ខេត្តកែប ៖ ប្រជុំកោះនៅក្នុងលម្ហសមុទ្រនៃខេត្តកែប ពិតជាមានភាពស្ងប់ស្ងាត់ ប៉ុន្តែនៅតាម
កោះមួយចំនួនក៏មានប្រជាពលរដ្ឋរស់នៅ ដែលភាគច្រើនប្រកបរបរនេសាទ ហើយក្នុងចំណោមកោះទាំងនោះនឹងមានការអភិវឌ្ឍនាពេលខាងមុខ ។
ប្រជុំកោះមួយចំនួនក្នុងដែនសមុទ្រខេត្តកែប កន្លងមក មានក្រុមហ៊ុនមួយចំនួនបានមកសិក្សាគម្រោង ដើម្បីធ្វើការអភិវឌ្ឍនៅលើដែនកោះទាំងនោះ ប៉ុន្តែក្រុមហ៊ុនទាំងនោះក៏មិនទាន់បានកំណត់កាលបរិច្ឆេទឱ្យបានច្បាស់លាស់នៅឡើយទេ ។ ក្នុងពេលបច្ចុប្បន្ន នៅតាមកោះខ្លះក៏មានពលរដ្ឋរស់នៅ ដែលភាគច្រើនប្រកបមុខរបរនេសាទសមុទ្រ តែពួកគាត់ប្រឈមនឹងការខ្វះខាតទឹកសាបប្រើប្រាស់ ។
ក្នុងដែនសមុទ្រខេត្តកែប មានកោះទាំងអស់ចំនួន១២ និងថ្មប៉ប្រះទឹក១ រួមមាន ៖ ១-កោះ
ទន្សាយ ២-កោះត្បាល់ ៣-កោះស្វាយ ៤-កោះពោធិ៍ ៥-កោះម៉ាក់ប្រាង្គ ៦-កោះសេះ ៧-កោះអង្ក្រង ៨-កោះស្វាយព្រៃ ៩-កោះហាលត្រី ១០-កោះការ៉ាង ១១-កោះកុក ១២-កោះម្ទេស និង១៣-គឺថ្មប៉ប្រះទឹក ។ ក្នុងចំណោមកោះទាំងអស់ ក៏មានកោះមួយចំនួន មានប៉ុស្តិ៍នគរបាលការពារព្រំដែនទឹក និងមានប្រជាពលរដ្ឋរស់នៅ ដែលភាគច្រើនប្រកបមុខរបរនេសាទ ដូចជាកោះទន្សាយ កោះស្វាយ កោះពោធិ៍ កោះសេះ និងកោះការ៉ាងជាដើម ។ខាងក្រោមនេះ ជារបាយការណ៍ជុំវិញស្ថានភាពកោះមួយចំនួនក្នុងដែនសមុទ្រខេត្តកែប ។
កោះទន្សាយ-ជារមណីយដ្ឋានធម្មជាតិដ៏ល្អប្រណីតនិងនៅជិតដីគោក ។ កោះនេះ មានលក្ខណៈអំណោយផលពីធម្មជាតិ ព្រោះមានឆ្នេរខ្សាច់ចំនួន២កន្លែង ដែលមានវាលខ្សាច់សក្បុសពីធម្មជាតិ អាចធ្វើជាកន្លែងសម្រាប់ងូតទឹកសមុទ្រកម្សាន្តសប្បាយបាន ។ ទឹកសមុទ្រមានជម្រាលវែងហើយរាក់ ។ និយាយរួម ទឹកសមុទ្រនៅកោះទន្សាយមានជម្រៅរាក់ ដោយសារតែមានឆ្នេរនៅព័ទ្ធជុំវិញកោះ ហើយវាមានភាពជម្រាលបន្តិចម្តងៗ ជាហេតុធ្វើឱ្យកោះនេះក្លាយជាកន្លែងសម្រាប់ការហែលទឹកលេងកម្សាន្ត ។
ខាងក្រោមទឹកសមុទ្រមានផ្កាថ្ម សត្វសមុទ្រ រុក្ខជាតិសមុទ្រ អំណោយផលដល់ការស្រាវជ្រាវពីប្រព័ន្ធបរិស្ថានចម្រុះ ។នៅលើកោះនេះមានផ្ទះសំណាក់ចំនួន ៨ និងភោជនីយដ្ឋានចំនួន៥ បានបើក តែចំនួននេះអាចមានច្រើនទៀតព្រោះនេះជាចំនួនដែលបានដកស្រង់ក្នុងឆ្នាំ២០២០ ។
ពេលថ្ងៃ កោះនេះអាចនឹងមមាញឹកខ្លាំងជាមួយអ្នកទេសចរនៅពេលថ្ងៃ ដែលចាកចេញក្នុងរង្វង់ម៉ោង៤រសៀល ហើយនៅពេលថ្ងៃលិចគឺមានមនុស្សតិចទេ ដែលស្នាក់នៅពេញមួយយប់នៅទីនោះ ។
អគ្គិសនីមានត្រឹមតែពីម៉ោង៦ទៅម៉ោង៩យប់ តាមរយៈម៉ាស៊ីនភ្លើង ។ ទឹកមានក្នុងរយៈពេលខ្លីកំឡុងខែប្រាំង (ធ្នូ-មេសា) និងទូកវែងៗដែលមានធុងទឹកធំៗផ្គត់ផ្គង់ភាពខ្វះខាត ។ សព្វថ្ងៃមានប្រជាជនមិនច្រើនគ្រួសារទេរស់នៅលើកោះនេះ ។ ពួកគេប្រកបរបរនេសាទនិងដាំដើមដូង ។
កោះត្បាល់-គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនរបស់លោកអ្នកឧកញ៉ា ទ្រី ភាព ក្នុងការស្នើសុំអភិវឌ្ឍកោះត្បាល់ ស្ថិតក្នុងភូមិសាស្ត្រខេត្តកែប ។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចុះបញ្ជីអនុញ្ញាតឲ្យលោកអ្នកឧកញ៉ា ទ្រី ភាព តាមរយៈក្រុមហ៊ុន TRY PHEAP KOH TUNSAY RESORTS CO., LTD ដើម្បីអភិវឌ្ឍន៍កោះត្បាល់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប ក្នុងទុនវិនិយោគចំនួន១៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន១០៥កន្លែង ។
លោកអ្នកឧកញ៉ា ទ្រី ភាព ជាពាណិជ្ជករកំពុងឈរជើងចាក់គ្រឹះយ៉ាងរឹងមាំនៅក្នុងទឹកដីខេត្តកែប ខណៈដែលកន្លងទៅរាជរដ្ឋាភិបាលសម្រេចផ្តល់ការអនុញ្ញាតឲ្យធ្វើការអភិវឌ្ឍនៅតាមកោះជាច្រើនកន្លែងរួចមកហើយ ។ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប ថ្លែងឱ្យដឹងថា តាមរយៈការសហការគ្នារវាងវិស័យរដ្ឋនិងឯកជន ក្នុងការអភិវឌ្ឍនៅខេត្តកែប ពិតណាស់នឹងជះឥទ្ធិពលជាវិជ្ជមានសម្រាប់វិស័យទេសចរណ៍ និងសេដ្ឋកិច្ចរបស់ខេត្តកែប ដើម្បីលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋមូលដ្ឋាន ដែលអាចផ្តល់កន្លែងការងារ សំដៅកាត់បន្ថយការធ្វើចំណាកស្រុក ។ ដូចនេះ ការធ្វើឱ្យគម្រោងលេចចេញជារូបរាងឡើង គឺជារឿងដែលយើងខិតខំបន្ត ។
កោះត្បាល់ ជាកោះធម្មជាតិមួយដែលមានចម្ងាយប្រហែល៦គីឡូម៉ែត្រពីក្រុងកែប និងធ្វើ
ដំណើរតាមទូកប្រមាណពី៣៥ទៅ៤៥នាទី។ កោះត្បាល់ក៏នៅជាប់នឹងកោះទន្សាយ ដែលស្ថិតក្នុងគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន ទ្រី ភាព ផងដែរ ដោយមានចម្ងាយពីគ្នា តែ១,៥គីឡូម៉ែត្រប៉ុណ្ណោះ ។
កោះហាលត្រី-ជាកោះធម្មជាតិមួយស្ថិតក្នុងប្រជុំកោះពោធិ៍ និងកោះទន្សាយ ដែលមានទេសភាពយ៉ាងស្រស់បំព្រង អមដោយខ្យល់អាកាសបរិសុទ្ធ ទឹកសមុទ្រថ្លាឈ្វេង រួមទាំងព្រៃឈើខៀវស្រងាត់ លាយឡំជាមួយនឹងទេសភាពកោះដទៃទៀតព័ទ្ធជុំវិញ ក្លាយជាទស្សនីយភាពដ៏សែនមនោរម្យសម្រាប់ភ្ញៀវទេសចរមកលំហែអារម្មណ៍តាមឆ្នេរ គយគន់ព្រះអាទិត្យពេលអស្ដង្គត ឬជិះទូកស្ទូចត្រីលេងកម្សាន្តជាដើម ។
យើងអាចធ្វើដំណើរចេញពីក្រុងកែបដោយត្រូវចំណាយពេលប្រមាណ ៣៥ទៅ៤៥នាទីតាម
រយៈទូក ឬកាណូតទេសចរណ៍ដែលសំចតចាំភ្ញៀវទេសចរព្រោងព្រាត ។កោះសេះ-ជាកោះដែលមានសក្តានុពលផ្នែកទេសចរណ៍ ដោយសារតែកោះនេះស្ថិតនៅក្បែរកោះត្រល់ ។ កោះនេះមានវិសាលភាពទំហំ៥០០ហិកតា ហើយសព្វថ្ងៃពុំទាន់ឃើញមានភ្ញៀវទេសចរច្រើនទៅកម្សាន្តនៅទីនោះនៅឡើយទេ ។
ប៉ុន្តែប្រសិនបើបងប្អូនមានបំណងចង់ទៅកម្សាន្ត បងប្អូនអាចទៅកំពង់ផែកោះខ្យងរបស់ខេត្តព្រះ
សីហនុ រួចសុំទូកដែលមានទិសដៅទៅកោះថ្មីដើម្បីជូនទៅកោះសេះ ព្រោះកោះថ្មី ខេត្តព្រះសីហនុមានចម្ងាយជិតកោះសេះរបស់ខេត្តកែបដែលពីមុនស្ថិតក្នុងរដ្ឋបាលគ្រប់គ្រងរបស់ខេត្ត
កំពត ។កោះពោធិ៍-ជាកោះមួយដែលមានទេសភាពស្រស់ស្អាត អាចត្រូវនឹងចំណូលចិត្តភ្ញៀវទេសចរ ដែលនិយមគោលដៅអេកូទេសចរណ៍ ហើយវាក៏មានឆ្នេរខ្សាច់ល្អប្រកបដោយភាពស្ងប់
ស្ងាត់ផងដែរ ។ កោះនេះលម្អដោយឆ្នេរខ្សាច់ពណ៌ពងមាន់ ព័ទ្ធជុំវិញដោយព្រៃឈើពណ៌បៃ
តងស្រស់ ។កោះពោធិ៍ គឺជាភូមិកររបស់អ្នកនេសាទប្រមាណជាង៥០គ្រួសារ ដែលរស់នៅយ៉ាងស្ងាត់ស្ងៀមលើកោះក្នុងភូមិសាស្ត្រខេត្តកែបនេះ ។ វាក៏ដូចនឹងសហគមន៍អ្នកនេសាទឯទៀតដែរ អ្នកភូមិកោះពោធិ៍រស់នៅដោយសេចក្តីថ្លៃថ្នូរ និងសកម្មក្នុងអាជីពជាអ្នកនេសាទ ។
ប្រជាជននៅលើកោះពោធិ៍ ១០០% គឺជាអ្នកនេសាទ ពួកគាត់ពុំដែលចាកចេញពីមហាសាគរទៅរកដីគោកឡើយ ។ ទីនោះពុំមានសាលារៀនសម្រាប់កុមារ គ្មានមន្ទីរពេទ្យ ហើយក៏គ្មានអគ្គិ
សនីប្រើប្រាស់ដែរ ។ អ្វីដែលខ្វះនោះគឺទឹកសាបប្រើប្រាស់ តែបើរដូវរាំងស្ងួតមិនវែងហើយធ្លាក់ភ្លៀង នោះពួកគាត់តែងត្រងទឹកភ្លៀងទុកហូបនិងប្រើប្រាស់ តែឆ្នាំកន្លងមកនេះខណៈការរាំងស្ងួតអូសបន្លាយ ប្រជាពលរដ្ឋបានប្រឈមនឹងការខ្វះទឹក ហើយអាជ្ញាធរបានដឹកទឹកទៅចែកនិងមួយចំណែកបានទិញទឹកសាបដែលគេដឹកលក់ ។ជាភូមិដាច់ស្រយាលដែលមានចម្ងាយប្រមាណ១០គីឡូម៉ែត្រពីក្រុងកែប ទីនេះគឺជាករណីពិសេសនៅជុំវិញមហាសាគរនៃខេត្តកែប ។ ដើម្បីទៅដល់កោះពោធិ៍គឺ ត្រូវធ្វើដំណើរ២ម៉ោង ទាំងទៅទាំងមកដោយជិះទូក ។
កោះម្ទេស-ជាកោះធម្មជាតិមួយស្ថិតនៅក្នុងចំណោមកោះដទៃទៀតនៃប្រជុំកោះពោធិ៍ និងកោះទន្សាយ ដែលមានទេសភាពដ៏ស្រស់ត្រកាលពីធម្មជាតិ លម្អជុំវិញដោយទឹកសមុទ្រថ្លាយង់ ។ ខ្យល់អាកាសដ៏បរិសុទ្ធពីសមុទ្រ បានធ្វើឲ្យភ្ញៀវដែលមកកម្សាន្តបានធូរស្បើយអស់ទុក្ខកង្វល់ទាំងឡាយក្នុងកាយា ។
ជាទូទៅ គេសង្កេតឃើញមានភ្ញៀវទេសចរជាច្រើននិយមចូលចិត្តទៅស្ទូចត្រីលេងកម្សាន្តនៅកោះម្ទេសផងដែរ ។ ម្យ៉ាងទៀត កោះនេះក៏ត្រូវបានរាជរដ្ឋាភិបាលដាក់បញ្ចូលជាមួយនឹងកោះដទៃទៀត ជាតំបន់អភិរក្សជីវចម្រុះក្នុងសមុទ្រទៀតផង ។ បើយើងធ្វើដំណើរពីក្រុងកែប ត្រូវចំណាយពេលប្រមាណ ៣៥ទៅ៤៥នាទី តាមរយៈទូក ឬកាណូតទេសចរណ៍ ដែលសំចតចាំបម្រើទេសចរយ៉ាងច្រើននៅផែក្រុងកែប ៕
ចែករំលែកព័តមាននេះ