រាជធានីភ្នំពេញ ៖ ជីវិតក្នុងសាច់រឿង និងជីវិតប្រាកដខាងក្រៅសាច់រឿង គឺខុសប្លែកគ្នា៣៦០ដឺក្រេតែម្ដង ក្រោយរឿង «កូនប្រសាស្រី» បានបញ្ចប់ទៅអស់រយៈពេល១ទសវត្សរ៍ បច្ចុប្បន្នតួឯកស្រី«សោភា» កំពុងប្រើជីវិតរស់នៅយ៉ាងមានសុភមង្គលជាមួយក្រុមគ្រួសារនៅឯក្រៅប្រទេស ។
ជាការពិតណាស់ មហាជនដែលនិយមតាមដានទស្សនាខ្សែភាពយន្ត រឿងភាគខ្មែរ ដែលមានការនិពន្ធ និងដឹកនាំសម្តែងដោយលោកស្រី ពាន់ ភួងបុប្ផា ច្បាស់ជានៅចងចាំនៅឡើយ នូវរឿងមួយក្នុងចំណោមរឿងជាច្រើនផ្សេងទៀតនោះ គឺរឿង«កូនប្រសាស្រី» ដែលជារឿងដ៏កម្សត់ ធ្វើឱ្យអ្នកទស្សនាមិនតិចនោះទេ សម្រក់ទឹកភ្នែកទៅតាមសាច់រឿង និងមានការខឹងសម្បាទៅលើម្ដាយក្មេក និងបងស្រីថ្លៃជាដើម។
តួយ៉ាងចំពោះរឿង «កូនប្រសាស្រី» នោះដែរ តួឯកសំខាន់ដែលឆ្លុះបញ្ចាំងពីចំណងជើងនោះ គឺមានការសម្តែងដោយអ្នកនាង នី មុល្លីកា មានឈ្មោះថា «សោភា» ។ ចំពោះសាច់រឿង «កូនប្រសាស្រី» នេះដែរ គឺបានបង្ហាញពីការតស៊ូរបស់តួអង្គស្រីឈ្មោះ «សោភា» ក្នុងរឿងគ្រប់បែបយ៉ាង ដោយនាងអាចក្រោកឈរគ្រប់ពេលដែលនាងជួបបញ្ហា ហើយរឿងនេះគឺបានឆ្លុះបញ្ចាំងពីទិដ្ឋភាពសង្គមមួយផ្នែកក្នុងសង្គមពីជីវិតគ្រួសារដែលត្រូវរងសម្ពាធពីម្តាយក្មេក ។
យ៉ាងណាមិញ ខ្សែភាពយន្តខ្មែររឿង «កូនប្រសាស្រី» ដែលជាស្នាដៃនិពន្ធ និងគ្រប់គ្រងផលិតដោយអ្នកស្រី ពាន់ ភួង បុប្ផា ដែលល្បីកក្រើកតាមរយៈកញ្ចក់ទូរទស្សន៍កាលពី១ទសវត្សរ៍កន្លងមកនោះថ្មីៗនេះកំពុងទាក់ទាញប្រិយមិត្តអ្នកទស្សនាឲ្យតាមដានជក់ចិត្ត និងផ្ទុះការគាំទ្រជាថ្មីម្ដងទៀត បន្ទាប់ពីមានការចែកចាយបន្តយ៉ាងផុសផុលនៅលើបណ្ដាញសង្គម FaceBook និង Chanel Youtube ។
ទន្ទឹមនឹងការតាមដានយ៉ាងសន្ធឹកនេះ មហាជនអ្នកគាំទ្រនិយមចូលចិត្តតាមដាន ខ្សែភាពយន្តភាគនេះក៏កំពុងចាប់អារម្មណ៍ និងចង់ដឹងអំពីខ្សែជីវិតតួអង្គសម្តែងនីមួយៗក្នុងសាច់រឿងខាងលើនេះផងដែរ តើមកដល់បច្ចុប្បន្ននេះកំពុងរស់នៅឯណា ស្ថានភាពជីវិតឯកជនបែបណា និងប្រែប្រួលយ៉ាងណាខ្លះផងដែរ ។
ជាមួយគ្នានេះ បើងាកមកចាប់អារម្មណ៍ខ្សែជីវិតពិតខាងក្រៅសាច់រឿងរបស់តួឯកស្រីរឿង «កូនប្រសាស្រី» វិញ បន្ទាប់ពីរឿងបានរំលងផុតទៅអស់រយៈពេលជាង១០ឆ្នាំ ពោល គឺ១ទសវត្សរ៍មកហើយ តួឯកស្រីឈ្មោះ «សោភា» ដែលសម្តែងដោយ អ្នកនាង នី មុ ល្លីកា គឺខុសប្លែកក្នុងសាច់រឿង៣៦០ដឺក្រេតែម្ដង បច្ចុប្បន្នអ្នកនាងកំពុងតែរស់នៅឯក្រៅប្រទេស និងចាយជីវិតយ៉ាងមានសេចក្ដីសុខ និងពេញដោយសុភមង្គលជាមួយស្វាមី និងកូនៗ ។
សូមបញ្ជាក់ថា បច្ចុប្បន្ន អ្នកនាង នី មុល្លីកា កំពុងរស់នៅឯដរដ្ឋតិចសាស សហរដ្ឋអាមេរិក ជាមួយនឹងស្វាមី ព្រមទាំងកូនប្រុស១រូប និងស្រី ១ រូប ដែលជាចំណងដៃអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរ ក្រោយតារាស្រីរូបនេះបានសម្រេចចាកចេញពីស្រុកកំណើត កាលពី១១ ឆ្នាំមុខនោះ ៕ អត្ថបទ៖រៀម រ៉ាន់
ចែករំលែកព័តមាននេះ