ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិសេស​ណាស់​! បង្កាត់​ស្រូវ​កូនកាត់​ថ្មី​ផ្ទុក​កោសិកា​សត្វ​គោ ដែល​ផ្តល់​ប្រូតេអ៊ីន​ខ្ពស់

10 ខែ មុន

កូរ៉េ​ខាងត្បូង ៖ អ្នក​វិទ្យាសាស្ត្រ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង បាន​បង្កាត់​ស្រូវ​កូនកាត់​និរន្តរភាព​ថ្មី​មួយ

កូរ៉េ​ខាងត្បូង ៖ អ្នក​វិទ្យាសាស្ត្រ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង បាន​បង្កាត់​ស្រូវ​កូនកាត់​និរន្តរភាព​ថ្មី​មួយ ដែល​ជា​ស្រូវ​ផ្ទុក​កោសិកា​សត្វ​គោ ដែល​ពួក​គេ​បាន​អះអាង​ថា អាច​ជួយ​ដោះស្រាយ​វិបត្តិ​ចំណីអាហារ និង​ការ​ប្រែប្រួល​អាកាសធាតុ​។

ស្រូវ​កូនកាត់​ថ្មី​នេះ ត្រូវ​បាន​បង្កាត់ និង​ដាំ​ដុះ​ក្នុង​មន្ទីរពិសោធន៍​មួយ ដោយ​ក្រុម​អ្នក​វិទ្យាសាស្ត្រ​នៃ​សាកលវិទ្យាល័យ Yonsei ទីក្រុង​សេ​អ៊ូ​ល ដែល​ផ្ទុក​ទៅ​ដោយ​សាច់ដុំ (Beef Muscle) និង​កោសិកា​ខ្លាញ់​របស់​សត្វ​គោ​។ ហើយ​ជា​លទ្ធផល​អង្ករ​មាន​ពណ៌​ផ្កាឈូក ដែល​ក្រុម​អ្នក​ស្រាវជ្រាវ​អះអាង​ថា អាច​បរិភោគ​ជំនួស​សាច់ ជាមួយនឹង​តម្លៃ​ថោក​ជាង និង​ប្រកបដោយ​និរន្តរភាព​បរិស្ថាន ហើយ​បន្សល់​ទុក​នូវ​កាបូន​តិចតួច​។

លោកស្រី Park So-hyeon សហ​អ្នកនិពន្ធ​ការ​សិក្សា​បាន​ថ្លែង​ថា «​អ្នក​បរិភោគ​នឹង​ទទួល​បាន​សារធាតុចិញ្ចឹម​ទាំងអស់ ដែល​ត្រូវការ​ពី​អង្ករ​ប្រូតេអ៊ីន​បណ្តុះ​កោសិកា​។ អង្ករ​មាន​កម្រិត​សារធាតុចិញ្ចឹម​ខ្ពស់​រួច​ហើយ ប៉ុន្តែ​ការ​បន្ថែម​កោសិកា​សាច់​អាច​ជំរុញ​អាហារ​រូប​ត្ថ​ម្ភ​បន្ថែម​ទៀត​»​។

ក្រុម​អ្នក​ស្រាវជ្រាវ​អះអាង​ថា ផលិតផល​ចុង​ក្រោយ​មាន​ប្រូតេអ៊ីន ៨% និង​ជាតិ​ខ្លាញ់​ច្រើន​ជាង​អង្ករ​ធម្មតា ៧%​។ ការ​បង្កាត់​ថ្មី​ចុង​ក្រោយ​បាន​បន្សល់​ទុក​កាបូន​ទាប​ជាង​ការ​ចិញ្ចឹមសត្វ​នៅ​ក្នុង​កសិដ្ឋាន ដែល​ប្រើ​ថវិកា ទឹក និង​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​យ៉ាងច្រើន​។ ស្រូវ​កូនកាត់​ផ្តល់​ប្រូតេអ៊ីន​១០០​ក្រាម និង​បញ្ចេញ​កាបូនឌីអុកស៊ីត​ក្រោម​៦.២៧​គីឡូក្រាម ពោល​គឺ​តិច​ជាង​ការ​ផលិត​សាច់​គោ​ដល់​ទៅ​៨​ដង​ឯណោះ​។

ប្រសិនបើ​ត្រូវ​ចរាចរ​លើ​ទីផ្សារ វា​នឹង​ផ្តល់​ជម្រើស​តម្លៃ​ថោក​ជាង​សម្រាប់​អ្នក​ប្រើប្រាស់​នៅ​កូរ៉េ​ខាងត្បូង ដែល​តម្លៃ​ត្រូវ​បាន​ប៉ាន់​ស្មានថា​ប្រហែល ២.២៣​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​គីឡូក្រាម ខណៈ​ដែល​សាច់​គោ​មាន​តម្លៃ​ប្រហែល​១៥​ដុល្លារ​។

ក្រុមការងារ​គ្រោង​នឹង​អភិវឌ្ឍ​ដំណើរការ​បន្ថែម​ទៀត មុន​ពេល​អង្ករ​កូនកាត់​នេះ​ចេញ​លក់​លើ​ទីផ្សារ ដើម្បី​ឱ្យ​កោសិកា​អាច​លូតលាស់​បាន​ល្អ​ក្នុង​គ្រាប់ស្រូវ​សម្រាប់​អាហារូបត្ថម្ភ​កាន់តែ​ច្រើន​។ បន្ថែម​លើស​ពី​នេះ​ទៀត លោកស្រី Park បង្ហាញ​សុ​ទិ​ដ្ឋ​និយម​ថា ថ្ងៃ​ណាមួយ​អង្ករ​កូនកាត់​អាច​បម្រើ​ជា​អាហារ​ជំនួយ​សម្រាប់​ទុរ្ភិក្ស អាហារ​យោធា ឬ​សូ​ម្បី​តែ​អាហារ​សម្រាប់​ក្រុម​យានិក​អវកាស​៕ (​ប្រភព ៖ AFP)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ