ប្រឡូកក្នុងសិល្បៈជិត៤០ឆ្នាំ និងធ្លាប់ដើរជាតួអង្គសំខាន់ៗរាប់មិនអស់ ជាពិសេសតួអង្គក្សត្រខ្មែរបុរាណ តែបើគិតរហូតមកទល់បច្ចុប្បន្ន តារាសម្តែងប្រុសជើងចាស់ លោក ទេព រិន្ទដារ៉ូ នៅតែត្រូវបានបងប្អូនមហាជនអ្នកគាំទ្រទូទាំងប្រទេស គាំទ្រ និងលើកតម្កើងជាតួអង្គស្ដេចខ្មែរសម័យបុរាណ ដែលដើរតួបានសមបំផុត និងជាបុគ្គលទី១ មិនគួរមើលរំលង ។
ជាការពិតណាស់ នៅក្នុងព្រឹត្តិការណ៍វប្បធម៌ធំៗសំខាន់ៗនីមួយៗ តួអង្គក្សត្រពិតជាសំខាន់ណាស់ ព្រោះជាបុគ្គលទី១ ដែលទស្សនិកជនចង់មើលឃើញ និងតាមសំឡឹងមើលមុនគេ ។
ដោយឡែក បើក្រឡេកមកចាប់អារម្មណ៍ តារាសម្ដែងជើងចាស់ លោក ទេព រិន្ទដារ៉ូ ឯណេះវិញ បើទោះជាស្ថិតក្នុងវ័យជ្រេក៏ពិតមែន តែតារាសម្តែងដែលមិនចេះថមថយប្រជាប្រិយភាពរូបនេះនៅតែមានទីផ្សារការងារ ព្រមទាំងនៅរក្សាបានរូបរាងស្រស់សង្ហាដដែល គ្មានខុស កាលពីភាពយន្តលោកសម្តែង កាលពីទសវត្សរ៍៨០ឡើយ ។
យ៉ាងណាមិញ ថ្មីៗនេះផ្ទុះការចាប់អារម្មណ៍ និងមានការគាំទ្រយ៉ាងខ្លាំងទៅលើតារាប្រុសលោក ទេព រិន្ទដារ៉ូ ដោយមហាជនយល់ឃើញថាលោក គឺជាតារាសម្ដែងប្រុសទី១ និងឈរនៅខាងមុខគេបំផុតដែលសាកសមដើរជាតួអង្គក្សត្រខ្មែរបុរាណ ព្រោះលោកមានទាំងរូបរាង រូបសម្រស់ ទឹកមុខសម្ដែង សមត្ថភាពបទពិសោធន៍ច្រើនរាប់មិនអស់ បូករួម និងវ័យរបស់លោកផងដែរ ។
តាមរយៈការលើកឡើងរបស់អ្នកគាំទ្រមួយរូប បានរៀបរាប់ពីចំណុចពិសេសៗរបស់តារាប្រុសរូបនេះដូចខាងក្រោម ៖ ទី១ វ័យរបស់តារាប្រុសរូបនេះនៅពេលគ្រងឈុតក្សត្រស៊ីគ្នាទៅហ្នឹងអាយុអង្គក្សត្រក្នុងប្រវត្តិសាស្ត្រ សម័យកាលអង្គររុងរឿង ។ ទី២ ទឹកមុខតារាប្រុសជើងចាស់រូបនេះនៅពេលគ្រងម្កុដ ទឹកមុខបង្កប់ដោយមេត្តាធម៌ ទោះក្នុងឈុតកាចក៏សមជាក្សត្រ មានហេតុមានផល មានចិត្តមេត្តាបង្កប់ក្នុងទឹកមុខរបស់គាត់ (មុខអត់កោងកាច អត់ឈ្លើយ) ។ ទី៣ កម្ពស់រាងរៅលោក ទេព រិន្ទដារ៉ូ ស៊ីគ្នាជាមួយតួអង្គក្សត្រី មាឌសមល្មម មិនចាំតែសាច់ដុំកង់ៗ តែនៅពេលឈរក្បែរតួស្រីមិនសមនោះទេ ។ ទី៤ កាយវិការ និងទេពកោសល្យសម្តែងក្សត្រចំក្សត្ររឹងមាំ មិនច្រងេងច្រងាង ប្រឹងៗនោះឡើយ ។ សោកសៅចំសោកសៅ ទឹកមុខបៀមទុក្ខព្រួយ មិនប្រឹងៗ ។ ស្នេហាចំស្នេហា មានស្នេហ៍មុខ ។
ទាំងនេះជាទេពកោសល្យសម្តែងរាប់ឆ្នាំរបស់តារាប្រុសរូបនេះដែលយើងមើលមក គឺដាក់ពិន្ទុគាត់នៅលើគេក្នុងចំណោម តួជាច្រើនរួចទៅហើយ ដូចនេះទើបមិនសូវមានចំណុចឆ្គង និងតាមចាប់កំហុសគាត់ពេលសម្តែងម្តងៗ ។
ជាចុងក្រោយ អ្នកគាំទ្ររូបនេះបានបញ្ជាក់ថា ខ្ញុំបាទដឹងថា ព្រឹត្តិការណ៍វប្បធម៌នីមួយៗ ចំណាយថវិកា ពេលវេលា និងទឹកចិត្តការលះបង់របស់សិល្បៈករគ្រប់រូបច្រើនណាស់ក៏សូមអរគុណយ៉ាងអនេក ហើយនេះគ្រាន់ជាមតិយោបល់ក្នុងន័យស្ថាបនា និងដោយការស្រលាញ់របស់ទស្សនិកជនមួយរូប និងក្នុងនាមជាអ្នកគាំទ្រព្រឹត្តិការណ៍វប្បធម៌មួយរូបប៉ុណ្ណោះ ។ ចុះសម្រាប់ប្រិយមិត្តអ្នកគាំទ្រវិញ តើយល់យ៉ាងណាដែរ តើតារាសម្ដែងជើងចាស់ លោក ទេព រិន្ទដារ៉ូ សាកសមជាបុគ្គលទី១ ដែលដើរជាតួអង្គក្សត្រខ្មែរបុរាណដែរឬទេ ហើយតើមានតារារូបណាខ្លះដែលលោកអ្នកគិតថា អាចដើរជាតួអង្គក្សត្រខ្មែរសាកសមនៅក្នុងព្រឹត្តិការណ៍វប្បធម៌ធំៗជាច្រើនទៀត ៕ អត្ថបទ៖ រៀម រ៉ាន
ចែករំលែកព័តមាននេះ