សោកស្តាយ ! ព្រឹទ្ធាចារ្យ គង់ ណៃ បានទទួលមរណភាពហើយ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ព្រឹទ្ធាចារ្យចាប៉ីដងវែង លោកតា គង់ ណៃ បានទទួលមរណភាពហើយ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤…
រាជធានីភ្នំពេញ ៖ ព្រឹទ្ធាចារ្យចាប៉ីដងវែង លោកតា គង់ ណៃ បានទទួលមរណភាពហើយ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤…
រាជធានីភ្នំពេញ ៖ ព្រឹទ្ធាចារ្យចាប៉ីដងវែង លោកតា គង់ ណៃ បានទទួលមរណភាពហើយ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ នេះ ក្នុងជន្មាយុ៨០ឆ្នាំ ដោយរោគាពាធ បន្ទាប់ពីលោកបានប្រទះនូវជំងឺប្រចាំកាយ និងភាពចាស់ជរាអស់ជាច្រើនឆ្នាំមកនេះ ។ នេះបើតាមការលើកឡើងពីអ្នកនាង នៅ សូនីតា អនុប្រធានសមាគមសិល្បករខ្មែរ តាមបណ្តាញសង្គម ។
អ្នកនាង នៅ សូនីតា មុននេះបន្តិច បានទទួលដំណឹងពីក្រុមគ្រួសារថា ព្រឹទ្ធាចារ្យ គង់ ណៃ ដែលជាធនធានដ៏សំខាន់បំផុត និងជាមរតកមនុស្សរស់បានទទួលអនិច្ចកម្មទៅហើយ នៅឯស្រុកកំណើត ដោយរោគាពាធក្នុងជន្មាយុ ៨០ឆ្នាំ ចៅសូមឧទ្ទិសនូវវិញាណក្ខន្ធ លោកតាទៅបានដល់ឋានបរមសុខតទៅ ។
យ៉ាងណាក្រោយទទួលដំណឹងដ៏សោកសៅនេះ មហាជន ជាពិសេសអ្នកសិល្បៈជាច្រើនបាននាំគ្នាចូលរួមសម្តែងការសោកស្តាយចំពោះការបាត់បង់លោកព្រឹទ្ធាចារ្យ គង់ ណៃ នាពេលនេះដែលនេះ គឺជាការបាត់បង់នូវធនធានមនុស្សផ្នែកសិល្បៈមួយរូប ជាអ្នកលេងចាប៉ីដងវែងដ៏ឯកម្នាក់ ។
ជាការកត់សម្គាល់នៅមុនពេលការទទួលមរណភាពរបស់លោកព្រឹទ្ធាចារ្យ គង់ ណៃ នាពេលនេះលោកបានពើបប្រទះនូវជំងឺប្រចាំកាយជាច្រើនមុខ បូករួមទាំងវ័យកាន់តែចាស់ជរាផងនោះ ខណៈពេលដែលលោកក៏ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យផងដែរ ។
យ៉ាងណាក្រុមគ្រួសាររបស់លោកព្រឹទ្ធាចារ្យ បានសម្តែងក្តីបារម្ភយ៉ាងខ្លាំង ដ្បិតស្ថានភាពរបស់លោក គង់ ណៃ មិនបានធូរស្បើយ ជាពិសេស លោកពិបាកនៅក្នុងការទទួលទានអាហារជាហេតុធ្វើឲ្យលោកមិនសូវមានកម្លាំងនោះឡើយ ។
កូនប្រុសរបស់លោកតា គឺលោក គង់ បុរាណ បានអះអាងអាងប្រាប់កោះសន្តិភាពថា ស្ថានភាពគាត់ (លោកតា គង់ ណៃ) ឥឡូវមិនបានធូរនៅឡើយទេ ដោយសារគាត់ហូបឣាហារតាមមាត់ឣត់សូវបាន បានតែតាមសុងរាល់ថ្ងៃហ្នឹង ។
លោកបញ្ជាក់ថា ឪពុករបស់លោកបានសម្រាកព្យាបាលនៅឯគេហដ្ឋាន ក្រោយពីឪពុកលោកបានចាកចេញពីមន្ទីរពេទ្យក្នុងអំឡុងពេលនៃការសម្រាកព្យាបាលជំងឺមួយចំនួន ដូចជា សួត ចង្វាក់បេះដូង និងលើសជាតិស្ករ ។
គួរបញ្ជាក់ថា ព្រឹទ្ធាចារ្យ គង់ ណៃ ធ្លាប់ទទួលពានរង្វាន់សិល្បៈ និងវប្បធម៌ហ្វូគុអុកា (Fukuoka Prize) របស់ប្រទេសជប៉ុន កាលឆ្នាំ២០១៧ ខណៈពេលពានរង្វាន់សិល្បៈ និងវប្បធម៌ហ្វូគុអុកា គឺពានសម្រាប់ផ្តល់ជូនបុគ្គលដែលមានស្នាដៃឆ្នើម នៅក្នុងតំបន់អាស៊ី ពាក់ព័ន្ធផ្នែកអប់រំ សិល្បៈ និងវប្បធម៌ ។
លោកព្រឹទ្ធាចារ្យចាប៉ីដងវែង គង់ ណៃ គឺជាបុគ្គលទី៣ ដែលបានទទួលពានរង្វាន់នេះ បន្ទាប់ពីលោក ឆេង ផុន ជាអ្នកនិពន្ធរឿងល្ខោន ឆ្នាំ១៩៩៧ និងលោក អាំង ជូលាន ជាអ្នកស្រាវជ្រាវខេមរសិក្សា នៅឆ្នាំ ២០១១ សម្រាប់ជនជាតិខ្មែរ ៕
ចែករំលែកព័តមាននេះ