ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ចម្លាក់​ព្រះ​នារាយណ៍​ផ្ទំ មាន​អត្ថន័យ​បែប​ណា?

1 ឆ្នាំ មុន
  • ភ្នំពេញ

​ព្រះ​នារាយណ៍​ជា​អាទិទេព​មួយ​ក្នុង​ចំណោម​អាទិទេព ធំ​ៗ​ទាំង​បី​នៃ​ព្រហ្មញ្ញសាសនា ដែល​ជា​អាទិទេព​តំណាង​ឲ្យ​ការ​ថែរក្សា​លោក ។ នៅ​ក្នុង​បរិបទ​សង្គម​ខ្មែរ គេ​ច្រើន​និយម​ឆ្លាក់​រូប​ព្រះ​នារាយណ៍​ជា​ទម្រង់​ឈរ និង​ផ្ទំ​ចាប់តាំងពី​សម័យ​

រាជធានី​ភ្នំពេញ ​៖ ​ព្រះ​នារាយណ៍​ជា​អាទិទេព​មួយ​ក្នុង​ចំណោម​អាទិទេព ធំ​ៗ​ទាំង​បី​នៃ​ព្រហ្មញ្ញសាសនា ដែល​ជា​អាទិទេព​តំណាង​ឲ្យ​ការ​ថែរក្សា​លោក ។ នៅ​ក្នុង​បរិបទ​សង្គម​ខ្មែរ គេ​ច្រើន​និយម​ឆ្លាក់​រូប​ព្រះ​នារាយណ៍​ជា​ទម្រង់​ឈរ និង​ផ្ទំ​ចាប់តាំងពី​សម័យ​មុន​អង្គរ​រហូត​ដល់​ចុង​សម័យ​អង្គរ ។

ជំនឿ​ក្នុង​ការ​ឆ្លាក់​រូប​ព្រះ​នារាយណ៍​ផ្ទំ អ្នកស្រុក​បាន​ឆ្លាក់​ជា​ប្រភេទ​ចម្លាក់​ទោល ​(​ធ្វើ​ពី​សំរឹទ្ធិ ថ្មភក់​) និង​នៅ​តាម​គ្រឿង​លំអ​ស្ថាបត្យកម្ម​របស់​ប្រាសាទ​ដូច​ជា​៖ ផ្តែរ ហោជាង សសរ​ផ្អោប និង​ចម្លាក់​ត្រ​ឡោ​ត​លើ​ជញ្ជាំង ។

បើ​តាម​ឯកសារ​សារមន្ទី​ជាតិ ព្រះ​នារាយណ៍​ផ្ទំ​លើ​នាគ​អនន្ត គឺជា​ការ​ផ្ទំ​ដើម្បី​រង់ចាំ​ការ​បង្កើត​លោក​ថ្មី ។ តាម​គម្ពីរ​ជា​ច្រើន​របស់​ឥណ្ឌា បាន​និទាន​តំណាល​ថា​៖ ព្រះ​នារាយណ៍​ផ្ទំ​នៅ​ចន្លោះ​ពេល​ហៅ​ថា «​អន្តរកប្ប​» ដោយ​ផ្ទំ​នៅ​លើ​នាគ​អនន្ត ដែល​មិន​ចេះ​ស្លាប់​អណ្តែត​លើ​ផ្ទៃសមុទ្រ ។ ពេល​ព្រះ​អង្គ​តើន​ឡើង​ក៏​បាន​សម្តែងឫទ្ធិ បង្កើត​ជីវិត​នានា រួម​មាន​ព្រះព្រហ្ម​គង់​លើ​ផ្កាឈូក​ជា​អាទិទេព​តំណាង​ឲ្យ​ការ​បង្កើត​លោក ផុស​ចេញពី​ផ្ចិត​របស់​ព្រះ​អង្គ ។

វត្តមាន​របស់​បដិមា និង​ផ្តែរ​ព្រះ​នារាយណ៍​ផ្ទំ​កំពុង​ដាក់​តាំង​បង្ហាញ​នៅ​សារមន្ទីរ​ជាតិ​កម្ពុជា តាំងពី​ថែវ​សម័យ​មុន​អង្គរ រហូត​ដល់​ថែវ​សម័យ​អង្គរ ។ ផ្តែរ​ចម្លាក់​ព្រះ​នារាយណ៍​ផ្ទំ​មួយ​នេះ​ស្ថិត​នៅ​ក្នុង​រចនាបថ​ព្រៃ​ក្មេង នា​ពាក់កណ្តាល​សតវត្ស​ទី​៧ សម័យ​មុន​អង្គរ​មាន​ប្រភព​មក​ពី​ទួល​អង្គ​ក្នុង​ខេត្តកំពង់ស្ពឺ ។

ផ្តែរ​នេះ​ឆ្លាក់​ជា​ចម្លាក់​ត្រ​ឡោ​ត ធ្វើ​ពី​ថ្មភក់ មាន​តុបតែង​នូវ​ក្បាច់លម្អ​រាង​ទឹក រលក​ៗ​នៅ​ពី​ផ្នែក​ខាងក្រោយ​នៃ​រូប​ព្រះ​នារាយណ៍ ដែល​មាន​កាយវិការ​ផ្ទំ​លើ​នាគ​ក្បាល​ប្រាំពីរ ។ ព្រះ​អង្គ​ពាក់មួក​បំពង់​មាន​ព្រះ​ហស្ត​បួន ព្រះ​ហស្ត​ឆ្វេង​លើ​ទ្រ​ព្រះ​កេស ចំណែក​ព្រះ​ហស្ត​ក្រោម​ដាក់​ស្រប​នឹង​ក្បាល​នាគ ចំណែក​ព្រះ​ហស្ត​ស្តាំ​ខាងក្រោម​ដាក់​ស្រប​លើ​ដងខ្លួន​នាគ​ក្នុង​ឥរិយាបថ​ផ្ទំ រីឯ​ព្រះ​ហស្ត​ស្តាំ​ខាងលើ​កាន់​ទង​ផ្កាឈូក ដែល​មាន​ព្រះព្រហ្ម​ដុះ​ចេញពី​ផ្ចិត​របស់​ព្រះ​អង្គ​ក្នុង​អត្ថន័យ​មួយ​នៃ​ការ​បង្កើត​លោក ព្រមទាំង​មាន​ក្បាច់​ស្លឹកឈើ និង​សត្វ​ម្ករ​នៅ​សង្ខាង ។

ផ្តែរ​នេះ​ត្រូវ​បាន​ដឹក​មក​សារមន្ទីរ​ជាតិ ក្នុង​ឆ្នាំ​១៩៤៤ ហើយ​សព្វថ្ងៃ​កំពុង​ដាក់​តាំង​បង្ហាញ​នៅ​ថែវ​សម័យ​មុន​អង្គរ​ជាប់​សួនច្បារ​ខាងក្នុង ៕ ដោយ ៖ ស​.​ភ​.​រ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ