ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មកដឹងទ្រព្យសម្បត្តិមហាសេដ្ឋីចិនជាភរិយាតារាសម្តែងតួ ថាំង ចេង ដ៏ល្បី

2 ថ្ងៃ មុន

ប្រទេសចិន ៖ លោកស្រី Chen Lihua មហាសេដ្ឋីជំនួញ និងជាភរិយារបស់តារាសម្តែងចិន លោក Chi Zhongrui…

ប្រទេសចិន ៖ លោកស្រី Chen Lihua មហាសេដ្ឋីជំនួញ និងជាភរិយារបស់តារាសម្តែងចិន លោក Chi Zhongrui ល្បីល្បាញខ្លាំងបំផុត តាមរយៈការសម្តែងតួ ថាំង ចេង (Tang Sanzang) នៅក្នុងរឿងភាគទូរទស្សន៍យុទ្ធសិល្ប៍ស៊ុនអ៊ូខុង «Journey to the West» នោះ ត្រូវបានរាយការណ៍ថាមានទ្រព្យសម្បត្តិចំនួន៥៥ពាន់លានយន់ ឬស្មើនឹង ៧.៧ពាន់លានដុល្លារអាមេរិក។

លោកស្រី Chen Lihua បច្ចុប្បន្នជាប់ចំណាត់ថ្នាក់ទី ៦៨ នៅក្នុងបញ្ជីអ្នកមានបំផុតទាំង១០០នាក់ នៅក្នុងប្រទេសចិនរបស់វិទ្យាស្ថានស្រាវជ្រាវ Hurun ចេញផ្សាយកាលពីថ្ងៃទី ២៩ ខែតុលា កន្លងទៅ និងត្រូវបានចាត់ទុកជាស្រ្តីមានឥទ្ធិពលម្នាក់របស់ប្រទេសចិន។ ទ្រព្យសម្បត្តិលោកស្រីភាគច្រើនបានពីអចលនទ្រព្យ និងសារមន្ទីរ Red Sandalwood របស់លោកស្រីផ្ទាល់តែម្តង។

ប្រភពពីសារព័ត៌មាន Sina បានឱ្យដឹងថា នៅក្នុងឆ្នាំ ២០១៦ លោកស្រី Chen Lihua ត្រូវបានទទួលស្គាល់ថាជាស្ត្រីមានបំផុតរបស់ប្រទេសចិន ហើយនៅតែឈរយ៉ាងរឹងមាំក្នុងចំណោមមហាសេដ្ឋីចិនជាច្រើននាក់ផ្សេងទៀត បើទោះបីជាទ្រព្យសម្បត្តិសុទ្ធរបស់លោកស្រីបានធ្លាក់ចុះនាពេលថ្មីៗនេះ យ៉ាងណាក៏ដោយ។ អាជីពរបស់លោកស្រីបានចាប់ផ្តើមនៅឆ្នាំ ១៩៩៦ ជាមួយការបង្កើតសាល Changan គឺជាសាលប្រណីតរៀបចំកម្មវិធីធំៗ មានទីតាំងជិតទីលានធានអានមេន (Tiananmen) ក្នុងទីក្រុងប៉េកាំង។

បន្តបន្ទាប់ទៀត លោកស្រី Chen Lihua បានបង្កើនទ្រព្យសម្បត្តិតាមរយៈការអភិវឌ្ឍន៍អចលនទ្រព្យនៅតាមបណ្តោយផ្លូវជិនបាវ (Jinbao) ក្នុងទីក្រុងប៉េកាំង ហើយផ្សារទំនើប បង្កើតឡើងដោយក្រុមហ៊ុនលោកស្រី ឥឡូវនេះមានម៉ាកយីហោប្រណីតលំដាប់អន្តរជាតិជាច្រើនលក់នៅទីនោះ។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ការយកចិត្តទុកដាក់ជាសាធារណៈបានផ្តោតលើរបៀបដែលលោកស្រីមានបំណង​បែងចែកទ្រព្យសម្បត្តិរបស់លោកស្រី។

ពាក្យចចាមអារ៉ាមផ្សព្វផ្សាយលើបណ្តាញសង្គមចិនបានបង្ហាញថា លោកស្រីអាចបែងចែកទ្រព្យ ២.៥ពាន់លានដុល្លារឱ្យទៅស្វាមីជាអតីតតារាសម្តែងដ៏ល្បីរបស់លោកស្រី លោក Chi Zhongrui ។ ប៉ុន្តែយ៉ាងណាក៏ដោយ លោកស្រីមិនបាននិយាយជាសាធារណៈណាមួយអំពីផែនការមរតករបស់លោកស្រីនោះទេ។

បច្ចុប្បន្នកូនទាំង៣នាក់របស់លោកស្រី (ប្រុសម្នាក់ ស្រី២នាក់) ជាមួយនឹងអតីតស្វាមីកំពុងដើរតួយ៉ាងសំខាន់ក្នុងអាជីវកម្មរបស់លោកស្រី។ កូនប្រុសឈ្មោះ Zhao Yong គឺជាប្រធានក្រុមហ៊ុនចំនួន៧១ក្រុមហ៊ុន ស្ថិតក្រោមសម្ព័ន្ធដឹកនាំរបស់លោកស្រីផ្ទាល់ ខណៈដែលកូនស្រីឈ្មោះ Zhao Li គ្រប់គ្រងក្រុមហ៊ុនចំនួន ១៤ក្រុមហ៊ុនផ្សេងទៀត។ ចំណែកលោក Chi Zhongrui បច្ចុប្បន្នជានាយកប្រតិបត្តិនៅក្នុងក្រុមហ៊ុនចំនួន ២ ផ្សារភ្ជាប់ទៅនឹងសារមន្ទីរ Red Sandalwood។

ប្រភពពីប្រព័ន្ធផ្សព្វផ្សាយចិន Ifeng បានឱ្យដឹងថា លោកស្រី Chen Lihua និងលោក Chi Zhongrui បានរៀបការតាំងពីឆ្នាំ ១៩៩០ ហើយបច្ចុប្បន្នលោកទាំងពីរកំពុតផ្តោតលើការផ្សព្វផ្សាយសារមន្ទីរ Red Sandalwood និងផលិតផលគ្រឿងសំអាងដែលបានបង្កើតជាមួយគ្នា។ ប្តីប្រពន្ធមួយគូនេះ តែងតែចែករំលែកវីដេអូអំពីការងារលើការឆ្លាក់ឈើ និងគ្រឿងសម្អាង ស្របពេលលោក Chi Zhongrui ជារឿយៗតែងតែឡាយវីដេអូបង្ហាញអំពីផលិតផលថែរក្សាស្បែករបស់ក្រុមហ៊ុនលោក។

លោកស្រី Chen Lihua បច្ចុប្បន្នវ័យ៨៣ឆ្នាំធ្លាប់បានចែករំលែកថា លោកស្រីលង់ស្នេហ៍ចំពោះសម្រស់ដ៏ស្រស់សង្ហារបស់លោក Chi Zhongrui ខណៈលោក Chi Zhongrui វិញបានសម្តែងការគោរពចំពោះបុគ្គលិកលក្ខណៈដ៏រឹងមាំរបស់លោកស្រី Chen Lihua ដោយបានហៅភរិយាថាគឺជាស្ត្រីដ៏មានថាមពលម្នាក់៕ (ប្រភព ៖ VnExpress)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ