រឿងរ៉ាវថ្មីមួយរវាងខ្មែរ-ថៃ ពាក់ព័ន្ធនឹងផ្កាវល្លិ៍ខ្លូតត្រូវបានចែករំលែកពាសពេញបណ្តាញសង្គមដោយធ្វើឱ្យមហាជនខ្មែរហួសចិត្តសឹងគ្រប់គ្នា ព្រោះតែប្រជាជនថៃមួយចំនួនតូចដែលមានគំនិតជាតិនិយមជ្រុល បន្តចង់បានរបស់ខ្មែរហួសហេតុ អស់ពីរឿងមួយចូលរឿងមួយ ។
ជាក់ស្តែង បន្ទាប់អ្នកស្រលាញ់អភិរក្សវប្បធម៌ខ្មែរ នាំគ្នាគាស់កកាយចែករំលែកឡើងវិញ អំពីប្រវត្តិនៃប្រើប្រាស់ផ្កាវល្លិ៍ខ្លូត មកឆ្នៃជាក្បូរក្បាច់សិល្បៈតុបតែងលម្អរបស់ដូនតាខ្មែរសម័យអង្គរ នៅលើម្កុដនារីទេពអប្សរនៅតាមជញ្ជាំងប្រាសាទបុរាណនានានោះ ស្រាប់តែជនជាតិថៃ មួយចំនួនកំពុងដុតដៃដុតជើងស្រាវជ្រាវរកពូជវល្លិ៍ខ្លូតនេះ ពីស្រុកខ្មែរយើងទៅដាំនៅស្រុកថៃ ក្នុងគោលបំណងថា ផ្កាវល្លិ៍ខ្លូតនេះគឺជារុក្ខជាតិរបស់ថៃ ។
សូមបញ្ជាក់ថា ផ្កាវល្លិ៍ខ្លូតដែលតែងរំលេចលើមកុដអប្សរា ដែលកើតចេញពីបញ្ញាញាណដ៏អស្ចារ្យរបស់បុព្វបុរសខ្មែរ ដែលមានភាពច្នៃប្រឌិតខ្ពស់ ដោយការផ្សារភ្ជាប់និងទាញយកធម្មជាតិជុំវិញខ្លួន មកច្នៃបង្កើតចេញជាក្បូក្បាច់រចនាដ៏គួរឱ្យស្ងើចសរសើរ ។ ជាពិសេស ក្បាច់ផ្កាវល្លិ៍ខ្លូតនេះ ត្រូវបានដូនតាខ្មែរយកទៅដាប់ជាប់ជញ្ជាំងប្រាសាទជាច្រើនដើម្បីទុកជាភុស្តតាំងបន្សល់ឱ្យកូនខ្មែរនាសម័យបច្ចុប្បន្ន។ ក្រៅពីនោះ វល្លិ៍ខ្លូតត្រូវបានដូនតាខ្មែរប្រើជាឱសថដ៏ស័ក្ត័សិទ្ធក្នុងការព្យាបាលជំងឺមួយចំនួន ជាពិសេសយកទៅបន្សាបពិស ពេលដែលអ្នកណាម្នាក់ត្រូវពស់ចឹកជាដើម។
ប៉ុន្តែដោយសារតែដើមវល្លិ៍ខ្លូត មិនសូវត្រូវបានកូនខ្មែរស្គាល់ច្បាស់ ដូចផ្ការំដួល ផ្កាចន្ទន៍ ផ្កាក្រវាន់ ជាដើមនោះ ទើបជនជាតិថៃមួយចំនួន ចង់ក្រឡៃថា ផ្កាវល្លិ៍ខ្លូតនេះ ជារបស់ថៃ ព្រោះតែនៅតាមប្រាង្គប្រាសាទរបស់ខ្មែរជាច្រើនដែលបច្ចុប្បន្ននៅក្នុងទឹកដីថៃនោះ ក៏មានឆ្លាក់រូប អប្សារពាក់ម្កុដដែលមានក្បាច់ផ្កាខ្លូតនេះដែរ។
ដូចនេះ ដើម្បីឱ្យកូនខ្មែរ ស្គាល់ច្បាស់ពី វល្លិ៍ខ្លូត 60Buzz សូមបង្ហាញជូនលក្ខណៈលម្អិតនៃវល្លិ៍មួយប្រភេទនេះ ដោយដកស្រង់ចេញពីសៀវភៅ រុក្ខជាតិឱសថកម្ពុជារបស់ក្រសួងសុខាភិបាល៖
វល្លិ៍ខ្លូត គឺជារុក្ខជាតិដែលដុះដោយខ្លួនឯងតាមព្រៃភ្នំធម្មជាតិ វល្លិ៍ខ្លូត ជាប្រភេទវល្លិ៍តោងឡើងខ្ពស់ពី ១០ ទៅ១២ ម៉ែត្រ ដោយមែកដុះចេញពីដើម មែកនិងដើមមានថ្នាំង ។ ស្លឹកវល្លិ៍ខ្លូត មានរាងពងក្រពើស្រួចចុង ងលើរលោងដុះទល់ទងគ្នាតាមថ្នាំងនៃខ្នែង ដែលបែកចេញតាមថ្នាំងដើមមានសណ្ឋានជាធាងស្លឹក មានស្លឹកពី១គូ ឬ ២គូ ។
ផ្កាវល្លិ៍ខ្លូត ត្រូវបានបែកចែកជាផ្កាឈ្មោលនិងផ្កាញី ដោយផ្កាឈ្មោលដុះជាកួរ រីឯផ្កាញីដុះជាកញ្ចុំ មានចំនួនប្រហែល២០ផ្កា ។ ផ្លែវល្លិ៍ខ្លូត មានទងខ្លីប្រវែងពី ១-៥សង់ទីម៉ែត្រ ទទឹងពី១១-១៦មីលីម៉ែត្រ នៅលើផ្លែមានម្សៅពណ៌ស ពេលទុំពណ៌លឿងគ្រាប់ធំ។
ជាទូទៅ វល្លិ៍ខ្លូត ដែលចេញផ្កាចាប់ពីខែ មិថុនា ដល់ខែសីហា ហើយចាប់ផ្តើមចេញផ្លែចាប់ពីខែតុលា ដល់ខែធ្នូ។ ហើយគេអាចប្រមូលផលផ្លែកខ្លូត បានរាល់រដូវ ដោយលាងឱ្យស្អាត និងហាន់ស្តើងហាលអោយក្រៀម ។
ផ្នែកប្រើប្រាស់នៃវល្លិ៍ខ្លូត មានដូចជា ប្ញស វល្លិ៍ និង ស្លឹក ដែលមានរសជាតិល្វីង។ គេអាចប្រើ ប្ញសនិងដើមវល្លិ៍ របស់ខ្លូត ធ្វើជាថ្នាំបំបាត់ការចុកចាប់ ឈឺសន្លាក់ដៃជើង បន្សាបការពុលអាហារ ឬ បន្សាបពិសពស់ចិក គេក៏ធ្វើខ្លូតជាថ្នាំព្យាបាលព្រូន និងជំងឺគ្រុនចាញ់ថែមទៀត។ ប្ញសខ្លូត ត្រូវគេយកទៅធ្វើថ្នាំព្យាបាលស្ត្រីដែលមានរដូវមិនទៀង ។ ស្លឹកខ្លូត ត្រូវគេយកទៅបុកដើម្បីបិទកន្លែងពស់ចឹក ដោយឡែកដើមរបស់វល្លិ៍ខ្លូត ត្រូវគេយកដាំទឹកផឹក ឬ ត្រាំស្រាផឹក ក្នុងកម្រិតពី ១៥ ទៅ២០ក្រាម ឬ ដល់៣០ក្រាម ហើយប្រើសម្រាប់ព្យាបាលអ្នកសន្លាក់ដៃជើងវិញ គេអាចប្រើលាយជាមួយឱសថបុរាណផ្សេងៗទៀតបាន៕ ដោយ៖អោម ចែតច័ន្ទណារ៉ា
ចែករំលែកព័តមាននេះ