ទីក្រុងវ៉ាស៊ីនតោន៖ គិតទៅសំណាងរបស់មនុស្សមើលមិនឃើញមែន។ ថ្មីៗនេះ គូស្នេហ៍ជនជាតិអាមេរិកនៅរដ្ឋញូយ៉កទម្លាក់យោងស្ទូចបានហិបដែកមានលុយដប់ម៉ឺនដុល្លារនៅក្នុងនោះ។ លុយនោះមិនដឹងបន្សល់ទុកតាំងជំនាន់ណាមកទេ។ ពួកគេខិតខំថែរក្សាគុណភាពក្រដាសប្រាក់កុំឱ្យរហែក ឬដាច់ចេញពីគ្នា។ ជាទូទៅ ធនាគារជាតិដូរជូននូវក្រដាសប្រាក់រហែក ឬខូចគុណភាពខ្លាំងដែលគេលែងទទួលយកសម្រាប់ទូទាត់ទំនិញ។ សំខាន់ឱ្យតែជាក្រដាសប្រាក់ពិតប្រាកដ។
កាលពីដើមខែមិថុនា លោកជេម ខេន (James Kane) និងអ្នកស្រីបាប៊ី អាហ្គោស្ទីនី (Barbie Agostini) ចេញទៅទម្លាក់មេដែកនៅតាមមាត់ទន្លេនៃតំបន់ឃ្វីន (Queens) ដើម្បីស្ទូចយករបស់របរដែលអាចប្រើការបាន។ រំពេចនោះ ពួកគេសម្លឹងមើលទៅឃើញចុងខ្សែសន្ទូចទាក់ជាប់របស់អ្វីម៉្យាង។ តាមពិត នេះមិនមែនជាលើកទី១ទេដែលពួកគេដើរស្ទូចរបស់របរពីក្នុងទឹកប៉ះចំហិបដែកបែបនេះ។ គ្រាន់តែថាលើកនេះប៉ះចំលាភធំតែម្ដងជាប្រភេទហិបដែកដាក់លុយសុទ្ធតែក្រដាស១០០ដុល្លារ។
លុយទាំងនេះត្រូវគេវេចខ្ចប់នៅក្នុងថង់ផ្លាស្ទិច។ នៅពេលគាត់លាថង់មើលក៏ប្រទះឃើញលុយដុល្លារស្ដែងៗតែម្ដង។ ស្នងការដ្ឋាននគរបាលរដ្ឋញូយ៉កប្រាប់ពួកគេថាលុយទាំងនេះជារបស់ពួកគេហើយ។ រក្សាទុកឱ្យបានគង់វង្សទៅ។ ក្រុមអ្នកស៊ើបអង្កេតពិនិត្យចុះពិនិត្យឡើងទៅឃើញថាហិបដែកដែលធ្លាក់ចូលទៅក្នុងទឹកនេះមិនមែនជារបស់ចោរកម្ម ឬពាក់ព័ន្ធនឹងបទល្មើសអ្វីទេ។ ហេងស៊យអាចមានគេយកទៅប្លុងចោលដើម្បីទុកជាកំណប់សម្រាប់អ្នកមានសំណាងក៏អាចថាបាន។
លោកខេនថ្លែងប្រាប់កាសែតដឹញូយ៉កថាមថានេះជាមហាកំណប់ដ៏ធំបំផុតមិនធ្លាប់មានពីមុនមកដែលគ្រួសារអ្នកក្រីក្រដូចជារូបលោកអាចរកបាន។ វាក្លាយជាទ្រព្យសម្បត្តិរបស់គាត់ហើយនៅពេលនេះ។ មិនរង់ចាំយូរទេ លោកខេន និងអ្នកស្រីអាហ្គោស្ទីនីក៏ជិះឡានក្រុងទៅរដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី នាំទាំងហិបដែកនេះទៅជាមួយផងដើម្បីដូរយកលុយថ្មីៗពីរតនាគារជាតិ។ ពួកគេប្រាប់ថាក្រដាសប្រាក់ទាំងនេះទុកយូរមិនបានទេព្រោះវាត្រូវទឹកយូរពេកឡើងពុកផុយកាន់តែខ្លាំងឡើងៗ។
បុគ្គលិកម្នាក់បម្រើការនៅរតនាគារជាតិអាមេរិកប្រាប់ថាក្រដាសប្រាក់ដែលអាចនៅស្អាតល្អយកជាការបានមានចន្លោះពី៥ម៉ឺនទៅ៧ម៉ឺនដុល្លារត្រូវបុរស-ស្ត្រីជាសង្សារនឹងគ្នានេះវេចខ្ចប់នៅក្នុងស្បោងផ្លាស្ទិចដើម្បីយកទៅឱ្យអាជ្ញាធរពិនិត្យមើល។ បុគ្គលិកនៅទីនោះប្រាប់លោកខេន និងលោកស្រីអាហ្គោស្ទីថាខ្លួននឹងយកក្រដាសប្រាក់ទាំងនោះទៅរាប់មើល ហើយដូរជូនក្រដាសថ្មីៗត្រឡប់ទៅឱ្យពួកគេវិញ។
ក្រោយពេលឆ្លងកាត់នីតិវិធីផ្សេងៗរយៈពេល៩ខែទៅមុខទៀត រតនាគារជាតិនឹងប្រគល់ជូនពួកគេនូវក្រដាសប្រាក់ថ្មីៗដែលមានតម្លៃស្មើនឹងចំនួនទឹកប្រាក់ខូចគុណភាពនោះ។ ពួកគេនឹងទទួលបានតម្លៃពេញដោយឥតមានកាត់ទឹក ឬដកហូតពន្ធលើប្រាក់ចំណេញពីពួកគេទេ។ លោកខេនមានចិត្តត្រេកអររកអ្វីប្រៀបផ្ទឹមពុំបានឡើយ។ លោកបានពោលនូវប្រយោគមួយឃ្លាថា «ទឹកដីអាមេរិកពិតជាល្អមែន!»
គូសង្សារទាំងពីរនាក់នេះចាប់ផ្ដើមដើរទម្លាក់យោងដើម្បីស្ទូចយករបស់របរនៅបាតទឹកកាលពីអំឡុងកូវីដ១៩នៅពេលពួកគេទំនេរពីការងារ។ កាលពីពេលកន្លងមក ពួកគេដើរស្ទូចបានជួនប៉ះចំរបស់ល្អ ជួនប៉ះចំរបស់មិនបានការ ជួនប៉ះចំរបស់គ្រោះថ្នាក់ថែមទៀត។ ឧទាហរណ៍ ជួនកាលស្ទូចប៉ះចំគ្រាប់បែក, ជួនកាលប៉ះចំកាំភ្លើងខ្លី, ជួនកាលប៉ះចំយន្តហោះដ្រូន និងជួនកាលប៉ះចំម៉ូតូមួយគ្រឿងក៏មាន៕
វីឌីអូ
https://www.youtube.com/watch?v=ZtmEVaYA4ec
https://abcnews.go.com/US/couple-finds-safe-100000-magnet-fishing-queens/story?id=110771629
ចែករំលែកព័តមាននេះ