ប្ដីប្រពន្ធសេដ្ឋី១គូ លះបង់ទ្រព្យសម្បត្តិទាំងអស់ បំពេញបំណងចេញសាងផ្នួស
ប្រទេសឥណ្ឌា ៖ អតីតសេដ្ឋីអចលនទ្រព្យឥណ្ឌា លោក Bhavesh Bhandari និងលោកស្រី Jinal Bhandari
ប្រទេសឥណ្ឌា ៖ អតីតសេដ្ឋីអចលនទ្រព្យឥណ្ឌា លោក Bhavesh Bhandari និងលោកស្រី Jinal Bhandari
ប្រទេសឥណ្ឌា ៖ អតីតសេដ្ឋីអចលនទ្រព្យឥណ្ឌា លោក Bhavesh Bhandari និងលោកស្រី Jinal Bhandari ដែលជាភរិយា បានបង្កភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយបានលះបង់ទ្រព្យសម្បត្តិទាំងអស់ពោលចំនួន ២៣.៧លានដុល្លារអាម៉េរិក រួមទាំងជីវិតរស់នៅដ៏ប្រណីត ដើម្បីបំពេញគោលបំណងចេញសាងផ្នួសជាព្រះសង្ឃសាសនាជេន (Jainism)។
ប្ដីប្រពន្ធសេដ្ឋី១គូនេះលើកឡើងថា អ្នកទាំងពីរប្រាកដខ្លាំងណាស់ក្នុងការសម្រេចចិត្តបែបនេះ។ កាសែត The Mirror កាលពីពេលថ្មីៗនេះ បានរាយការណ៍ថា កាលពីដើមខែមេសាកន្លងទៅថ្មីៗនេះ លោក Bhavesh Bhandari និងលោកស្រី Jinal បានរៀបចំពិធីលះបង់ទ្រព្យសម្បត្តិទាំងអស់ ដោយបានចែកទៅកាន់ហ្វូងមនុស្សយ៉ាងច្រើនកុះករពីលើរទេះតុបតែងដ៏ពិសេសមួយ ដែលស្ថិតនៅក្នុងរដ្ឋហ្គូចារ៉ាត (Gujarat) ដែលជាកន្លែងកំណើតរបស់ប្ដីប្រពន្ធសេដ្ឋី១គូនេះ។
កាសែត The Times of India បានកត់សម្គាល់ថា របស់របរដែលប្ដីប្រពន្ធ១គូនេះ បានចែកទៅកាន់ហ្វូងមនុស្សរួមមាន សម្លៀកបំពាក់ ទូរសព្ទដៃ ម៉ាស៊ីនត្រជាក់ និងលុយកាក់ផងដែរ។ លោក Bhavesh Bhandari ដែលធ្លាប់ធ្វើការក្នុងវិស័យអចលនទ្រព្យបាននិយាយថា «ខ្ញុំសម្រេចចិត្តជ្រើសរើសផ្លូវត្រូវសម្រាប់ការរស់នៅ។ ខ្ញុំបានរស់នៅក្នុងជីវិតឡូយឆាយ ហើយមិនធ្លាប់បានជួបការលំបាកណាមួយនោះទេ។ ខ្ញុំរីករាយនឹងការសម្រេចចិត្តនេះ»។
ប្ដីប្រពន្ធ១គូនេះ បានទទួលស្គាល់ថា ពួកគេរីករាយនឹងជីវិតឡូយឆាយ ប៉ុន្តែពួកគេចង់ធ្វើការផ្លាស់ប្ដូរជីវិតបែបនោះ ហើយស្របពេលមានការជំរុញទឹកចិត្តពីកូនទាំងពីរម្នាក់អាយុ ១៩ឆ្នាំ និងម្នាក់ទៀត ១៦ឆ្នាំ ដែលធ្លាប់សាងផ្នួសក្នុងឆ្នាំ ២០២២ នោះ ឥឡូវនេះ លោក Bhavesh និងលោកស្រី Jinal កំពុងត្រៀមខ្លួន ដើម្បីចាប់ផ្តើមជីវិតថ្មីក្នុងនាមជាព្រះសង្ឃសាសនាជេន។ ជាផ្នែកមួយនៃជីវិតថ្មីនេះ កាសែត The Sun បានរាយការណ៍ថា ជីវិតព្រះសង្ឃសាសនាជេន ត្រូវកំណត់ដោយការនិមន្តជើងទទេ កាន់តែចានមួយ អំបោស និងសម្លៀកបំពាក់អ្នកបួស ហើយបរិភោគតែអាហារប្រភពសប្បុរសធម៌បានពីសាសនិកប៉ុណ្ណោះ។
យោងតាមប្រភពពីសារព័ត៌មាន The New Indian Express បានឱ្យដឹងថា ការជំរឿននៅក្នុងឆ្នាំ ២០១១ បង្ហាញថា សហគមន៍អ្នកកាន់សាសនាជេនក្នុងប្រទេសឥណ្ឌាមានជិត ៤.៥លាននាក់ ដែលស្មើនឹង ០.៤% នៃចំនួនប្រជាជនសរុបរបស់ខ្លួន ខណៈដែលបច្ចុប្បន្នប្រទេសឥណ្ឌា កំពុងឈរជាប្រទេសមានប្រជាជនច្រើនជាងបំផុតនៅលើពិភពលោក ពោលគឺចំនួន ១,៤៣៩,៣៧៧,១៧០នាក់ គិតត្រឹមថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤៕ (ប្រភព ៖ VnExpress)
ចែករំលែកព័តមាននេះ