រាជធានីភ្នំពេញ៖ លោក ទន់ សោភ័ណ អ្នកសម្របសម្រួលថ្នាក់ជាតិអង្គការ ILO ប្រចាំកម្ពុជាបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ បានសម្រេចកិច្ចការងារជាច្រើនក្នុងការផ្តល់អត្ថប្រយោជន៍ ការពារសិទ្ធិ ដល់កម្មករនិយោជិត និងបង្កើតឱ្យមានសុខដុមនីយកម្មនៅក្នុងរោងចក្រសហគ្រាសនៅទូទាំងប្រទេស ។
លោកគូសបញ្ជាក់ថា អត្ថប្រយោជន៍ទាំងនោះមានដូចជា រាជរដ្ឋាភិបាលកម្ពុជាបានរក្សាការដំឡើងប្រាក់ឈ្នួលជាទៀងទាត់ជូនកម្មករប្រចាំឆ្នាំ២០២៤, អនុញ្ញាតឱ្យកម្មករនិយោជិតប្រើប័ណ្ណ ប.ស.ស. ទទួលបានការថែទាំសុខភាពដោយឥតគិតថ្លៃ និងបានពង្រីកវិសាលភាពនៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៅក្នុងអាណត្តិទី៧នេះ ។ លើសពីនេះទៅទៀត រាជរដ្ឋាភិបាលក៏បានបន្តផ្តល់ប្រាក់ឧបត្ថម្ភទៅដល់កម្មការិនីដែលមានផ្ទៃពោះ អំឡុងពេលសម្រាល រហូតក្រោយពេលសម្រាលកូនផងដែរ ។
លោកបន្ថែមថា រាជរដ្ឋាភិបាលក៏បានដាក់ឱ្យអនុវត្តជាផ្លូវការការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសទៅដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១,៥ លាននាក់ ដែលកម្មវិធីនេះក៏បានបើកឱកាសឱ្យកម្មករនិយោជិតទៅរៀនជំនាញបន្ថែម (Re-Skill, Up-Skill) ដោយកម្មវិធីបណ្តុះបណ្តាលនេះមានសារសំខាន់ណាស់ ទៅដល់កម្មករ និងបុគ្គលិកទាំងឡាយណាដែលចង់បន្ថែមជំនាញ ពីព្រោះពួកគេមានលទ្ធភាពក្នុងអភិវឌ្ឍជំនាញ និងសមត្ថភាពប្រសើរជាងមុន ។
លោកបានគូសបញ្ជាក់បន្តថា កម្មវិធីប្រកួតប្រជែង សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ ដែលក្រសួងការងារទើបតែប្រកាសដាក់ឱ្យអនុវត្តក៏ជាកិច្ចការងារមួយដ៏មានសារសំខាន់ណាស់ក្នុងការបង្កើតឱ្យមានសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈនៅក្នុងរោងចក្រសហគ្រាសនៅកម្ពុជា ។
ទន្ទឹមនឹងការគាំទ្រនេះ លោកស្នើឱ្យរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧នេះកែសម្រួលចំណុចខ្វះខាតមួយចំនួនបន្ថែមទៀត ដើម្បីធ្វើឱ្យប្រសើរឡើងនូវវិស័យការងារនៅកម្ពុជា ក៏ដូចដើម្បីលើកកម្ពស់សិទ្ធិ និងជីវភាពរបស់បងប្អូនកម្មករនិយោជិតឱ្យកាន់តែប្រសើរថែមទៀតផងដែរ ។
គូរកត់សម្គាល់ថា រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសម្រេចកិច្ចការសំខាន់ៗជាច្រើននៅដើមអាណត្តិនេះ ដែលជាអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងនោះរួមមាន ៖
ទី១) ការកំណត់ប្រាក់ឈ្នួលអប្បរមាសម្រាប់កម្មករនិយោជិតឆ្នាំ២០២៤
ទី២) ការដាក់ឱ្យដំណើរការរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានស្ម័គ្រចិត្តសម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិកប.ស.ស.
ទី៣) ការដាក់ឱ្យដំណើរការកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ
ទី៤) ក្រសួងបានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយវិស័យឯកជនលើកិច្ចសហប្រតិបត្តិការលើការហាត់ការ និងកម្មសិក្សាដើម្បីគាំទ្រដល់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស
ទី៥) ការបន្តផ្តល់ប្រាក់ឧបត្ថម្ភទៅដល់ស្ត្រីមានផ្ទៃពោះ
និងទី៦) ការដាក់ឱ្យអនុវត្តកម្មវិធីប្រកួតប្រជែង សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ ។
ទន្ទឹមនឹងនេះ ក្រៅពីសម្រេចការអនុវត្តកិច្ចការតាមអនុសាសន៍ទាំង ៦នោះ នៅមានអនុសាសន៍ចំនួន ៤ចំណុចផ្សេងទៀត ដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននិងកំពុងបង្ហាញពីវឌ្ឍនភាពជាបន្តបន្ទាប់ផងដែរ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ