ខេត្តកំពង់ឆ្នាំង ៖ សមត្ថកិច្ចចម្រុះដឹកនាំដោយអនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង នៅថ្ងៃទី០៨ ខែវិច្ឆិកា ២០២៣ បានចុះបង្ក្រាបទល្មើសនេសាទនៅក្នុងភូមិសាស្ត្រ ឃុំព្រៃគ្រី ស្រុកជល់គិរី ។
លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា សកម្មភាពបង្ក្រាបបទល្មើសនេសាទដាក់របាំងស្បៃមុង ធ្វើឡើងកាលពីថ្ងៃទី០៨ ខែវិច្ឆិកា គឺដឹកនាំកម្លាំងដោយលោកប្រាក់ លាងហួរ អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានចុះបង្ក្រាបបទល្មើសនេសាទ ដែលប្រើឧបករណ៍របាំងស្បៃមុងខុសច្បាប់ នៅចំណុចគោកទន្សាយ ចំណុចភ្នំដង និងចំណុចបឹងក្លែងក្រួច ក្នុងភូមិព្រៃគ្រីជើងនិងភូមិកោះថ្កូវ ក្នុងភូមិសាស្ត្រឃុំព្រៃគ្រីស្រុកជល់គីរី ។
កម្លាំងសមត្ថកិច្ចចម្រុះដែលបានចុះធ្វើសកម្មភាពបង្ក្រាបបទល្មេងនេសាទនាថ្ងៃនោះ មានចំនួន ១៩នាក់ប្រើប្រាស់កាណូតបាឡាស្មាច់៥គ្រឿង ។ ជាលទ្ធផលនៃការបង្ក្រាបគឺបង្ក្រាបរបាំងស្បៃមុង១២កន្លែង ស្មើនឹងជាង៦០០ម៉ែត្រ លបលូស្បៃមុង១២ មាត់បង្គោល២៥០ដើម និងចាក់លែងត្រីចម្រុះចូលទន្លេវិញចំនួន ជាង៥០ គីឡូក្រាម ។
សូមបញ្ជាក់ដែរថា ការចុះបង្ក្រាបបទល្មើសនេសាទនាថ្ងៃនោះ ពុំមានចាប់បានជនល្មើសណាម្នាក់មកផ្ដន្ទាទោសតាមច្បាប់នោះទេ ។
ចែករំលែកព័តមាននេះ