ខេត្តកោះកុង ៖ ថ្លែងចេញពីទឹកដីខេត្តកោះកុង សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសបញ្ជាក់ថា រាជរដ្ឋាភិបាល នីតិកាលទី៧ មិនធ្វើវារីអគ្គិសនី នៅលើដងទន្លេមេគង្គនោះទេ ដើម្បីបញ្ចៀសផលប៉ះពាល់ផ្នែកបរិស្ថាន និងអេកូឡូស៊ី តាមដងទន្លេ ។
ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបិទស្ទឹងសាងសង់ ទំនប់វារីអគ្គិសនី តាតៃលើ អានុភាព ១៥០មេហ្គាវ៉ាត់ ស្ថិតនៅស្រុកថ្មបាំង ខេត្តកោះកុង នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា រាល់គម្រោងវារីអគ្គិសនី នីមួយៗ គឺត្រូវប្រើប្រាស់ពេលវេលាយ៉ាងតិច ២-៤ឆ្នាំ ដើម្បីសិក្សាពីផលប៉ះពាល់ រួមមាន ៖ បរិស្ថាន និងការរស់នៅរបស់ប្រជាពលរដ្ឋ ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងទៀតថា ការសាងសង់វារីអគ្គិសនី តាមបណ្ដាយដងទន្លេមេង្គ នឹងមានផលប៉ះពាល់យ៉ាងច្រើនចំពោះបរិស្ថាន ។
ជាមួយគ្នានោះដែរ សម្ដេចនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ៖ «រាជរដ្ឋាភិបាល បានសម្រេចរួចហើយ ហើយរាជរដ្ឋាភិបាល អាណត្តិទី៧នេះ ក៏បានបន្ដនឹងអនុវត្តគោលការណ៍នេះ កាលពីអាណត្តិទី៦ សម្ដេចតេជោ ហ៊ុន សែន។ យើងនឹងមិនធ្វើវារីអគ្គិសនី ដែលនៅលើផ្ទាល់នៅលើដងទន្លេមេគង្គនោះទេ ទោះជាកន្លែង នឹងមានអំណាយផល ក៏យើងនឹងមិនធ្វើដែរ ដើម្បីកុំឲ្យប៉ះពាល់ទៅបរិស្ថាន អេកូឡូស៊ី នៅតាមបណ្ដាយទន្លេមេង្គ និងទន្លេសាប។ រាជរដ្ឋាភិបាល អាណត្តិទី៧ នឹងមិនកសាងអភិវឌ្ឍវារីអគ្គិសនី តាមបណ្ដាយទន្លេមេង្គនោះទេ» ។
ឆ្លៀតឱកាសនោះ សម្តេចនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការកសាងទំនប់វារីអគ្គិសនី ស្ទឹងតាតៃលើនេះ គឺជាអាទិភាពគន្លឹះទី៤ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ហើយវិស័យថាមពល គឺជាកិច្ចការអាទិភាពទី២ នៃកិច្ចការអាទិភាពទាំង៥ នៅក្នុងបញ្ចកោណទី២ ដែលមានគោលដៅយុទ្ធសាស្ត្រ ផ្ដោតលើការបន្តកសាង និងពង្រឹងមូលដ្ឋានគ្រឹះ និងបុរេលក្ខខណ្ឌគន្លឹះៗ សម្រាប់បង្កើនផលិតភាព លើកកម្ពស់ភាពប្រកួតប្រជែង និងជំរុញពិពិធកម្ម តាមរយៈ ការបង្កើនប្រសិទ្ធភាពហេដ្ឋារចនាសម្ព័ន្ធគាំទ្រ, ការកសាង និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មីៗ ៕
ចែករំលែកព័តមាននេះ