សែភាពយន្តល្បីៗខ្នាតធំជាច្រើនដូចជា A Better Tomorrow, Crouching Tiger, Hidden Dragon និង God of Gamblers ដោយបង្កើនភាពល្បីល្បាញរបស់លោកកាន់តែខ្លាំងឡើងរហូតដល់បច្ចុប្បន្ន បើទោះបីជាលោកបង្ហាញនៅក្នុងវិស័យសិល្បះម្តងម្កាលយ៉ាងណាក៏ដោយ៕ (ដកស្រង់ ៖ VnExpress និង China Daily)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ