រាជធានីភ្នំពេញ ៖ អ្នកនាង ខាត់ សុឃីម បានសម្រេចផ្អឹបការបណ្តុះបណ្តាលផ្នែកសិល្បៈដល់កូនស្រីរបស់លោកខាត់ ចំរើន មួយរយៈសិន ដោយអ្នកនាងត្រូវជម្រុញឲ្យក្មួយស្រីទទួលការរៀនសូត្រឲ្យបានច្រើនជាមុនសិន មុនសម្រេចចាប់យកអាជីពសិល្បៈណាមួយនាពេលអនាគត ។
ការធ្វើបែបនេះ ត្រូវបានតារាពហុជំនាញរូបនេះបញ្ជាក់ថា ដោយសារក្តីបារម្ភខ្លាំងខ្លាចក្មួយស្រី (កូន ខាត់ ចំរើន) រៀនមិនចប់ចុងចប់ដើម និងមិនចេះអក្សរ ក្នុងពេលដែលបច្ចុប្បន្នក្មួយស្រីរបស់អ្នកនាងកំពុងសិក្សាថ្នាក់ទី១០ ។
អ្នកនាង ខាត់ សុឃីម បានអះអាងប្រាប់កោះសន្តិភាពថា កន្លងមក អ្នកនាងតែងតែតម្រង់ផ្លូវ និងបណ្តុះបណ្តាលជាបណ្តើរៗលើផ្នែកសិល្បៈដល់កូនស្រី ខាត់ ចំរើន ប៉ុន្តែពេលនេះ អ្នកនាងមិនហ៊ានកម្មង់ក្មួយឲ្យធ្វើអ្វីទៀតហើយ ដោយសារអ្នកនាងបារម្ភខ្លាចគាត់បាត់ការរៀនសូត្រ ។
អ្នកនាងបញ្ជាក់ថា បើយើងបង្ខិតបង្ខំ ឬបណ្តែតបណ្តោយក្មេងតែលើសិល្បៈពេកនោះ ច្បាស់ណាស់គាត់មិនចង់រៀនសូត្រអ្វីឡើយ ហេតុនេះ អ្នកនាងចង់ជម្រុញឲ្យគាត់រៀនសូត្រជាមុនសិន ។ អ្នកនាងថា ក្តីបារម្ភបំផុតនោះ គឺយើងខ្លាចគាត់មិនចេះអក្សរតែម្តង ប្រសិនបើយើងចេះតែបណ្តែតបណ្តោយលើកទឹកចិត្តឲ្យគាត់ទៅតែច្រៀង រាំ នោះ វាមិនខិតខំរៀនសូត្រឡើយ ក្មេងយើងដឹង ចឹងបានជានាងចេះតែខំប្រឹងឲ្យគាត់រៀនឲ្យបានច្រើន ។
យ៉ាងណា បើតាមអ្នកនាង ខាត់ សុឃីម ប្រសិនបើកូនស្រី ខាត់ ចំរើន រៀនចប់នោះគឺអ្នកនាងនឹងបណ្តុះបណ្តាលលើផ្នែកសិល្បៈនេះដល់គាត់តែម្តង ដោយធ្វើតាមអ្វីដែលគាត់ចង់ និងមានដុង ។
អ្នកនាងបញ្ជាក់ថា បច្ចុប្បន្ន នាងមិនទាន់ដឹងច្បាស់ទេថា ក្មួយចូលចិត្តខាងផ្នែកសិល្បៈអ្វីឲ្យច្បាស់ ប៉ុន្តែបច្ចុប្បន្ន នាងឃើញគាត់ចូលចិត្តច្រៀង និងដើរម៉ូត ដោយគាត់មិនចូលចិត្តលេងភ្លេងឡើយ ហេតុនេះនាងនឹងជម្រុញគាត់ឲ្យចូលសិល្បះផ្នែកមួយនេះ ដោយសារអ្នកនាងក៏មានគ្រូជារៀមច្បងចាស់ៗដែលសន្យាជួយបណ្តុះបណ្តាលដល់គាត់ដែរ ។
ជាការកត់សម្គាល់ ក្រោយមរណៈភាពរបស់លោក ខាត់ ចំរើន កូនៗទាំងអស់របស់លោកត្រូវបានទទួលការមើលថែពីអ្នកនាង ខាត់ សុឃីម ដែលជាបងក្នុងពេលដែលកូនៗរបស់លោកកំពុងតែចម្រើនវ័យកាន់តែធំ និងមានការផ្ទង់ផ្តើមឲ្យប្រឡូកក្នុងអាជីពសិល្បៈដូចជារូបលោកផងដែរ ។
ខាត់ ចំរើន ចាស្មីន ជាកូនស្រីរបស់លោក ខាត់ ចំរើន ត្រូវបានអ្នកនាង ខាត់ សុឃីម កំពុងតែដុះខាត់ ក្នុងគោលបំណងឲ្យនាងប្រឡូកសិល្បៈបន្តវេនពីឪពុករបស់នាង ខណៈពេលកន្លងមក អ្នកនាង ខាត់សុឃីម ក៏ធ្លាប់បានបង្ហាញគោលដៅលើផ្លូវសិល្បៈដ៏ធំមួយសម្រាប់ក្មួយស្រីរបស់ខ្លួននាពេលអនាគតផងដែរ ។
អ្នកនាង ខាត់ សុឃីម ធ្លាប់បានលើកឡើងតាមបណ្តាញសង្គមថា កូនស្រីរបស់ខាត់ ចំរើន ពេលធំអាចឈានចូលប្រលងបវកញ្ញាបានទេមើលទៅ បងប្អូនគិតលេងៗត្រេមុខកូនខ្មែរ អាយុ១៣ឆ្នាំ កំពស់158 ហើយ អ៊ំចង់ឲ្យ ចាស្មីន ធំឡើងចូលក្នុងវិស័យ១នេះ ។
ការបង្ហាញនូវគោលបំណងខាងលើនេះ ត្រូវបានមហាជនជាច្រើនបានចូលរួមសម្តែងការគាំទ្រ និងសាទរ ខណៈពេលដែលពួកគេក៏បានជូនពរអ្នកនាង ខាត់ សុឃីម បានសម្រេចនូវគោលបំណងនេះនាពេលអនាគតផងដែរ។
គួរបញ្ជាក់ថា លោកខាត់ ចំរើន បានរៀបការមានគ្រួសារ រយៈពេល១៧ឆ្នាំមុននឹងលោកទទួលមរណភាព ដោយនៅក្នុងនោះលោកមានកូន៣នាក់ ស្រីម្នាក់ និងប្រុសពីរនាក់ ដោយកូនប្រុសទីមួយ ឈ្មោះ ខាត់ ចំរើន មង្គល កូនទីស្រីពីរឈ្មោះ ខាត់ ចំរើន ចាស្មីន និងកូនប្រុសពៅ ឈ្មោះ ខាត់ ចំរើន សុខវ៉ិចបុត្រ ៕
ចែករំលែកព័តមាននេះ